ប្រទេសចិន បន្តដាក់ឧបករណ៍យោធានៅក្នុងសមុទ្រដែលមានជម្លោះ។
តំបន់ការពារដែនអាកាសដែលបានប្រកាសដោយរដ្ឋាភិបាលក្រុងប៉េកាំង ឬការខំប្រឹងប្រែងណាមួយដើម្បីបញ្ឈប់ចរាចរណ៍កប៉ាល់ស៊ីវិល នឹងបង្កើនភាពគ្រោះថ្នាក់នៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះបន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពីព្រោះចំណាត់ការណាមួយអាចធ្វើឲ្យមានពិបាកដល់កិច្ចប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ។ នេះតាមការបញ្ជាក់របស់ក្រុមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ដែលតាមដានស្ថានភាពក្នុងតំបន់។
ប្រទេសទាមទារ ៥ទៀត ដែលមានយោធាទន់ខ្សោយបានក្រឡេកមើលដោយគ្មានការតវ៉ាធំដុំទេនៅពេលដែលចិនធ្វើការសាកល្បងយន្តហោះទម្លាក់គ្រាប់បែក ធ្វើសមយុទ្ធនាវានិងពិចារណាបង្កើតស្ថានីយថាមពលនុយក្លែអ៊ែនៅក្នុងសមុទ្រនេះដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការេ។ កាលពីសប្តាហ៍មុនបណ្តាញព័ត៌មានចិនបានរាយការណ៍ពីការសាកល្បងយន្តហោះចុះក្នុងសមុទ្រផលិតដោយប្រទេសចិនជាលើកដំបូងសម្រាប់ប្រើប្រាស់ក្នុងផ្ទៃទឹកមានជម្លោះនេះ។
លោក Alexander Huang ជាសាស្រ្តាចារ្យខាងការសិក្សាយុទ្ធសាស្រ្តនៅឯសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់និយាយថា រដ្ឋាភិបាលផ្សេងៗទៀតដូចជា ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម នឹងបង្កើនការតវ៉ាប្រឆាំងរបស់ខ្លួន ប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងប្រកាសតំបន់អត្តសញ្ញាណការពារដែនអាកាស ឬចាប់ផ្តើមបង្វែដោយបង្ខំការធ្វើចរាចរណ៍កប៉ាល់ឯកជនជាច្រើនដែលឆ្លងកាត់សមុទ្រនោះ។
លោកបាននិយាយទៀតថា៖ «ការណ៍នេះនឹងក្លាយជាការប្រឈមមុខដាក់គ្នាត្រង់ៗទៅនឹងគោលការណ៍នៃការធ្វើនាវាចរណ៍ដោយសេរី។ រហូតមកទល់ពេលនេះ គោលជំហររបស់ចិនគឺថា ខ្ញុំកំពុងត្រួតត្រាចំណុចជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែ ចិនមិនដែលឆាឆៅបង្អាក់សេរីភាពនៃការធ្វើនាវាចរណ៍ខាងយោធានិងស៊ីវិលទេរហូតមកទល់ពេលនេះ»។
ប្រទេសដែលប្រកួតប្រជែងទាមទារឥឡូវនេះបានអនុញ្ញាតិឲ្យប្រទេសមួយទៀតប្រើផ្ទៃសមុទ្រដរាបណាកប៉ាល់មកពីប្រទេសនោះបើកបញ្ចៀសប្រជុំកោះតូចៗដែលកាន់កាប់ដោយប្រទេសផ្សេងទៀត។ យន្តហោះពាណិជ្ជកម្មហោះកាត់សមុទ្រនោះ២៤ម៉ោង ហើយការដឹកជញ្ជូនតាមកប៉ាល់យ៉ាងហោចណាស់ក៏១ភាគ៣ដែររបស់ពិភពលោកបានកាត់តាមសមុទ្រនោះ ដែលរួមទាំងទូកនេសាទចំនួន១លាន៦សែនផង។
រដ្ឋាភិបាលក្រុងប៉េកាំងមិនបានប្រកាសតំបន់អត្តសញ្ញាណការពារដែនអាកាស(ADIZ) នៅសមុទ្រចិនខាងត្បូងទេ ក៏ប៉ុន្តែ ប្រទេសផ្សេងៗទៀតមានការព្រួយបារម្ភ ពីព្រោះតែកាលពីឆ្នាំ២០១៣ ចិនបានបង្កើតតំបន់នោះនៅក្នុងសមុទ្រចិនខាងកើតដែលមានជម្លោះ។ ចិនបាននិយាយថា ការប្រកាសនោះបានផ្តល់អំណាចឲ្យខ្លួនដើម្បីបង្វែចរា ចរណ៍ដែនអាកាសលើផ្លូវទឹកដែលបានទាមទារមួយផ្នែកដោយជប៉ុននិងកោះតៃវ៉ាន់ ក៏ប៉ុន្តែ ពួកអ្នកវិភាគនិយាយថា ចិនមិនបានអនុវត្តការហាមមិនឲ្យប្រទេសឯទៀតហោះហើរលើដែនអាកាសនៅសមុទ្រចិនខាងត្បូងនោះទេ។
លោកស្រី Yun Sun ជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់កម្មវិធីតំបន់អាស៊ីខាងកើតនៅឯអង្គការស្រាវជ្រាវ Stimsonក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា «ខ្ញុំគិតថា ចំណាត់ការដែលមនុស្សជឿថា នឹងក្លាយជារឿងសំខាន់នោះគឺ តំបន់អត្តសញ្ញាណការពារដែនអាកាស(ADIZ) សម្រាប់សមុទ្រចិនខាងត្បូង។ នៅពេលដែលតំបន់អត្តសញ្ញាណការពារដែនអាកាស (ADIZ) បានត្រូវប្រកាសជាលើកដំបូងសម្រាប់សមុទ្រចិនខាងកើត មនុស្សបានដេញតាមចិនដើម្បីសួរអំពីសំណួរនេះ»។
លោកស្រី Sunបាននិយាយទៀតថា ចិនអាចពន្យាពេលការបង្កើតតំបន់ការពារដែនអាកាសនៅសមុទ្រចិនខាងត្បូងរហូតទាល់ខ្លួនអាចបង្កើតតំបន់ការពារនេះបាន។ ភាពតានតឹងជាមួយសហរដ្ឋអាមេរិកដែលជារឿយៗនាវាបើកកាត់តាមសមុទ្រចិនខាងត្បូងដោយ ពោលអះអាងថា សេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួននោះ ក៏អាចធ្វើឲ្យចិនមានបំណងរក្សាផែនការតំបន់អត្តសញ្ញាណការពារដែនអាកាស (ADIZ)ដែរ។ មហាអំណាចទាំង២បានជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្ម។
លោក Huang និយាយថា តំបន់សមុទ្រចិនខាងកើតមានលក្ខណៈនយោបាយ និងនិមិត្តរូបច្រើនជាង។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារសមុទ្រចិនខាងត្បូងប្រហែល ៩០ភាគរយជារបស់ខ្លួន ដោយយោងលើកំណត់ត្រាប្រវត្តិសាស្រ្តដល់ការទាមទាររបស់ខ្លួន។ សមុទ្រនោះលាតសន្ធឹងពីកោះតៃវ៉ាន់ដល់ប្រទេសសិង្ហបូរី ដែលសម្បូរដោយត្រី ផ្លូវនាវាចរណ៍ប្រេងនិងឧស្ម័ន។
ចិនបានទាមទារដីនៅក្នុងប្រជុំកោះ Paracel និងSpratly ហើយបានបញ្ជូនអង្គភាពយោធាទៅកាន់ប្រជុំកោះសិប្បនិមិត្តខ្លះ ដែលទើបបានបង្កើតនៅពេលថ្មីៗនេះ។ ប្រទេសទាមទារផ្សេងទៀតបាននិយាយបន្តិចបន្តួចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលចិនបានបង្កើនការវិនិយោគទុន និងជំនួយសេដ្ឋកិច្ចដល់ប្រទេសជិតខាងរបស់ខ្លួន។ ចិននិងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលទាមទារសមុទ្រចិនខាងត្បូង កំពុងធ្វើការងារលើក្រមប្រតិបត្តិនៅឆ្នាំនេះដើម្បីលប់បំបាត់គ្រោះថ្នាក់ដោយចៃដន្យ។
ក្រុមអ្នកវិភាគបាននិយាយថា ចិនមានប្រព័ន្ធរ៉ាដានិងកងនាវាដើម្បីត្រួតពិនិត្យចលនារបស់កប៉ាល់ឯកជននៅក្នុងសមុទ្រមានជម្លោះ ក៏ប៉ុន្តែ ការរឹតត្បិតណាមួយបែបនេះ នឹងធ្វើឲ្យប្រទេសផ្សេងទៀតខឹងសម្បារដោយការធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលមកពីការនេសាទ ការដឹកជញ្ជូន និងការរុករកឧស្ម័ននៅក្រោមបាតសមុទ្រ។ ចិនមិនបានប្រកាសអំពីបញ្ហានេះទេ។
ការកើនឡើងនូវសកម្មភាពនាវាយោធាចិន អាចធ្វើឲ្យមានការរកាំចិត្តដល់ពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីន ឧទាហរណ៍ នៅពេលដែលលោក Rodrigo Duterte ប្រធានាធិប តីនៃប្រទេសមានការនេសាទដ៏ធំព្យាយាមធ្វើការជាមួយចិន ក៏ប៉ុន្តែ ប្រឈមការមន្ទិលសង្ស័យអំពីការពង្រីកដែនសមុទ្ររបស់ចិន។
លោកស្រី Maria Ela Atienza ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ Diliman នៃប្រទេសហ្វីលីពីន បាននិយាយថា៖ «ពួកគេកំពុងព្យាយាមធានារ៉ាប់រងសាធារណជនថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះ ហើយបញ្ហាមួយនៃបញ្ហានានាថាតើរដ្ឋាភិបាលដោះស្រាយជាមួយចិនយ៉ាងដូចម្តេច។ ពលរដ្ឋនឹងមានប្រតិបត្តិកម្មកាន់តែខ្លាំងឡើងនៅពេលដែលពួកគេឃើញកប៉ាល់យោធានៅក្នុងតំបន់ដែលមានជម្លោះនោះ»។
លោកAlan Chongជាសាស្រ្តាចារ្យរងនៅឯសាលា S. Rajaratnam សម្រាប់ការសិក្សាអន្តរជាតិក្នុងប្រទេសសឹង្ហបូរីបាននិយាយថា ចិនប្រហែលនឹងបញ្ចៀសចំណាត់ការថ្មីខាងយោធាដូចជា ការបញ្ជូនកងនាវាផ្ទុកយន្តហោះ បញ្ចៀសការ «ជំរុញសមាគមអាស៊ានចូលទៅក្នុងដៃរបស់សហរដ្ឋអាមេរិក»។ ប្រទេសប៊ុ្រយណេ ម៉ាឡេស៊ី វៀត ណាម និងប្រទេសហ្វីលីពីនស្ថិតនៅក្នុងសមាគមអាស៊ាន។
ក៏ប៉ុន្តែ លោក Chong បាននិយាយទៀតថា នាវានេសាទដែលមិនមែននាវានេសាទរបស់ចិន អាចប្រឈមការរំខានមកពីសមភាគីចិនឬមកពីកប៉ាល់រុករក និងជួយសង្គ្រោះដោយមានការគាំទ្រពីរដ្ឋាភិបាល។ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខ្លះ បានហៅកងនាវាទាំងនោះ ដែលកងនាវាខ្លះមានការគាំទ្រពីនាវាការដែនសមុទ្រថា «ជាកងជីវពល»។
លោក Chong បាននិយាយថា៖ «ក្រុមកប៉ាល់នេសាទ កប៉ាល់ផ្តល់ជំនួយមនុស្សធម៌ កប៉ាល់ទាំងនោះដែលកំពុងជំរុញការទាមទាររបស់ចិន។សកម្មភាពយោធាទាំងនោះកំពុងកើតមានឡើង ប៉ុន្តែ គេមិនអាចហៅថា សកម្មភាពយោធាទេ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន