ប្រទេសបារាំងដែលជាប្រធានក្រុមប្រទេស G7 ចង់ឲ្យក្រុមប្រទេសអ្នកមានបំផុតនៅក្នុងពិភពលោកនេះ បន្ថែមថវិកាទ្វេដងទៅក្នុងមូលនិធិសម្រាប់ការអប់រំស្រ្តីនៅក្នុងតំបន់ Sahel នៅឯសន្និសីទកំពូលក្នុងក្រុង Biarritz ប្រទេសបារាំងនៅខែក្រោយនេះ។ ការអំពាវនាវត្រូវបានធ្វើឡើង ខណៈក្រុមរដ្ឋមន្រ្តីបានបញ្ចប់កិច្ចប្រជុំក្នុងទីក្រុងប៉ារីស ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឱកាសអប់រំ និងការអភិវឌ្ឍសម្រាប់ស្រ្តី។
ថ្លែងនៅឯទីស្នាក់ការកណ្តាលអង្គការ UNESCO ក្នុងទីក្រុងប៉ារីស ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់បង្ហាញគម្រោងផ្តួចផ្តើមដើម្បីបង្កើនឱកាសក្នុងវិស័យអប់រំ និងសេដ្ឋកិច្ចដល់ស្រ្តី ដោយផ្តោតជាពិសេសទៅលើស្រ្តីក្នុងតំបន់ Sahel នៃទ្វីបអាហ្វ្រិក។
លោកប្រធានាធិបតី Macron បានថ្លែងក្នុងសម្តីដើមថា៖ «លោកសូមអំពាវនាវដល់សមាជិកនៃក្រុមប្រទេស G7 ឲ្យបន្ថែមថវិកាទេ្វដងទៅក្នុងមូលនិធិសម្រាប់ការអប់រំស្រ្តីនៅតំបន់ Sahel ប៉ុន្តែក៏ត្រូវធានាឲ្យបានថា មូលនិធិនេះត្រូវបានចំណាយដោយមានប្រសិទ្ធភាព និងអាចជួយផ្លាស់ប្តូរស្ថានភាពឲ្យប្រសើរឡើង»។
លោកប្រធានាធិបតី Macron បានថ្លែងបន្តទៀតថា៖ «ខ្ញុំសូមថ្កោលទោសលើជនណាដែលមិនព្រមឲ្យស្រ្តីទទួលបានការអប់រំ រួមទាំងហេតុផលសាសនាផងដែរ។ ការដាក់ស្រ្តីឲ្យនៅតែក្នុងផ្ទះគឺជាទម្រង់នៃទាសភាពសម័យទំនើប»។
លោកប្រធានាធិបតីបារាំងបានថ្លែងបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបាននាំក្រុមរដ្ឋមន្រ្តីអប់រំមកពីប្រទេសអ្នកមានបំផុតទាំង ៧នៅក្នុងពិភពលោកឲ្យជួបជុំគ្នានៅក្រោមប្រធានបទដ៏ទូលំទូលាយមួយ អំពីការប្រយុទ្ធប្រឆាំងនឹងវិសមភាព ដែលជាគោលដៅនៅក្នុងអាណត្តិជាប្រធានក្រុមប្រទេស G7 របស់ប្រទេសបារាំង។
លោកស្រី Azoulay អគ្គនាយកអង្គការ UNESCO បានថ្លែងថា៖ «នៅស្របពេលដែលសមភាពយេនឌ័រក្នុងវិស័យអប់រំកំពុងកើនឡើងនៅជុំវិញពិភពលោកនោះ តំបន់មួយចំនួនរួមទាំងតំបន់មានជម្លោះផងដែរនោះ មានការវិវត្តយឺតយ៉ាវ។ នៅតាមតំបន់ក្រីក្របំផុតមួយចំនួននៃតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិកមានក្មេងស្រីតែ ៣០នាក់ប៉ុណ្ណោះក្នុងចំណោមក្មេងប្រុស១០០នាក់ បានបញ្ចប់ថ្នាក់អនុវិទ្យាល័យនៅចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧»។
នាង Malala Yousafzai ជ័យលាភី Nobel សន្តិភាពនិងជាសកម្មជនសិទ្ធិមនុស្សប៉ាគីស្ថានក៏បានអំពាវនាវដល់សមាជិកនៃក្រុមប្រទេស G7 ឲ្យបង្កើនមូលនិធិទៅក្នុងគម្រោងអប់រំសម្រាប់ស្រ្តីនៅតាមប្រទេសកំពុងអភិវឌ្ឍន៍នានា ជាពិសេសនៅក្នុងទ្វីបអាហ្វ្រិក។
នាង Yousafzai បាននិយាយថា៖ «បច្ចុប្បន្ន គ្មានថវិកាគ្រប់គ្រាន់ដើម្បីបញ្ចប់វិបត្តិវិសមភាពនេះទេ។ ថវិកាជំនួយតែ ១០ភាគរយប៉ុណ្ណោះនៃក្រុមប្រទេស G7 បានទៅដល់ប្រទេសនានា ដែលស្រ្តីប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរ»។
នាងYousafzai បានថ្លែងបន្តទៀតថា ការអប់រំស្រ្តីអាចជួយបង្កើនថវិការហូតដល់ ៣០លានលានដុល្លារដល់សេដ្ឋកិច្ចសកលលោក និងបានជំរុញដល់ប្រទេសជាសមាជិកនៃក្រុម G7 ឲ្យធានាថា ស្រ្តីនៅទូទាំងពិភពលោកអាចចូលរៀននៅសាលាឲ្យបានយ៉ាងហោចណាស់ ១២ឆ្នាំ៕