អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យបានជំរុញឲ្យប្រទេសមីយ៉ាន់ម៉ាធានាដល់សុវត្ថិភាពនៃការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេដោយសារប្រតិបត្តិការយោធា។ ការអំពាវនាវនេះធ្លាប់ធ្វើឡើងកាលពីជាងពីរឆ្នាំមុននៅចំពោះមុខអ្នកស្រី អង់សាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសរបស់អ្នកស្រីបានបង្ក្រាបទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេហ៍ក្នុងទីក្រុងបាងកក ជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អង់សាន ស៊ូជី នៅក្នុងបន្ទប់ប្រជុំ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា លោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
អំពើហិង្សានៅក្នុងរដ្ឋ Rakhine កាលពីឆ្នាំ២០១៧ បានបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែន៤ម៉ឺននាក់រត់ភៀសខ្លួន ដែលភាគច្រើនរត់ទៅជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសដែលសម្បូរទៅដោយមនុស្សម្នាច្រើនកុះករ។ អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានប្រដូចហេតុការណ៍នេះទៅលើអំពើប្រល័យពូជសាសន៍។
ប្រទេសមីយ៉ាន់ម៉ាមិនទទួលស្គាល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាថាជាពលរដ្ឋរបស់ខ្លួននោះទេ។
ប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនស្វាគមន៍ចំពោះការវិលត្រឡប់របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាណាដែលយល់ព្រមទទួលយកស្ថានភាពទាបជាងអ្នកមានសញ្ជាតិពេញលេញ និងយល់ព្រមរស់នៅក្រោមការយាមកាមយ៉ាងតឹងរ៉ឹង បន្ទាប់ពីភូមិឋានរបស់ពួកគេត្រូវបានដុតបំផ្លាញក្លាយជាផេះផង់ហើយនោះ៕