ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​ហោច​ណាស់​៤៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាក់​ដី​នៅ​ប្រទេស​ជប៉ុន


រូបឯកសារ៖ ផ្ទះ​ដែល​ខូច​ខាត​​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​​ជំនន់​ទឹក​ភ្លៀង​ នៅ​ស្រុក Haki នៃ​តំបន់​ Fukuoka ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ ផ្ទះ​ដែល​ខូច​ខាត​​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​​ជំនន់​ទឹក​ភ្លៀង​ នៅ​ស្រុក Haki នៃ​តំបន់​ Fukuoka ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០១៧។

មនុស្ស​យ៉ាង​ហោច​ណាស់៤៩​នាក់បាន​ស្លាប់​ ហើយ​ជាង​៤៧​នាក់​ទៀត​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ភាគនារតី​នៃ​ប្រទេស​ជប៉ុន​ ពីព្រោះ​តែ​ការ​បាក់​ដី​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ​នេះ​យោង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​សាធារណៈ​ជប៉ុន NHK។

ទីភ្នាក់​ងារ​ព័ត៌មាន​នោះ​ក៏​បាន​រាយការណ៍​ដែរ​ថា ​មនុស្សជាង​១​លាន​៦​សែន​នាក់ ​បាន​ត្រូវ​បង្ខំ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន។

ទីភ្នាក់​ងារ​អគ្គិភ័យ​និង​ការ​រៀប​ចំ​គ្រោះ​មហន្តរាយ​របស់​ជប៉ុន ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ពួក​អ្នក​ស្រុក​៣​លាន​១​សែន​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ចាក​ចេញ។

​នៅ​ពេល​ដែល​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​លិច​និង​កណ្តាល​ជប៉ុន ​ទីភ្នាក់​ងារ​ឧត្តុនិយម​ជប៉ុន​បាន​ចេញ​ការ​ព្រមានពីការ​ធ្លាក់​ភ្លៀង ​ការ​បាក់​ដី​និង​ការ​ឡើង​កម្ពស់​ទឹក​ទន្លេ​យ៉ាង​ខ្លាំង​នៅ​ផ្នែក​នានានៅ​លើ​កោះ Honshu​ ដែល​ជា​កោះ​ដ៏​សំខាន់​មួយ។

សេវា​ផ្នេក​អាកាស​ធាតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ទឹក​ភ្លៀង​ជាង​៥៨​សង់​ទីម៉ែត្រ​បាន​ធ្លាក់​ចុះ​នៅ​ទីក្រុង ​Motoyama ​ដែល​ជា​ទី​ក្រុង​មួយ​នៅ​លើ​កោះ​ Shikoku ​ភាគ​ខាង​ត្បូង​ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដែល​បាន​បញ្ចប់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

ទីភ្នាក់​ងារ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ប្រព័ន្ធ​អាកាស​ធាតុ​បាន​ត្រូវ​គេ​ដាក់​នៅ​ចន្លោះ​តំបន់​ភាគ​ខាង​លិច​និង​ខាង​កើត​នៃ​ប្រទេស​ជប៉ុន​ហើយ​ថា​ ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ត្រូវ គេ​រំពឹង​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ។

លោក​ Yoshihide Suga​ ប្រធាន​គណៈ​រដ្ឋ​មន្រ្តី​ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ពួកអ្នក​ពន្លត់​អគ្គិភ័យ ​មន្រ្តី​ប៉ូលិស​និង​កង​កម្លាំង​យោធា​ប្រហែល​៤ម៉ឺន​៨​ពាន់​នាក់​បាន​ធ្វើ​ការ​ឆ្លើយ​តប​ដល់​ការ​បាក់​ដីនិង​ស្ថាន​ភាពគ្រា​បន្ទាន់​រាប់​សិប​កន្លែង៕

XS
SM
MD
LG