សមាគមអាស៊ានទទូចឲ្យភាគីជម្លោះនៅសមុទ្រចិនខាងត្បូងបន្តដោះស្រាយបញ្ហានៅតំបន់នេះដោយសន្តិវិធី ហើយឈានទៅរកការតាក់តែងក្រមប្រតិបត្តិ COC។ ក្រុមមេដឹកនាំអាស៊ានមិនចង់ឃើញភាគីចិន និងអាស៊ានធ្វើឲ្យមានភាពតានតឹងក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលប្រទេសមួយចំនួនទាមទារជាកម្មសិទ្ធិនោះ។
ក្រុមមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានគ្រោងនឹងផ្តោតការយកចិត្តទុកដាក់រួមគ្នាមួយផ្នែកដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយអំពាវនាវឲ្យសមាជិករបស់ខ្លួនមួយចំនួន និងប្រទេសចិនដោះស្រាយបញ្ហាជម្លោះនេះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ដើម្បីឈានទៅរកការបង្កើតក្រមប្រតិបត្តិ COC មួយពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រចិន ដែលគេចាត់ទុកថា ជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់សន្តិសុខក្នុងតំបន់ដ៏ស្មុគស្មាញនោះ។
នៅក្នុងឯកសារអាស៊ានដែល VOA ទទួលបានមុនកិច្ចប្រជុំកំពូលលើកទី២៧នៅក្រុងកូឡាឡាំពួរនៅចុងខែវិច្ចិកានេះ ក្រុមមេដឹកនាំអាស៊ានបានជំរុញឲ្យសមាជិករបស់ខ្លួន និងចិនដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលត្រូវអានដោយប្រធានអាស៊ានគឺមេដឹកនាំម៉ាឡេស៊ីនៅថ្ងៃបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៥ខាងមុខ ហើយដែល VOA ទទួលបាននោះ បានបញ្ជាក់ថា៖
«អាស៊ានសូមបញ្ជាក់អំពីសារៈសំខាន់ចំពោះការដោះស្រាយដោយមធ្យោបាយសន្តិវិធីតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់សមុទ្ររបស់អ.ស.ប. UNCLOS ឆ្នាំ១៩៨២។ យើងសូមទទូចឲ្យគ្រប់ភាគីទាំងអស់អនុវត្តការទប់ស្កាត់ភាពតានតឹង ដែលនាំទៅរកសកម្មភាពណាមួយ ហើយជៀសវាងសកម្មភាពដែលអាចស្មុគស្មាញ ឬបង្កើនភាពតានតឹង»។
ប្រទេសហ៊្វីលីពីន ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ គឺជាសមាជិកសមាគមអាស៊ាន ដែលមានជម្លោះបូរណភាពដែនដីនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍លំដាប់លេខបីក្នុងពិភពលោកសម្រាប់ទំនិញ និងពាណិជ្ជកម្ម។ ភាពតានតឹង និងការទន្ទ្រានទៅវិញទៅមកបានកើតឡើង ដែលនាំឲ្យមានការបារម្ភខ្លាចមានការប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ ដោយសារចិនមិនអនុញ្ញាតឲ្យមានសេរីភាពនាវាចរណ៍ និងការនេសាទ ហើយចិនបានធ្វើកោះសប្បនិមិ្មតកន្លងមកដែលប្រទេសសមាជិកអាស៊ានចំនួន៤នេះមិនសប្បាយចិត្ត។
ប្រទេសអាស៊ាន១០ ដែលមានកម្ពុជាជាសមាជិកផង បានបញ្ជាក់ពីសារៈ សំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ការគោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មស្របច្បាប់ ដែលគ្មានការរារាំង សេរីភាពនាវាចរណ៍ និងការហោះហើរលើតំបន់សមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«អាស៊ានសូមគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សមាជិករដ្ឋរបស់អាស៊ាន ក្នុងការអនុវត្តដ៏ពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូងហៅកាត់ថា DOC ទាំងស្រុង ហើយនឹងការបញ្ជាក់អំពីតម្រូវការចាំបាច់សម្រាប់ការបង្កើតក្រមប្រតិបត្តិ COC ទាក់ទងនឹងសមុទ្រចិនខាងត្បូង»។
សេចក្តីព្រាង COC ដែល VOA ទទួលបានកាលពីខែសីហា បានឲ្យដឹងថា ប្រទេសអាស៊ាន និងចិនបានជំរុញមានការតាក់តែងសេចក្តីព្រាងក្រមប្រតិបត្តិ COC ឲ្យបានឆាប់ផ្អែកតាមសេចក្តីថ្លែងការណ៍ DOC ហើយក៏គ្រោងនឹងដាក់ជូនមេដឹកនាំអាស៊ាន និងប្រមុខរដ្ឋាភិបាលអាស៊ានពិនិត្យនៅខែវិច្ឆិកានេះ។
បើតាមការអះអាងរបស់លោក គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រវិញ បានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូងត្រូវការពេលវេលាដោះស្រាយ តែលោកបានផ្តល់សារៈសំខាន់ទៅលើការតាក់តែងក្រមប្រតិបត្តិ COC ទោះជា COC មិនមែនជាយន្តការបែងចែកដែនទឹកដល់ភាគីជម្លោះក្តី។
«គោលដៅសំខាន់របស់វាគឺធ្វើម៉េចកុំឲ្យមានជម្លោះ ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងបញ្ជៀសភាពតានតឹង និងអស្ថិរភាព ដែលអាចឈានដល់ការប៉ះទង្គិចគ្នា។ អញ្ចឹងហើយបានជា COC វាសំខាន់។ អញ្ចឹងវាជាប្រយោជន៍រួម សម្រាប់ចិន សម្រាប់អាស៊ាន ហើយនឹងដៃគូអន្តរជាតិផ្សេងទៀត រួមទាំងអាមេរិកផងដែរ»។
លោកបានអះអាងថា កម្ពុជាបានរួមចំណែកដល់ស្ថិរភាពតំបន់ជាច្រើនចាប់តាំងពីឆ្នាំ២០០២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំបូងបានសម្រេចតាក់តែងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង DOC ដែលក្រុមប្រទេសអាស៊ាន និងចិននៅតែយកជាគោលសម្រាប់ការអនុវត្តន៍មកទល់បច្ចុប្បន្ន។
លោកថ្លែងថា ទោះជាកម្ពុជាមិនមែនជាប្រទេសស្ថិតក្នុងចំណោមប្រទេសទាម ទារកម្មសិទ្ធិក្តី ក៏កម្ពុជាមើលឃើញពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាពក្នុងតំបន់ ហើយបានចូលរួមយ៉ាងសកម្មមួយផ្នែកធំក្នុងតួនាទីសម្របសម្រួល តាំងពីឆ្នាំ២០០២មក។
VOA បានព្យាយាមទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយពីក្រុមមន្ត្រីកម្ពុជា តែពុំអាចទាក់ទងបានទេ។ ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានផ្តល់អនុសាសន៍ ដោយសង្កត់ធ្ងន់ទៅលើយន្តការទ្វេភាគីក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង និងការសម្រេចបានក្រមប្រតិបត្តិ COC។ លោក ហ៊ុន សែន បានបញ្ជាក់ថា គេមិនអាចរំពឹងថា អាស៊ានទាំងមូលអាចកាត់សេចក្តីដល់ភាគីជម្លោះបានទេ ហើយអាស៊ានមិនអាចវាស់ដី វាស់សមុទ្រ ចែកដល់ប្រទេសជាដៃគូជម្លោះបានឡើយ។
ទោះជាយ៉ាងណាក្តីលោកបណ្ឌិត ចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាលា Gerald Fort of Public School នៃសកលវិទ្យាល័យរដ្ឋ Michigan ស.រ.អា.បានឆ្លើយតបនឹង VOA តាមអ៊ីមេលថា អាស៊ានត្រូវការវិធានការបន្ថែម មិនមែនពឹងផ្អែកលើតែវៀតណាម និងហ្វ៊ីលីពីនទេ តែរដ្ឋាភិបាលជាសមាជិកសំខាន់ៗផ្សេងៗទៀតក៏ត្រូវបង្ហាញពីឆន្ទៈក្នុងដាក់ការលះបង់ប្រកបដោយអត្ថន័យទល់នឹងប្រទេសចិនដែរ។
«បើទោះជាមានសេចក្តីថ្លែងការណ៍ពីមេដឹកនាំអាស៊ានរិះគន់យុទ្ធនាការកសាងកោះរបស់ចិនក្តី ក៏ទំនងជាមិនអាចបញ្ឈប់ការទន្ទ្រានដែនទឹកនេះបានដែរ។ ការពិភាក្សាច្រើនឡើងវិញតាមច្រកការទូត ដែលថា ការសម្របសម្រួលអាចនឹងមានប្រសិទ្ធភាពនោះ គឺត្រូវការបញ្ចុះបញ្ចូលមេដឹកនាំ ចិនឲ្យយល់ថាការកៀបសង្កត់ផ្នែកយោធាមុនៗនោះ មិនមែនជាការធ្វើឲ្យមានផលប្រយោជន៍ដល់ចិនទេ»។
បញ្ហាសមុទ្រចិនខាងត្បូងមានភាពតានតឹងខ្លះឡើងវិញ ក្រោយពេលដែលកប៉ាល់ចម្បាំងស.រ.អា.ដែលអះអាងថា ខ្លួនមានសេរីភាពក្នុងការធ្វើនាវាចរណ៍លើដែនសមុទ្រអន្តរជាតិ បានជួបគ្នាជាមួយកប៉ាល់ល្បាតចិន ហើយក្រុមនាវិកចិនចោទថា កប៉ាល់ស.រ.អា.បានចូលក្នុងដែនទឹកចិន។ ស.រ.អា.បានប្តេជ្ញាការពារសន្តិសុខតំបន់ ដែលមានសម្ព័ន្ធមិត្តរបស់ខ្លួន ទោះជាចិនបានហៅ ការណ៍នោះថា ជាការបង្កឲ្យមានភាពតានតឹងក្តី៕