ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានរិះគន់អ្វីដែលលោកបានហៅកាលពីថ្ងៃពុធថា ជាផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងការ «ធ្វើឲ្យរាលដាលសង្គ្រាម» នៅហ្កាហ្សាទៅដល់តំបន់។
លោក Netanyahu បាននិយាយថា «ដំណាក់កាលតានតឹង» នៃការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស់នៅហ្កាហ្សា នឹងចប់ឆាប់ៗ ហើយកងកម្លាំងអ៊ីស្រាអែល នឹងត្រូវដាក់បញ្ជូនទៅកាន់ព្រំដែនភាគខាងជើងឡើងវិញ ដែលនៅទីនោះ អ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បានបាញ់គ្នាទៅវិញទៅមករាប់ខែមកហើយ។ លោក Netanyahu បានហៅការប្តូរទិសនេះថាជាការការពារខ្លួន។
មន្ត្រីអាមេរិកបានសម្តែងការជំទាស់របស់ខ្លួនក្នុងសប្តាហ៍នេះ ដោយព្រមានអ៊ីស្រាអែលថា វិធានការនោះ អាចធ្វើឲ្យជម្លោះរីករាលដាល។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ថា ការរីករាលជម្លោះរវាងអ៊ីស្រាអែលនិងក្រុម Hezbollah អាចបង្កឲ្យមានសង្គ្រាមតំបន់។ លោក Austin បានជំរុញឲ្យមានដំណោះស្រាយការទូត ពេលលោកជួបពិភាក្សាជាមួយលោក Gallant កាលពីថ្ងៃអង្គារ។
មុនជួបជាមួយលោក Austin លោក Gallant និយាយថា៖ «យើងកំពុងធ្វើការយ៉ាងដិតដល់ជាមួយគ្នាដើម្បីសម្រេចកិច្ចព្រមព្រៀងមួយ តែយើងក៏បានពិភាក្សាដែរនូវការត្រៀមខ្លួនគ្រប់សេណារីយ៉ោដែលអាចទៅរួច» ។
កងទ័ពអ៊ីស្រាអែល និយាយនៅសប្តាហ៍មុនថាខ្លួនមានផែនការ «អនុម័តនិងផ្តល់សុពលភាព» ដល់ការប្រយុទ្ធប្រឆាំងក្រុម Hezbollah៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ