វ៉ាស៊ីនតោន — ជនអន្តោប្រវេសន៍ចិនម្នាក់កំពុងប្រឈមនឹងបទចោទប្រកាន់គ្រឿងញៀន បន្ទាប់ពីការចុះឆែកឆេរដាច់ដោយឡែកពីគ្នាចំនួនពីរករណីនៅរដ្ឋ New Mexico សហរដ្ឋអាមេរិក បានរកឃើញប្រតិបត្តិការផលិតកញ្ឆា និងបណ្តាញកសិដ្ឋានដាំដុះកញ្ឆាលួចលាក់មួយ និងបានរកឃើញជនអន្តោប្រវេសន៍ចិនជាច្រើននាក់ កំពុងធ្វើការនៅកន្លែងដែលមានស្តុកកញ្ឆារាប់តោន។
កម្មករមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងការចុះឆែកឆេរ កាលពីខែតុលា និងខែវិច្ឆិកា គឺមកពីតំបន់ក្រុង Los Angeles ក្រុង Chicago និងកន្លែងដទៃទៀត។ ពួកគេបានឆ្លើយតបទៅនឹងការផ្សាយពាណិជ្ជកម្មមួយ ដែលស្វែងរកកម្លាំងពលកម្មសម្រាប់បំពេញការងារកសិកម្ម។
វត្តមានរបស់ពួកគេនៅក្នុងវិស័យផលិតកញ្ឆា ដែលកំពុងតែរីកចម្រើនបង្ហាញពីអ្វីដែលកើតមាននៅពេលដែលការងារដែលជារឿយៗជាការងាររបស់ពលករចំណូលថ្មីបានបាត់បង់ ក្នុងអំឡុងពេលរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ការណ៍នេះបង្កជាស្ថានភាពអំណោយផល សម្រាប់ការកេងប្រវ័ញ្ចដោយអ្នកជ្រើសរើសមនុស្សយកមកធ្វើការងារ និងនិយោជក។
កម្មករចិនម្នាក់បានប្រាប់គេហទំព័រសារព័ត៌មានផ្នែកស៊ើបអង្កេត Searchlight New Mexico ថា៖ «គ្រប់គ្នាបានបាត់បង់ការងារពីភោជនីយដ្ឋាន។ តើខ្ញុំអាចរកចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានយ៉ាងដូចម្តេចទៅ?»។
នៅក្នុងចំណោមកម្មករចិនរាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការចុះឆែកឆេរចំនួនពីរ មានតែជនឈ្មោះ Guoyun Liao ម្នាក់ប៉ុណ្ណោះ ដែលបានរងការចោទប្រកាន់មួយចំនួន។ បទចោទប្រកាន់ទាំងនេះកើតចេញពីការចុះឆែកឆេរ កាលពីថ្ងៃទី០៨ ខែតុលា នៅក្រុង Farmington រដ្ឋ New Mexico។ បទចោទប្រកាន់ប្រឆាំងនឹងកម្មករដទៃទៀត ត្រូវបានទម្លាក់ចោល។
យោងតាមឯកសារតុលាការដែល VOA បានពិនិត្យ បទចោទប្រកាន់ដែលត្រូវបានកត់ត្រាទុកភ្លាមៗ បន្ទាប់ពីការចុះឆែកឆេរទាំងនោះ រួមមានដូចជាការជួញដូរសារធាតុរឹតត្បិត និងបទឃុបឃិតក្នុងការចែកចាយសារធាតុរឹតត្បិត។ សន្និសីទសារព័ត៌មានមុនសវនាការត្រូវបានកំណត់ឡើង នៅថ្ងៃទី១៩ ខែមេសា នៅតុលាការសាលាដំបូង Farmington/Aztec។
មេធាវីរបស់លោក Liao មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយពី VOA នោះទេ។
ការចុះឆែកឆេរនៅរដ្ឋ New Mexico
ដោយចាត់វិធានការឆ្លើយតបទៅនឹងតម្រុយមួយដែលផ្ដល់ឲ្យអាជ្ញាធរបានចុះឆែកឆេរផ្ទះសំណាក់មួយនៅក្រុង Farmington រដ្ឋ New Mexico កាលពីថ្ងៃទី០៨ ខែតុលា។ ប្លាស្ទិកក្រាស់ពណ៌ខ្មៅត្រូវបានដាក់គ្របលើឥដ្ឋក្នុងបន្ទប់ចំនួនបី ដោយទំនងដូចជាមានកញ្ឆារៀបដាក់ពីលើ។ នេះបើយោងតាមសារព័ត៌មាន Albuquerque Journal។
អាជ្ញាធរបានរកឃើញកញ្ឆារៀបហាលនៅលើផ្ទាំងបា្លស្ទិកនៅក្នុងបន្ទប់ចំនួនបួនផ្សេងទៀត ហើយថង់សំរាមធំៗចំនួនជាង ២៥ មានដាក់កញ្ឆា។ ការធ្វើតេស្តដោយក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វាជាកញ្ឆាពិតប្រាកដមែន។ នេះបើយោងតាមឯកសារតុលាការ។
អាជ្ញាធរបានរឹបអូសកញ្ឆានោះ ហើយពួកគេបានចាប់ខ្លួនកម្មករចិនចំនួន ១៧ នាក់។ កម្មករម្នាក់ៗមានក្រដាសស្នាមបង្ហាញថា ពួកគេមានសិទ្ធិធ្វើការនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងចំណោមពួកគេ គឺមានអ្នកស្រី Wei Wen ដែលមានស្រុកកំណើតនៅខេត្ត Guangxi ប្រទេសចិន។ ការងាររបស់អ្នកស្រីជា អ្នកម៉ាស្សា និងអ្នកមើលថែមនុស្សចាស់ជរាបានបាត់បង់ នៅពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅតំបន់ក្រុង Los Angeles រដ្ឋ California។
ដោយត្រូវការការងារ អ្នកស្រីបានឆ្លើយតបនឹងការផ្សាយពាណិជ្ជកម្មស្វែងរកកម្មករនៅលើកម្មវិធីផ្ញើសារ WeChat ដែលមានប្រជាប្រិយភាពនៅក្នុងចំណោមជនអន្ដោប្រវេសន៍ចិន។ ការផ្សាយពាណិជ្ជកម្មនោះសន្យាថា នឹងផ្តល់ប្រាក់ឈ្នួល ២០ ដុល្លារក្នុងមួយម៉ោង សម្រាប់ការងារ ១០ ម៉ោងក្នុងមួយថ្ងៃ។
អ្នកស្រី Wei បាននិយាយថា៖ «តើនរណាដែលមិនចង់ទៅធ្វើការងារនោះ?»។
អ្នកស្រី និងកម្មករដទៃទៀតដែលបាននិយាយជាមួយ VOA ភាសាចិន បានថ្លែងថា ពួកគេមិនស្គាល់ច្បាស់ពីកញ្ឆានោះទេ ហើយក៏មិនដឹងថា ការងារនៅក្នុងផ្នែកដាំដំណាំនេះអាចនាំឲ្យមានការចាប់ខ្លួននោះដែរ។
អ្នកស្រី Wei បាននិយាយថា៖ «ខ្ញុំអាយុជិត ៦០ ឆ្នាំហើយ។ នេះជាលើកដំបូងដែលខ្ញុំជាប់ខ្នោះ។ ប្រសិនបើសាច់ញាតិរបស់ខ្ញុំនៅស្រុកចិនដឹងរឿងនេះ ខ្ញុំមិនដឹងថា ពួកគេនឹងគិតអ្វីទេ»។
កាលពីខែវិច្ឆិកា អាជ្ញាធរសហព័ន្ធអាជ្ញាធរថ្នាក់រដ្ឋ និងអាជ្ញាធរកុលសម្ព័ន្ធបានដឹកនាំការចុះឆែកឆេរមិនពាក់ព័ន្ធគ្នាមួយទៅលើកសិដ្ឋានមួយ ដែលត្រូវបានសង្ស័យថា មានដំណាំកញ្ឆាខុសច្បាប់នៅក្រុង Shiprock រដ្ឋ New Mexico។ ចន្លោះថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា អាជ្ញាធរបានរកឃើញកញ្ឆាខុសច្បាប់ប្រហែល ៣០ តោន នៅក្នុងកសិដ្ឋានចំនួន ២១។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យរដ្ឋអាជ្ញានៅរដ្ឋ New Mexico។
អាជ្ញាធរក៏បានរកឃើញជនអន្តោប្រវេសន៍ចិនពលរដ្ឋអាមេរិកាំងដើមកំណើតចិន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិចិនមួយចំនួនផងដែរ ដែលទាំងអស់នេះធ្វើការនៅលើដីជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធជនជាតិដើមអាមេរិកាំង Navajo Nation។
កម្មករចិនបានធ្វើការនៅក្នុងកសិដ្ឋានដែលត្រូវបានចាត់ទុកថាជាកសិដ្ឋានដាំដុះដំណាំ Hemp ដែលដំណាំប្រភេទនេះ ត្រូវបានយកទៅផលិតជាផលិតផលជំនួយសុខភាព ដែលគេអាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជានោះ។ ដំណាំ Hemp គឺមានសណ្ឋាន និងក្លិនដូចកញ្ឆា ប៉ុន្តែមានផ្ទុកសារធាតុ Tetrahydrocannabinol (THC) តិចតួចប៉ុណ្ណោះ ដែលសារធាតុនេះធ្វើឲ្យអ្នកប្រើប្រាស់កញ្ឆាមានអារម្មណ៍ល្អ។
ប៉ុន្តែអាជ្ញាធរបានសង្ស័យនិងបានរកឃើញដំណាំកញ្ឆាខុសច្បាប់នៅបង្កប់ក្រោមដំណាំនេះ។ ការចុះឆែកឆេរនេះ «បានរកឃើញភស្តុតាងកញ្ឆាចំនួន ៣០ តោន»។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍នោះ។
លោក Kyle W. Williamson ទីភ្នាក់ងារពិសេសទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្រុង El Paso បាននិយាយថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការពីអាជ្ញាធរមូលដ្ឋាន បណ្ដាដៃគូ អាជ្ញាធរសហព័ន្ធ កុលសម្ព័ន្ធ និងអាជ្ញាធរថ្នាក់រដ្ឋ យើងត្រូវបញ្ឈប់ប្រតិបត្តិការដាំកញ្ឆាក្នុងទ្រង់ទ្រាយធំ ដែលត្រូវបានធ្វើឡើងក្រោមការបិទបាំងនៃដំណាំ Hemp»។
លោកបានបន្តថា៖ «អ្នកដែលគ្រប់គ្រងលើដំណាំកញ្ឆានេះគឺធ្វើដោយមិនគិតពីច្បាប់កុលសម្ព័ន្ធ និងសុខុមាលភាពនៃសមាជិកកុលសម្ព័ន្ធនិងធនធានធម្មជាតិរបស់កុលសម្ព័ន្ធ Navajo Nation ទេ»។
ការប្រើប្រាស់ដី
កសិដ្ឋានដំណាំ Hemp គឺជាប្រភពនៃភាពតានតឹងនៅក្នុងតំបន់ ពីព្រោះដំណាំទាំងនេះត្រូវបានដាំនៅលើដីដែលត្រូវការដើម្បីដាំពោត ដែលជាដំណាំស្បៀងសម្រាប់កុលសម្ព័ន្ធ Navajo Nation។
កម្មករបានប្រាប់អាជ្ញាធរថា ពួកគេត្រូវដេកនៅលើឥដ្ឋផ្ទះកញ្ចក់ ដោយទទួលទានមីកញ្ចប់ និងធ្វើការរយៈពេល ១២ ម៉ោង ប្រាំថ្ងៃក្នុងមួយសប្តាហ៍។ កម្មករភាគច្រើនអាចនិយាយភាសាអង់គ្លេសបានបន្ដិចបន្ដួចតែប៉ុណ្ណោះ។ ហើយមួយចំនួនក៏បាននិយាយថា ពួកគេមិនទាន់បានប្រាក់ឈ្នួលនៅឡើយទេ។
អគ្គរដ្ឋអាជ្ញាតំណាងឲ្យតំបន់ Navajo Reservation បានចោទប្រកាន់លោក Dineh Benally ដែលជាម្ចាស់កសិដ្ឋាន ពីបទប្រតិបត្តិការកសិដ្ឋានកញ្ឆាខុសច្បាប់។ លោក Benally ដែលជាអតីតប្រធានក្រុមប្រឹក្សាកសិដ្ឋាន Navajo Farm បានរត់គេចខ្លួន ចាប់តាំងពីការចុះឆែកឆេរកាលពីខែវិច្ឆិកាមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។ លោក និងមេធាវីការពារក្តីរបស់លោក បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទេ។
អ្នកស្រី Lynn Sanchez នាយិកាគ្រប់គ្រងកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅក្រុង Albuquerque បានប្រាប់គេហទំព័រសារព័ត៌មាន Searchlight New Mexico ថា កម្មករស្ថិតក្នុងសភាព «ស្បែកដណ្តប់ឆ្អឹង។ ពួកគេត្រូវជាប់នៅក្នុងកសិដ្ឋានដោយមិនមានផ្លូវចេញនោះទេ។ ពួកគេមិនចេះនិយាយភាសាអង់គ្លេសទេ។ ពួកគេមិនដឹងថា អ្វីបានកើតឡើង ឬអ្វីត្រូវធ្វើនោះទេ»។
អ្នកស្រី Sanchez បានប្រាប់ VOA ថា៖ «អ្នកទាំងនោះមិនមែនជាឧក្រិដ្ឋជននោះទេ។ ពួកគេជាជនរងគ្រោះពីការជួញដូរមនុស្ស»។ អ្នកស្រីបានបន្តថា ទោះបីជាអ្នកស្រីពណ៌នាកម្មករទាំងនោះជាជនរងគ្រោះពីការជួញដូរមនុស្សក៏ដោយ ប៉ុន្តែអ្វីដែលបានកើតឡើងមកលើពួកគេ គឺមិនបានបំពេញនូវលក្ខខណ្ឌដែលស្មើនឹងការដាក់ពាក្យចោទប្រកាន់ជាផ្លូវការពីការជួញដូរមនុស្សនោះទេ។
អ្នកស្រីបានលើកឡើងថា ធាតុសំខាន់មួយនៃការជួញដូរមនុស្សគឺការឆបោក និងការបង្ខិតបង្ខំ។ ប្រសិនបើត្រូវបានចោទសួរកម្មករទាំងនោះប្រហែលនឹងឆ្លើយថា «ត្រូវហើយ» ហើយពួកគេអាចចាកចេញបាន។ ប៉ុន្តែដោយសារតែការកាត់ផ្តាច់ផ្នែកភូមិសាស្រ្ត អ្នកស្រីបាននិយាយថា «មិនមានផ្លូវដែលពួកគេអាចចាកចេញបានទេ» ដោយបន្តថា កម្មករត្រូវបានបង្ខំដោយប្រយោលឲ្យស្នាក់នៅកន្លែងធ្វើការ។
អាជ្ញាធរបានបញ្ជូនកម្មករចិនជាង ៣០ នាក់ ទៅវិទ្យាល័យ Shiprock ជាទីដែលអ្នកស្រី Sanchez រង់ចាំដើម្បីផ្តល់ជំនួយ។
អ្នកស្រីបានថ្លែងថា៖ «ពិតណាស់ ពួកគេមានអារម្មណ៍ថាភ័យខ្លាច»។
អ្នកស្រីបានបន្តថា៖ «ពួកគេមួយចំនួនបានស្រក់ទឹកភ្នែក» ដោយបន្ថែមថា កម្មករមួយចំនួនបានបង្ហាញភស្តុតាងថា ពួកគេមានបណ្ណធ្វើការ។
អ្នកស្រី Sanchez និងសហការីបានបញ្ជូនក្រុមកម្មករទៅសណ្ឋាគារមួយនៅក្រុង Farmington ជាទីដែលកម្មករមួយចំនួនទៀតបានមកដល់នៅពេលល្ងាច។
នៅថ្ងៃបន្ទាប់ បុគ្គលិកមជ្ឈមណ្ឌលដោះស្រាយវិបត្តិគ្រួសារប្រចាំក្រុង Farmington ដែលផ្តល់សេវាកម្មជំនួយដល់សមាជិកគ្រួសារ ដែលគេចពីអំពើហិង្សាក្នុងគ្រួសារ បាននាំកម្មករទៅទិញខោអាវរងា។
អ្នកស្រី Sanchez បានផ្តល់ឲ្យពួកគេនូវកាតឥណទានដើម្បីឲ្យពួកគេអាចចំណាយសម្រាប់ធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេនៅក្រុង Los Angeles ក្រុង Chicago ក្រុង New York និងកន្លែងដទៃទៀតបាន។
អ្នកស្រី Sanchez បានទទួលដំណឹងពីការចុះឆែកឆេរ កាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅពេលអ្នកស្រីបានទាក់ទងអ្នកស្រី Nicole Hall ជំនួយការមេធាវីការពារក្តីសាធារណៈដែលបានដឹងពីស្ថានភាពរបស់កម្មករចិន ក្នុងអំឡុងពេលការប្រជុំមួយជាមួយនឹងក្រុមសហការី។
អ្នកស្រី Hall ដែលមិនបានតំណាងឲ្យកម្មករណាម្នាក់ បានប្រាប់ VOA ថា៖ «ខ្ញុំគ្រាន់តែដឹងថា នេះជារឿងខុសមួយ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវជាប់ពន្ធនាគារនោះទេ»។
បទចោទប្រកាន់ផ្សេងៗ
មួយថ្ងៃមុនបុណ្យរំឭកគុណ Thanksgiving ចៅក្រមបានទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងកម្មករចំនួន ១៦ នាក់ពាក់ព័ន្ធនឹងការចុះឆែកឆេរនៅក្រុង Farmington។
លោក Liao នៅតែប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការចុះឆែកឆេររបស់អាជ្ញាធរនៅក្រុង Farmington។ លោកបានចុះឈ្មោះកក់បន្ទប់ចំនួន ១៩ នៅផ្ទះសំណាក់។ នេះបើយោងតាមឯកសារតុលាការដែលសារព័ត៌មាន Albuquerque Journal ទទួលបាន។
អ្នកស្រី Sanchez ដែលត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញនៅក្នុងការកំណត់និងជួយជនរងគ្រោះពីការជួញដូរមនុស្ស បាននិយាយថា៖ «អ្វីដែលយើងដឹងអំពីការជួញដូរមនុស្សគឺ ពួកមេខ្លោង «មិនទុកតឹកតាងហិរញ្ញវត្ថុដែលផ្សារភ្ជាប់ពួកគេទៅនឹងសកម្មភាពខុសច្បាប់នោះទេ»។
អ្នកស្រី Sanchez បាននិយាយថា អាជ្ញាធរតែងតែរកជនរត់ការនៅពីក្រោយ ដោយបន្ថែមថា លោក Liao «គឺគ្រាន់តែជាមនុស្សម្នាក់ដែលពួកមេខ្លោងប្រើឲ្យទៅកក់បន្ទប់ប៉ុណ្ណោះ»។
អ្នកស្រី Hall មេធាវីការពារក្តីសាធារណៈបាននិយាយថា៖ «ពួកគេ (តុលាការ) គួរយល់ថា គាត់គ្រាន់តែស្តាប់បញ្ជាប៉ុណ្ណោះ ត្រូវទេ? គាត់ត្រូវបានប្រាប់ឲ្យកក់បន្ទប់សណ្ឋាគារ»។
ប៉ុន្តែអ្នកស្រីបានប្រាប់ VOA ថា ពីព្រោះលោក Liao កំពុងប្រឈមនឹងបទចោទប្រកាន់ផ្សេងៗ ករណីនេះប្រហែលត្រូវឡើងសវនាការ។ អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា គណៈវិនិច្ឆ័យនៃតុលាការនឹងយល់ថា បុគ្គលនេះគឺជាជនរងគ្រោះ មិនមែនជាឧក្រិដ្ឋជននោះទេ»។
អ្នកស្រីបានប្រាប់ VOA ថា អ្នករើសមនុស្សមកធ្វើការមិនបានផ្តល់ឲ្យកម្មករនូវកិច្ចសន្យា និងមិនបានផ្ទៀងផ្ទាត់ថាតើការងារនេះស្របច្បាប់ឬក៏អត់ទេ។
តាមរយៈការឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះ អ្នកស្រី Sanchez បាននិយាយថា អ្នកស្រីបានរកឃើញថា ជាទូទៅ កម្មករទាំងនោះមិនបានដឹងនោះទេ ដូច្នេះពួកគេមិនសូវសកម្មនៅក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនទេ។ អ្នកស្រីបានបន្តថា កម្មករភាគច្រើនមិនសូវនិយាយពីតួនាទីរបស់ភ្នាក់ងារផ្តល់ការងារនោះទេ។
អ្នកស្រី Sanchez បានដាក់ពាក្យស្នើសុំសំណងជនរងគ្រោះសម្រាប់កម្មករចិនចំនួន ១៦ នាក់ ពីការចាប់ខ្លួនកាលពីខែតុលា ហើយ ៥ នាក់ទៀត ពីការចុះឆែកឆេរកាលពីខែវិច្ឆិកា។ កាលពីថ្ងៃទី៣០ ខែធ្នូ ការបង់ប្រាក់ពីមូលនិធិពិសេសមួយត្រូវបានអនុម័ត។
អ្នកស្រី Wei បាននិយាយថា៖ «យើងមិនអីទេនៅពេលឥឡូវនេះ។ យើងទទួលបានការបង់ថ្លៃសម្រាប់ការធ្វើដំណើរក៏ដូចជាថ្លៃឈ្នួលធ្វើការនៅកសិដ្ឋាន។ រដ្ឋ New Mexico គឺជារដ្ឋមួយល្អ។ រដ្ឋាភិបាលរដ្ឋ New Mexico គឺជាមនុស្សល្អម្នាក់។ យើងសូមអរគុណពួកគាត់»។ អ្នកស្រីបានប្រាប់ VOA ថា អ្នកស្រីបានចាប់ផ្តើមការងារជាអ្នកម៉ាស្សាកាលពីថ្ងៃទី០២ ខែមករា នៅរដ្ឋ Oklahoma ដែលមានវិស័យដាំកញ្ឆាកំពុងរីកចម្រើន។
អ្នកស្រី Wei បានបន្តថា៖ «ឥឡូវនេះ មនុស្សជាច្រើនបានចាប់ផ្តើមធ្វើការនៅក្នុងផ្ទះកញ្ចក់សារជាថ្មី។ ខ្ញុំបានហៅទូរសព្ទទៅពួកគេដើម្បីសួរព័ត៌មាន ប៉ុន្តែពួកគេមិនយកស្រ្តីនោះទេ ពីព្រោះយើងមិនមានកម្លាំងខ្លាំងគ្រប់គ្រាន់។ ពួកគេបង់ថ្លៃឈ្នួលពី ១៣០ ទៅ ១៥០ ដុល្លារក្នុងមួយថ្ងៃ។ ខ្ញុំមានកម្លាំងខ្លាំង ប៉ុន្តែមេការមិនចង់បានស្រ្តីទេ។ ប៉ុន្តែខ្ញុំឮថា នៅខែកុម្ភៈ ឬខែមីនា នឹងមានការងារដូចជាការងារស្រោចទឹក និងបណ្ដុះគ្រាប់ពូជជាដើម»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា