នៅថ្ងៃចន្ទនេះ ពួកប៉ូលិសនិងមន្ត្រីមន្ទីរពេទ្យអ៊ីរ៉ាក់ បាននិយាយថាមានមនុស្សយ៉ាងតិចណាស់១៨នាក់បានស្លាប់ហើយមានមនុស្សប្រមាណ២៥នាក់ទៀតបានត្រូវរបួសនៅពេលអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះឡានដឹកទំនិញ មួយគ្រឿងមានផ្ទុកដោយគ្រឿងផ្ទុះនៅក្នុងតំបន់ផ្សារមួយមានមនុស្សកុះករក្នុងក្រុងបាកដាដ។
មនុស្សច្រើននាក់ដែលបានបាត់បង់ជីវិតជាពួកពលករធ្វើការនៅពេលថ្ងៃដែលរង់ចាំរកការងារធ្វើ។ គេរំពឹងថាចំនួនមនុស្សស្លាប់នឹងកើនឡើងថែមទៀត។
គ្មាននរណាម្នាក់ទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកនេះទេ ក៏ប៉ុន្តែក្រុមរដ្ឋឥស្លាមបានធ្វើការវាយប្រហារស្រដៀងគ្នានេះកាលពីពេលមុនៗ។
អ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះគ្រឿងផ្ទុះនៅក្នុងផ្សារលក់ផ្លែឈើនិងបន្លែក្នុងសង្កាត់ Sadr City នាប៉ែកខាងកើតនៃក្រុងបាកដាដដែលមានអ្នកស្រុកភាគច្រើនជាពួកអ្នកកាន់សាសនា Islam Shi'ite ដែលជាទីដៅនៃការវាយប្រហារច្រើនលើកមកហើយ៕