ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុំព្យូទ័រ​ជាច្រើន​គ្រឿង​ត្រូវ​បាន​​ចែក​ជូន​និស្សិត​កាមេរូន​ដោយ​ឥត​គិតថ្លៃ


លោក​Jacques Fame Ndongo រដ្ឋមន្រ្តី​ក្រសួងអប់រំ​ឧត្តមសិក្សា​ប្រទេសកាមេរូន​ ប្រគល់​កុំព្យូទ័រ​យួរដៃ​ជូននិស្សិតនារី​ ក្នុងរដ្ឋ​ធានីយុនដេ​ ប្រទេស​កាមេរូន ។ រូបថត​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ​២០១៧។ (M. Kindzeka/VOA)
លោក​Jacques Fame Ndongo រដ្ឋមន្រ្តី​ក្រសួងអប់រំ​ឧត្តមសិក្សា​ប្រទេសកាមេរូន​ ប្រគល់​កុំព្យូទ័រ​យួរដៃ​ជូននិស្សិតនារី​ ក្នុងរដ្ឋ​ធានីយុនដេ​ ប្រទេស​កាមេរូន ។ រូបថត​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ​២០១៧។ (M. Kindzeka/VOA)

ប្រទេស​កាមេរូន​បាន​ចាប់ផ្តើម​ចែក​កុំព្យូទ័រ​ជាច្រើន​គ្រឿង​ដល់និស្សិត​ ដែល​ការណ៍​នេះត្រូវ​​រដ្ឋាភិបាល​ហៅថា​ធ្វើឡើង​ដើម្បីបង្កើន​ការអប់រំ​ និង​ការសិក្សា​ស្រាវជ្រាវ។ ​សម្ភារ​កុំព្យូទ័រ​បរិច្ចាគ​ទាំងនេះ​ជាអំណោយ​របស់លោក​ Paul Biya ដែល​ជាប្រធានាធិបតី​កាន់អំណាច​យូរឆ្នាំជាង​គេមួយ​ក្នុង​ពិភពលោក និង​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែប៉ុណ្ណោះ​មុនការបោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​ ដែលការណ៍នេះ​ក៏បានបង្កឲ្យ​មានការរិះគន់​ផ្សេងៗ​ដែរ។

និស្សិត​រាប់ពាន់នាក់​បាន​ឈរជាជួរ​និងច្រៀង​ក្នុង​បរិវេណសាកល​វិទ្យាល័យ​យុនដេ​ ២ (University of Yaounde​ Two) ក្នុងតំបន់​ Soa ចម្ងាយ​១៥គ.ម.​ពីរដ្ឋធានី​ប្រទេសកាមេរូន​ ដើម្បី​ទទួលកុំព្យូទ័រ​យួរដៃ​ដោយ​ឥតគិតថ្លៃ។ លោក Eric Ambe មាន​អាយុ ២១ឆ្នាំ​និង​ជា​និស្សិត​ឆ្នាំទី២​សិក្សាផ្នែក​ច្បាប់​ដែល​មាន​វត្តមាន​ចំណោម​និស្សិត​ទាំងនោះ​ បាន​និយាយ​ថា​ ពេលនេះ​លោក​អាចធ្វើ​ការស្រាវជ្រាវ​តាមប្រព័ន្ធ​ អ៊ីនធឺណិត​ហើយ។ និស្សិតម្នាក់​នេះបានបន្ថែម​ថា​ លោក​មិន​មានលទ្ធភាព​រកប្រាក់​១៥០ដុល្លារ​ដើម្បីទិញ​កុំព្យូទ័រ​យួរដៃ​មួយទឹក​ដែល​មាន​លក់នៅ​ក្បែរ​សាកលវិទ្យាល័យ​ឡើយ។

លោក​ Eric Ambe បាន​ថ្លែង​ថា៖ «ពួកយើង​សប្បាយចិត្តណាស់​ពីព្រោះ​កុំព្យូទ័រ​នឹងជួយឲ្យ​ពួកយើង​ងាយស្រួល​ក្នុង​ការ​សិក្សា​ ហើយវា​ក៏​ជួយពួក​យើង​ក្នុង​ការ​ត្រៀម​ខ្លួន​សិក្សាមុខវិជ្ជា​ផ្សេងៗ​ទៀត​បាន​ល្អ​ផង​ដែរ។ ពេលមាន​កុំព្យូទ័រ​ យុវជន​អាច​សិក្សា​ស្រាវ​ជ្រាវបាន​ល្អ»។

លោក​សាស្រ្តាចារ្យ​ Jacques Fame Ndongo ដែល​ជារដ្ឋមន្រ្តី​ក្រសួង​អប់រំ​ឧត្តមសិក្សា​ គឺជា​អ្នកដែល​ប្រគល់​ជូនកុំព្យូទ័រ​យួរដៃ​ដោយ​ផ្ទាល់។ លោក​បាននិយាយថា​ និស្សិត​ទាំងអស់​នៃ​សាកល​វិទ្យាល័យនេះ​នឹងទទួល​បាន​អត្ថ​ប្រយោជន៍​ពីអំណោយ​របស់​លោកប្រធានាធិបតី​ Paul Biya ដែល​ជាបុគ្គល​ជួយ​និស្សិតវ័យក្មេង​ឲ្យ​ចូលរួមក្នុង​សេដ្ឋកិច្ច​ឌីជីថល​សម័យ​កាលទំនើបនេះ។

លោក​សាស្រ្តាចារ្យ​ Jacques Fame Ndongoបាន​និយាយថា៖«និស្សិត​ម្នាក់ៗ​សប្បាយចិត្ត​ខ្លាំង​ណាស់​ពីព្រោះ​ពួកគេ​បាន​ទទួល​អំណោយ​ដ៏​អស្ចារ្យ​ពី​ឪពុក​របស់​ពួកគេ​ ដែល​ជា​ប្រមុខរដ្ឋ​ និង​ស្រឡាញ់​ពួកគេ​ ហើយ​ដឹងថា​ពួកគេ​ទាំងអស់នេះ​គឺជា​អនាគត​នៃប្រជាជន​ និង​ប្រទេសជាតិ​ជាទីស្រឡាញ់​របស់​យើង។ សហគមន៍​សាកលវិទ្យាល័យ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ Paul Biya ចំពោះ​ការបរិច្ចាគ​នេះ​ផង​ដែរ»។

កុំព្យូទ័រ​យួរដៃ​ចំនួន៨ម៉ឺន​គ្រឿង​ត្រូវ​បាន​គេ​ធ្វើការ​ចែក​ជូន​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ដែល​លោកប្រធានាធិបតី​ធ្លាប់​បាន​សន្យា​ថា​នឹង​ប្រគល់​ជូន​ចំនួន៥សែន​គ្រឿង​កា​លពីឆ្នាំ​២០១៦។ រដ្ឋាភិបាល​បាន​សន្យា​ថានឹងចែក​ជូនគ្រប់​ចំនួន​ទាំងអស់​ដល់​និស្សិត​ឲ្យ​បាន​ត្រឹម​ខែ​មេសា​ឆ្នាំ​២០១៨។

កុំព្យូទ័រ​ទាំងអស់​នោះ​ ផលិតនៅ​ទីក្រុងShenzhen ក្នុង​ខេត្ត Guangdong ប្រទេស​ចិន​ និង​មានបិទ​ស្លាកយីហោ​អក្សរកាត់​ PB HEV តំណាងឲ្យ​ឈ្មោះ​ប្រធានាធិបតី​ Paul Biya និងឃ្លាថា​ ចក្ខុវិស័យ​ឧត្តម​សិក្សា។

ប៉ុន្តែ​បើយើង​ក្រឡេក​មកមើល​ក្នុងហាង​ជួសជុល​កុំព្យូទ័រ​នៅតំបន់​ Bonamoussadi ដែល​ជាតំបន់​សម្បូរ​និស្សិត​ស្នាក់នៅ​វិញ យើងឃើញ​មាននិស្សិត​ចំនួន៣រូប​បាន​លក់​កុំព្យូទ័រ​យួរ​ដៃ​ទាំងនោះ​បាត់ទៅ​ហើយ​ ដោយពួក​គេ​រអ៊ូរទាំ​ថា​កុំព្យូទ័រ​ទាំងអស់នោះ​គុណភាព​មិនល្អ​ទេ។ ជាងជួសជុល​កុំព្យូទ័រផ្នែក​ hardware ឈ្មោះ​Pius Ayeneh បាន​និយាយថា​អ្វី​ដែល​កុំព្យូទ័រ​យួរ​ដៃ​នេះ​រំខាន​ដល់អ្នក​ប្រើប្រាស់​នោះ​គឺ វា​ដើរ​យឺត​ខ្លាំង‍»។

លោក Pius Ayeneh ​បាន​ថ្លែង​ថា​៖ «ផ្នែក​ hard drive របស់​កុំព្យូទ័រ​ហ្នឹងគឺ​តូចខ្លាំង​ពេក។ សមត្ថភាព​វាអាច​ផ្ទុក​បាន​ត្រឹមតែ​៣២Gigabyte​ ប៉ុណ្ណោះ។ ល្បឿន​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ (processing speed) វិញគឺ​ត្រឹមតែ​១,៤៤Gigahertz។ ប្រសិន​បើអ្នក​តម្លើង​កម្មវិធី​ Microsoft Office និង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងទៀត​ នោះ​អ្នក​នឹង​មិនអាច​ដំណើរការក​ម្មវិធី​ផ្សេងៗ​បាន​នោះ​ទេ»។

រដ្ឋាភិបាល​បានប្រកាស​ឲ្យដឹង​ពី​ប្រាក់​កម្ចី​ជាង១៣៣លាន​ដុល្លារ​ពី​ប្រទេស​ចិន​ដើម្បី​យក​ទៅ​ទិញ​កុំព្យូទ័រ​ទាំងអស់​នោះ។ រដ្ឋាភិបាល​ក៏បាន​បញ្ជាក់​ថា ​កុំព្យូទ័រមួយ​គ្រឿង​មាន​តម្លៃ​ប្រហែល​៥៥០ដុល្លារ​ ហើយ​រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកា​ដែល​នៅ​សេស​សល់​នៃ​ប្រាក់កម្ចី​នោះ​ទៅ​ប្រើប្រាស់​ក្នុង​ការបណ្តុះបណ្តាល​គ្រូបង្ហាត់​ជំនាញ​ព័ត៌មាន​វិទ្យា។

ប៉ុន្តែ​គណបក្ស​នយោបាយ​ប្រឆាំងបាន​និយាយថា​ ប្រាក់កម្ចី​នោះ​គួរត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​បង្កើត​រោងចក្រ​តម្លើង​កុំព្យូទ័រ​ក្នុង​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​កណ្តាល​មួយ​នេះ​វិញ។ គណបក្ស​រណសិរ្ស​ប្រជាធិបតេយ្យ​សង្គមនិយម​(SDF) ដែល​ជាគណបក្ស​ប្រឆាំងដ៏​ធំមួយ​ បាននិយាយ​ថា លោក​ Biya កំពុង​ប្រើប្រាស់​កុំព្យូទ័រ​ជា​ឧបករណ៍​ឃោសនា​មុនការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នាខែកញ្ញា​ ឆ្នាំ២០១៨​ខាងមុខ​នេះ។

គណបក្ស​ SDF បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ ហ្គំប៊ី​ បាន​វិនិយោគ​ទឹកប្រាក់​៧,៥លាន​ដុល្លារ​ដើម្បី​ផ្តើម​បង្កើតរោងចក្រ​តម្លើង​បច្ចេកវិទ្យា​ ហើយ​ប្រទេស​កេនយ៉ា​ក៏​មាន​រោងចក្រ​បែប​ហ្នឹង​មួយ​ផង​ដែរ។

អ្នកនាំ​ពាក្យរដ្ឋាភិបាល​ប្រទេសកាមេរូន​ លោក​ Issa Tchiroma បាននិយាយ​ថា​ទឹកប្រាក់​វិនិយោគ​១៣៣លាន​ដុល្លារ​ក្នុងគម្រោង​កុំព្យូទ័រ​នេះ​ រួមមាន​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​ក្នុង​ល្បឿន​លឿន​ដល់​សាកលវិទ្យាល័យ​និងគ្រឹះស្ថាន​ឧត្តមសិក្សា​ទាំងអស់។ លោក​បាន​បដិសេធ​និង​អះអាង​ថា ព័ត៌មាន​ដែល​ថា​លោក Biya កំពុង​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ​ថា​ជា​ឧបករណ៍​ឃោសនា​នោះ គឺ​ជា​ការយល់​ឃើញ​ខុស​មួយ។

លោក​Issa Tchiroma បាន​ថ្លែង​ថា​៖ «គម្រោង​នេះ​ គឺជា​លទ្ធផល​នៃ​គំនិតផ្តួចផ្តើម​របស់​ប្រមុខ​រដ្ឋ​សម្រាប់និស្សិត​កាមេរូន​ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ និង​ដើម្បី​បង្កើត​ជា​គន្លឹះ​ចិត្តសាស្រ្ត​សម្រាប់​និស្សិត​ទាំងនោះ​ចូល​ទៅ​ក្នុង​ពិភព​ឌីជីថល​»។

ប្រទេស​កាមេរូន​នឹងរៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ និង​ប្រធានាធិបតី​ក្នុង​ខែ​កញ្ញា​ ឆ្នាំ២០១៨។ ស្របពេលនេះ​ដែរមាន​ការ​ស្នើ​សុំ​ចេញ​ពី​ក្នុង​ជួរ​គណបក្ស​ចលនាប្រជាធិបតេយ្យ​ប្រជាជន​កាមេរូន​ (Cameroon People's Democratic Movement) ដឹកនាំ​ប្រទេស​របស់​លោក Biya ឲ្យ​លោក​ឈរ​ឈ្មោះ​ជាបេក្ខភាព​ម្តង​ទៀត។ លោក​ Biya គឺជា​មេដឹកនាំមួយ​ក្នុងចំណោម​មេដឹកនាំ​កាន់អំណាច​យូរឆ្នាំ​ជាង​គេ​ក្នុងពិភពលោក​ លោក​កាន់​តំណែង​ជាប្រធានាធិបតី​អស់រយៈពេល​៣៥ឆ្នាំ​មក​ហើយ៕

ប្រែ​សម្រួលដោយ​ កោះ សុគន្ធី​

XS
SM
MD
LG