ចំនួនអ្នកស្លាប់បន្តកើនឡើងនៅភាគនិរតីប្រទេសកូឡុំប៊ី បន្ទាប់ពីជំនន់ទឹកដ៏ធំដែលហូរមកពីទន្លេ ៣ បានហូរបោកបក់កាត់ទីក្រុងតូចមួយ នៅពេលដែលអ្នករស់នៅក្នុងទីក្រុងនោះកំពុងតែសម្រាន្តលង់លក់។ ទឹកជំនន់នេះបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា និងថែមទាំងបានធ្វើឲ្យមនុស្សជិត ២៥០ នាក់ ស្លាប់បាត់បង់ជីវិតទៀតផង។
ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បានធ្វើដំណើរទៅកាន់ទីក្រុង Mocoa ដែលជាទីក្រុងរងគ្រោះដោយសារទឹកជំនន់នេះ និងបានប្រកាសថា នេះជាស្ថានការណ៍មហន្តរាយសាធារណៈមួយ។ លោកបានសន្យាថា នឹងផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយនេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់សាច់ញាតិរបស់ខ្លួន ក៏ដូចជាជួយដល់ជនរងគ្រោះដែលបានបាត់បង់ផ្ទះសម្បែងរបស់ខ្លួនផងដែរ។ នេះជាស្ថានការណ៍ដែលធ្វើឲ្យខ្ញុំឈឺចាប់»។
ហេតុការណ៍នេះបានកើតឡើង ដោយសារតែព្យុះភ្លៀងដែលបានធ្លាក់យ៉ាងខ្លាំងជោកជាំ ក្នុងបរិមាណដ៏ច្រើននិងលឿនជាទីបំផុត កាលពីពាក់កណ្ដាលយប់ថ្ងៃសុក្រ និងឈានចូលព្រឹកថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងទីក្រុង Mocoa ដែលមានប្រជាជនប្រមាណ ៤ ម៉ឺននាក់រស់នៅ។ ទីក្រុងនេះស្ថិតនៅជិតព្រំដែនភាគខាងត្បូងប្រទេសជាប់នឹងប្រទេសអេក្វាទ័រ។
មន្ត្រីអង្គការកាកបាទក្រហមបាននិយាយថា មនុស្សចំនួន ៤ រយនាក់បានរងរបួសដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ ហើយយ៉ាងហោចណាស់ មនុស្ស ២ រយនាក់ផ្សេងទៀត បានបាត់ខ្លួន៕