មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី ជួបប្រជុំជាមួយមេដឹកនាំសភាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងរៀបចំដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសមីយ៉ាន់ម៉ា។
កម្មវិធីជំនួបរបស់លោកស្រី អង់សាន ស៊ូជី នៅថ្ងៃព្រហស្បតិ៍នេះ មានដូចជា កិច្ចពិភាក្សាជាមួយលោកស្រី Nancy Pelosi ប្រធានគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា និងលោក Mitch McConnell ប្រធានគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា ក៏ដូចជាការចូលរួមពិសារអាហារពេលល្ងាចដែលរៀបចំឡើងដោយក្រុមមេដឹកនាំពាណិជ្ជកម្មផ្សេងៗ និងការចូលរួមនៅក្នុងកម្មវិធីសំណួរចម្លើយជាមួយសិស្សនៅឯវិទ្យាល័យមួយកន្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
លោកស្រី អង់សាន ស៊ូជី ក៏គ្រោងនឹងបញ្ចុះបញ្ចូលសមាជិកសំខាន់ៗនៃរដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកថា នេះជាពេលដ៏ល្អត្រឹមត្រូវក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសលោកស្រី។
បន្ទាប់ពីជំនួបពិសារអាហារពេលព្រឹកកាលពីថ្ងៃពុធម្សិលមិញជាមួយក្រុមមេដឹកនាំសភាមួយចំនួននៅឯគេហដ្ឋានរបស់លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លោក Bob Corker ដែលជាប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋដ៏មានឥទ្ធិពលមួយរូបបានបញ្ជាក់ថា៖ «ខណៈពេលដែលយើងសរសើរដល់កិច្ចការរបស់លោកស្រី អង់សាន ស៊ូជី ដែលបានធ្វើកន្លងមកក្នុងការធានាឲ្យមានការផ្លាស់ប្ដូរតាមបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំពេលខ្លះមានការអន់ចិត្តចំពោះប្រតិកម្មរបស់លោកស្រីចំពោះបញ្ហាជួញដូរមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសរសើរដល់ «ការផ្លាស់ប្ដូរសង្គម និងនយោបាយដ៏គួរឲ្យកត់សម្គាល់» របស់ប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលលោកបានផ្ដល់សញ្ញាណកាលពីថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកត្រៀមរួចជាស្រេចក្នុងការដកទណ្ឌកម្មចេញពីប្រទេសមីយ៉ាន់ម៉ានៅក្នុងពេលឆាប់ៗនេះ។
កាលពីមុន លោកបានផ្ញើលិខិតមួយច្បាប់ទៅសភា ដោយនៅក្នុងលិខិតនោះ លោកបានសរសេរថា រដ្ឋបាលរបស់លោកកំពុងត្រៀមភ្ជាប់ទំនាក់ទំនងផលប្រយោជន៍ផ្នែកពាណិជ្ជកម្មឡើងវិញជាមួយប្រទេសមីយ៉ាន់ម៉ា ដែលបានផ្អាកអស់រយៈពេលច្រើនជាងពីរទសវត្សរ៍កន្លងមកនេះ ដោយសារតែមានការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រី អង់សាន ស៊ូជី បានថ្លែងអំណរគុណដល់លោក អូបាម៉ា ចំពោះការដែលលោកបានទៅ ធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងបង្អស់។ លោកស្រីក៏បានថ្លែងអំណរគុណដល់សភាអាមេរិក ដែលបានដាក់សម្ពាធដល់ប្រទេសមីយ៉ាន់ម៉ាឲ្យពង្រឹងនូវការគោរពសិទ្ធមនុស្ស ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ពេលវេលាសម្រាប់សហរដ្ឋអាមេរិកក្នុងការដកទណ្ឌកម្មទាំងអស់ចេញពីប្រទេសមីយ៉ាន់ម៉ាគឺមកដល់ហើយ៕