ពីការនិយាយចំអកនិងកាយវិការបែបប្រកាន់ពូជសាសន៍នៅពេលហាត់ប្រាណជាសាធារណៈ ក្រុមជនជាតិអាមេរិកាំងដើមកំណើតអាស៊ីដែលតំណាងប្រទេសពួកគេក្នុងការប្រកួតកីឡាអូឡាំពិកក្នុងក្រុងតូត្យូ បាននិយាយរៀបរាប់អំពីការរើសអើងខ្លះដែលពួកគេប្រឈមក្នុងសហរដ្ឋអាមេរិក។
នាង Sakura Kokumai ជាអ្នកប្រកួតកីឡាការ៉ាត់តេដែលជាកីឡាមួយនឹងត្រូវប្រកួតជាលើកដំបូងក្នុងការប្រកួតកីឡាអូឡាំពិក។ នាងបានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងនៅលើគេហទំព័រT eam USA អំពីបុរសម្នាក់ដែលបាន «យាយីដោយពាក្យសម្តីមកលើរូបខ្ញុំដោយសារពូជសាសន៍ខ្ញុំ» នៅក្នុងឱទ្យានមួយក្នុងរដ្ឋ California កាលពីខែឧសភា។
នាង Sakura Kokumai បានសរសេរថា៖ «នេះជាការជួបប្រទះដំបូងរបស់ខ្ញុំជាមួយឧក្រិដ្ឋកម្មបែបរើសអើងជាតិសាសន៍។ ខ្ញុំត្រូវបានគេរើសអើងដោយសារតែពណ៌សម្បុរខាងក្រៅរបស់ខ្ញុំ មិនមែនពីព្រោះខ្ញុំជាអត្តពលិកទេ មិនមែនដោយសារខ្ញុំប្រកួតកីឡាការ៉ាត់តេទេ តែដោយសារខ្ញុំជាជនអំបូរអាស៊ី។ ហើយទោះជាលោកអ្នកមើលមកខ្ញុំបែបណាក៏ដោយ ក៏ខ្ញុំនៅតែដូចជនជាតិអាស៊ីជានិច្ច»។
នាង Kokumai បានថ្លែងថានាងបាននិយាយជាមួយមិត្តភក្តិអំពីក្រិដ្ឋកម្មបែបនេះតែហេតុការណ៍បទពិសោធន៍ផ្ទាល់ខ្លួនលើកដំបូងនេះបានជំរុញឱ្យនាងយល់ពិតប្រាកដហើយចង់និយាយអំពីបញ្ហានេះ។
នាងបានសរសេរថា៖ «ខ្ញុំសង្ឃឹមថាដំណោះស្រាយមួយអាចដោះស្រាយបញ្ហានេះបាន ក៏ប៉ុន្តែជំហានដំបូងគឺយើងត្រូវផ្សព្វផ្សាយឱ្យគេបានដឹងឮអំពីបញ្ហានេះសិន។ ហើយបន្ទាប់មក យើងត្រូវយល់ពីគ្នាទៅវិញទៅមក និងមានសេចក្តីមេត្តាដល់គ្នាទៅវិញទៅមក។ នៅពេលណាមួយយើងពិតជាអាចជួយផ្លាស់ប្តូរអ្វីៗនៅក្នុងពិភពលោកឱ្យបានល្អប្រសើរជាងមុន»។
ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកនៅទូទាំងសហរដ្ឋអាមេរិកបានប្រឈមនឹងការវាយប្រហារដោយពាក្យសម្តីនិងលើរាងកាយហើយអង្គការ Stop AAPI Hate បានរាយការណ៍កាលពីខែឧសភាថាចាប់ពីថ្ងៃទី ១៩ មីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អង្គការនេះបានទទួលរបាយការណ៍ចំនួន ៦.៦០៣ ករណី ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុរើសអើងជាតិសាសន៍នេះ។
បើតាមសេចក្តីរាយការណ៍មួយរបស់មជ្ឈមណ្ឌលសិក្សាអំពីការរើសអើងជាតិសាសន៍និងភាពជ្រុលនិយមប្រចាំសាកលវិទ្យាល័យរដ្ឋ California ក្នុងក្រុង San Bernardino ចំនួនឧក្រិដ្ឋកម្មរើសអើងជាតិសាសន៍លើជនជាតិអាស៊ីដែលត្រូវបានរាយការណ៍ដល់ប៉ូលិសក្នុងតាមទីក្រុងធំៗនៅសហរដ្ឋអាមេរិកបានកើនឡើង ១៨៩% ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ នេះ។
សម្រាប់កីឡាករកាយសម្ព័ន្ធ Yul Moldauer ដែលប្រកួតកីឡាអូឡាំពិកលើកដំបូងហេតុការណ៍ដែលលោកបានឆ្លងកាត់ជាមួយអ្នកបើកបរដ៏ខឹងសម្បារម្នាក់បានបណ្តាលឱ្យលោកចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកតាមបណ្តាញសង្គម Instagram កាលពីខែមីនាដោយថ្លែងថា៖ «ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។ សហរដ្ឋអាមេរិកជាប្រទេសខ្ញុំ»។
លោក Moldauer បាននិយាយថា ស្ត្រីដែលបានបើកឡានយ៉ាងលឿនកាត់មុខឡានលោក បានស្រែកដាក់លោកនៅភ្លើងស្តុបថា «ទៅប្រទេសចិនវិញទៅ»។
លោកបានពន្យល់ថា៖ «សម្រាប់ខ្ញុំការណ៍នេះធ្វើឱ្យខ្ញុំស្មុគស្មាញក្នុងចិត្ត។ ខ្ញុំច្របូកច្របល់ក្នុងចិត្ត។ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ខ្ញុំប្រឹងខំទប់ចិត្តថា ហេតុការណ៍នេះមិនបានកើតនោះទេ។ នៅពេលខ្ញុំពាក់អាវដែលមានសរសេរអក្សរថា «USA» នៅក្នុងការប្រកួត វានាំឱ្យមានការទោមនស្សក្នុងចិត្តខ្ញុំ ដែលខ្ញុំត្រូវតំណាងឲ្យមនុស្សបែបនេះ»។
លោក Erik Shoji ជាកីឡាករអូឡាំពិកដែលបានប្រកួតពីរដងឲ្យក្រុមកីឡាករបាល់ទះរបស់សហរដ្ឋអាមេរិក ក្នុងការប្រកួតកីឡាអូឡាំពិក។ លោកបានប្រើបណ្តាញសង្គមរបស់លោក ដើម្បីទាក់ទាញការយកចិត្តទុកដាក់លើការបញ្ឈប់កីឡាការិនីជនជាតិស៊ែបម្នាក់ដែលបានយកម្រាមដៃនាងធ្វើឱ្យភ្នែកតឹងក្នុងកាយវិការបែបប្រកាន់ជាតិសាសន៍មួយទៅកាន់ក្រុមកីឡាការិនីថៃដែលជាគូប្រកួត នៅក្នុងការប្រកួតមួយកាលពីខែមិថុនាកន្លងទៅ។
លោក Shoji បានថ្លែងថា៖ «តាងនាមឲ្យសហគមន៍អាស៊ីនិងសហគមន៍កីឡាបាល់ទះអាស៊ី ខ្ញុំសូមអរគុណសហព័ន្ធកីឡាបាល់ទះអន្តរជាតិនិងសម្ព័ន្ធប្រទេសជាតិនៃកីឡាបាល់ទះដែលបានប្រកាន់គោលជំហរមួយប្រឆាំងនឹងកាយវិការរើសអើងពូជសាសន៍ដូចកាយវិការមួយនេះ ដើម្បីប្រឆាំងនឹងការរើសអើងពូជសាសន៍ទាំងស្រុងនិងធ្វើឱ្យវិស័យកីឡាយើងជាកន្លែងមានសុវត្ថិភាពជាងមុនថែមទៀត»។
លោក Alexander Massialas ដែលប្រកួតកីឡាអូឡាពិកលើកទី ៣ ខាងកីឡាចាក់សាប បានសរសេរនៅក្នុងគណនីយ Instagram របស់លោកអំពីការរួបរួមគ្នាប្រឈម និងការជំរុញឲ្យបញ្ចប់ការរើសអើងនេះ។
លោក Alexander Massialas បានសរសេរថា៖ «ដោយសារខ្ញុំជាកូនកាត់ចិនជាញឹកញយខ្ញុំបានជួបប្រទះការរើសអើងពូជសាសន៍តាមទម្រង់មួយផ្សេងទៀតដោយមិនមែនជាបទពិសោធន៍ផ្ទាល់ទេតែជាអ្នកឃើញហេតុការណ៍ដោយផ្ទាល់និងជាជនរងគ្រោះបន្ត»។
លោកបានរៀបរាប់អំពីពេលមួយដែលលោកបានជិះឡានរួមគ្នាបើកដោយបុរសចិនម្នាក់នៅពេលអ្នករួមដំណើរម្នាក់បានចេញពីរថយន្តនោះដោយរារាំងនឹងអ្នកបើករថយន្តថតរូបភាព កៅអីដែលអ្នកដំណើរនោះបានអង្គុយ ហើយបានធ្វើឱ្យក្រពប់ភេសជ្ជៈស្រវឹងនិងគ្រឿងញៀន paraphermalia។
លោក Massialas និយាយថា៖ «បុរសនេះដួលលើខ្ញុំហើយបានព្យាយាមឱ្យខ្ញុំចូលរួមជាមួយគាត់ដោយនិយាយថា មើលទង្វើរបស់ជនជាតិចិននេះចុះ! គួរឲ្យស្អប់ខ្ពើម»។
លោក Massialas បានថ្លែងថាលោកបានធ្វើអន្តរាគមន៍នៅពេលអ្នករួមដំណើររូបនោះបានព្យាយាមលួចរថយន្តពីអ្នកបើកបរជនជាតិចិន បើទោះបីជាសកម្មភាពអន្តរាគមន៍របស់លោកគឺផ្ទុយនឹងជំនឿវប្បធម៌មួយក្នុងសហគមន៍អាស៊ីដែលយល់ថា«កុំអើពើនឹងអ្វីដែលអ្នកឯទៀតនិយាយទោះជាវាខុសឬនាំឱ្យមានការឈឺចាប់ក៏ដោយ»។
លោកបានសរសេរថា អ្នកបើករថយន្តបាននិយាយប្រាប់លោកថា ខ្ញុំមិនគួរនាំទុក្ខមកដាក់ខ្លួនទេ តែលោក Massialas ថា ឧប្បត្តិហេតុនេះជាឧទាហរណ៍មួយសម្រាប់លោក Massialas ក្នុងការយល់ដឹងការផ្លាស់ប្តូរចាំបាច់ដើម្បីកែប្រែស្ថានភាព«នៅពេលមានហេតុការណ៍រើសអើងពូជសាសន៍កើតឡើង»។
លោកបានពោលថា៖ «នៅថ្ងៃនេះខ្ញុំគិតដល់ក្រុមជនរងគ្រោះនៅក្នុងករណីបាញ់វាយប្រហារលើស្ត្រីអាស៊ីក្នុងក្រុង Atlanta ខ្ញុំគិតដល់បុរសថៃវ័យចំណាស់ម្នាក់ដែលត្រូវបានសម្លាប់នៅទីកន្លែងមិនឆ្ងាយពីផ្ទះខ្ញុំនៅទីក្រុង San Francisco និងសកម្មភាពរាប់មិនអស់នៃអំពើរើសអើងពូជសាសន៍និងអំពើហិង្សាប្រឆាំងនឹងសហគមន៍អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិក។ ជាជាងមិនរវីរវល់និងធ្វើមិនដឹងឭដែលធ្វើឱ្យការរើសអើងកាន់តែរាលដាលយើងអាចប្រយុទ្ធនឹងអំពើនេះដោយរួបរួមគ្នានិយាយប្រឆាំងនឹងការរើសអើងជាតិសាន៍លើសហគមន៍ងាយរងគ្រោះ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ