អូស្ត្រាលីនឹងផ្គត់ផ្គង់រថពាសដែកម៉ាក Boxer ផលិតនៅ ទីក្រុង Brisbane ចំនួន១០០ គ្រឿងដល់ប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៥ តទៅ។
កិច្ចព្រមព្រៀងនេះមានតម្លៃ៦៦១លានដុល្លារ ហើយត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា។ ក្រុមអ្នកវិភាគបាននិយាយថា រថពាសដែកវាយប្រហារធុនធ្ងន់ម៉ាក Boxer ដែលបំពាក់ដោយកាណុងកាំភ្លើង មានកេរ្តិ៍ឈ្មោះសម្រាប់ភាពងាយស្រួលចល័ត កម្លាំងបាញ់ខ្លាំង និងការការពារទល់នឹងការបំផ្ទុះដោយសារមានតួយានមាំ និងកង់មានប្រអប់ការពារ។ យានវាយប្រហារដែលផលិតដោយអូស្ត្រាលីនឹងត្រូវប្រើជំនួសរថពាសដែកបំពាក់អាវុធធុនធ្ងន់ដែលមានវ័យចំណាស់តាមកងអនុសេនាតូចរបស់កងទ័ពអាល្លឺម៉ង់។
ក្រុមហ៊ុនកិច្ចសន្យាផ្នែកការពារជាតិអាល្លឺម៉ង់ឈ្មោះ Rheinmetall បានចាប់ផ្តើមផលិតរថពាសដែក Boxer Combat Reconnaissance នៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី តាំងពីខែមីនា។ ក្រុមហ៊ុននេះមានកិច្ចសន្យាផ្គត់ផ្គង់រថពាសដែកជាង២០០ គ្រឿងដល់យោធាអូស្ត្រាលី។
ការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបាននាំឲ្យបណ្តាប្រទេសនៅអឺរ៉ុបបំពេញបន្ថែមយុទ្ធោបករណ៍ ដែលជាការផ្តល់ឱកាសឱ្យអូស្ត្រាលីនាំចេញបច្ចេកវិទ្យាយោធារបស់អាល្លឺម៉ង់ត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី៩ ខែកក្កដា ថា វាគឺជាកិច្ចព្រមព្រៀងអាវុធជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់លោក។
លោកថ្លែងថា៖ «កិច្ចព្រមព្រៀងនេះនឹងក្លាយជាការនាំចេញដ៏ធំបំផុតមួយដែលមិនធ្លាប់មានរបស់យើង។ (វា) នឹងធានាថាការងារ ចំនួន១.០០០ ដែលមាននៅក្នុងរដ្ឋ Queensland នឹងដំណើរការរហូតទៅដល់អនាគត ហើយនឹងមានទឹកប្រាក់លើសពី១ពាន់លានដុល្លារអូស្រ្តាលីសម្រាប់សេដ្ឋកិច្ចអូស្ត្រាលី។ វានឹងជំរុញអធិបតេយ្យភាពរបស់យើង បង្កើនសមត្ថភាពការពារជាតិរបស់យើង និងជំរុញសេដ្ឋកិច្ចរបស់យើង»។
លោក Albanese ក៏បានជួបអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃទី១០ ខែកក្កដា ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អូស្ត្រាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនមែនសមាជិកអង្គការអូតង់ដែលបានបរិច្ចាគដ៏ធំបំផុតដល់ទីក្រុងកៀវក្នុងការខិតខំប្រឹងប្រែងធ្វើសង្គ្រាម។ ថ្មីៗនេះ ទីក្រុងកង់បេរ៉ា (Canberra) បានអនុម័តបន្ថែមជំនួយយោធាចំនួន៧៣,៣លានដុល្លារជាជំនួយដល់អ៊ុយក្រែន។
កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jason Clare បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខណៈពេលដែលមានការរិះគន់ថា ជំនួយរបស់អូស្ត្រាលីក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ គឺមិនគ្រប់គ្រាន់នោះទេ រដ្ឋាភិបាលទីក្រុងកង់បេរ៉ាបានបង្ហាញថា ការគាំទ្រនឹងមានច្រើនទៀត ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយក៏ដោយ។
លោក Albanese ក៏បានជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins ក្នុងដំណើររបស់លោកទៅកាន់អឺរ៉ុបផងដែរដោយ រួមមានជាមួយនឹងមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់កាលពីសប្តាហ៍មុនផងដែរ៕
ប្រែសម្រួលដោយ លោក ម៉ែន គឹមសេង
អូស្ត្រាលីយល់ព្រមលើកិច្ចព្រមព្រៀងការពារជាតិយ៉ាងធំជាប្រវត្តិសាស្ត្រជាមួយអាល្លឺម៉ង់
- Phil Mercer
ក្រុង Sydney ប្រទេសអូស្តា្រលី —