ភ្លើងឆេះនៅសណ្ឋាគារកម្ពស់១២ជាន់នៅឯរមណីយដ្ឋានស្គីទឹកកកនៅភាគនីរតីប្រទេសតួកគីកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៦នាក់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី។
លោក Ali Yerlikaya បានថ្លែងថាមនុស្សយ៉ាងហោចណាស់៥១នាក់បានរងរបួសក្នុងមហន្តរាយនេះដែលបានឆេះនៅសណ្ឋាគារ Grand Kartal នៃរមណីដ្ឋាន Kartalkaya នៅតំបន់ភ្នំ Koroglu ក្នុងខេត្ត Bolu ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងអ៊ីស្តង់ប៊ុល។ ភ្លើងឆេះនេះកើតឡើងក្នុងអំឡុងពេលសាលារៀនឈប់សម្រាក នៅពេលដែលសណ្ឋាគារក្នុងតំបន់នោះពោរពេញទៅដោយអ្នកស្នាក់នៅ។
សណ្ឋាគារនេះមានភ្ញៀវក្នុងបញ្ជី២៣៨នាក់។ ភ្លើងឆេះត្រូវបានរាយការណ៍នៅម៉ោង៣:២៧នាទីព្រឹក ហើយរថយន្តពន្លត់អគ្គីភ័យបានទៅដល់ម៉ោង៤:១៥នាទីព្រឹក។
រដ្ឋាភិបាលចាត់តាំងរដ្ឋអាជ្ញា៦នាក់ដឹកនាំការស៊ើបអង្កេតលើករណីភ្លើងឆេះនេះ ដែលគេជឿថាចាប់ផ្តើមពីផ្នែកភោជនីយដ្ឋានក្នុងសណ្ឋាគារនេះ៕
វេទិកាបញ្ចេញមតិ