កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីបារាំង Francois Hollande បានប្តេជ្ញាថា នឹងកម្ទេច «កងទ័ពនៃពួកនិយមសាសនាហួសហេតុ» ដែលបានធ្វើការវាយប្រហារភេរវកម្មដ៏ប្រល័យក្នុងខែនេះក្នុងក្រុងប៉ារីស នៅពេលលោកធ្វើជាអធិបតីនៃពិធីជាតិមួយដើម្បីរំឮកដល់វិញ្ញាណក្ខន្ធនៃក្រុមជនរងគ្រោះដោយសារការវាយប្រហារទាំងនោះ។
ពិធីរំឭកនេះដែលបានប្រព្រឹត្តទៅនៅក្នុងវិមានជាតិ Invalides នៃក្រុងប៉ារីសបានចាប់ផ្តើមជាមួយការអានដោយស្រងូតស្រងាត់នូវឈ្មោះមនុស្ស១៣០នាក់ដែលបានស្លាប់ក្នុងការវាយប្រហារទាំងនោះដែលបានត្រូវអះអាងថាជាការទទួលខុសត្រូវរបស់ក្រុមរដ្ឋឥស្លាម។
អស់រយៈពេលពីរសប្តាហ៍មកហើយដែលពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមមួយក្រុមបានធ្វើការវាយប្រហារនៅក្នុងក្រុងប៉ារីសដោយបានបំផ្ទុះអាវកាក់មានគ្រឿងផ្ទុះសម្រាប់ធ្វើអត្តឃាត និងបានបាញ់កាំភ្លើងទៅលើក្រុមជនរងគ្រោះស្លូតត្រង់ នៅក្នុងកន្លែងមួយចំនួនដោយរួមមានទាំងសាលប្រគុំតន្ត្រីមួយដែលមានមនុស្សពេញផងដែរ។
លោក Hollande បានមានប្រសាសន៍ថា «នៅថ្ងៃនេះប្រទេសជាតិទាំងមូលកាន់ទុក្ខសម្រាប់ក្រុមជនរងគ្រោះដែលមាន១៣០ឈ្មោះ ជីវិតមនុស្ស១៣០នាក់ដែលបានត្រូវសម្លាប់ វាសនា១៣០ដែលបានត្រូវដណ្តើមយក សំណើចរបស់មនុស្ស១៣០នាក់ដែលនឹងមិនឮទៀតទេ និងសំឡេង១៣០ដែលនឹងមិននិយាយទៀតទេ»។
ពិធីនេះមានការចូលរួមពីសំណាក់ក្រុមមេដឹកនាំបារាំងជាន់ខ្ពស់ឯទៀតៗ និងគ្រួសារនៃពួកជនរងគ្រោះ ព្រមទាំងជនរាប់រយនាក់ទៀតដែលបានត្រូវរបួសនៅក្នុងអ្វីដែលជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រទេសបារាំង។
នៅក្នុងសុន្ទរកថារបស់លោក លោក Hollande បានគូសបញ្ជាក់អំពីសារៈសំខាន់នៃឯកភាព ដោយលោកបានមានប្រសាសន៍ថា ប្រទេសបារាំងនឹង
«មិនមានភាពភ័យខ្លាច ឬភាពស្អប់ខ្ពើមទេ»។ ក៏ប៉ុន្តែលោកបានសន្យាថា នឹងយកជ័យជម្នះលើក្រុមរដ្ឋឥស្លាម ដែលលោកបានមានប្រសាសន៍ថា ត្រូវបានជំរុញដោយ «បុព្វហេតុឆ្កួតលីលាមួយ» និងថា «ក្រុមនេះក្បត់អាទិទេពរបស់ពួកគេ»។
នៅក្នុងអាទិត្យនេះ មេដឹកនាំបារាំងរូបនេះបានបញ្ចប់ដំណើរទស្សនកិច្ចខាងការទូតមួយនៅក្នុងការប៉ុនប៉ងមួយដើម្បីស្ថាបនាកងកម្លាំងអន្តរជាតិមួយតឹងរ៉ឹងជាងមុនដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ដែលត្រួតត្រាតំបន់ដ៏ធំនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី៕