ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ានឹងប្រឈមជាមួយនឹងបញ្ហាសំខាន់ៗជាច្រើននៅក្នុងដំណើរទស្សនកិច្ចលើកទី ១១ របស់លោកក្នុងឋានៈជាប្រធានាធិបតីអាមេរិកទៅកាន់ទ្វីបអាស៊ី ដោយសារតែអនាគតនៃការធ្វើឲ្យមានសមតុល្យឡើងវិញនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកេរដំណែលរបស់លោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែមានភាពស្រពិចស្រពិល។
ដោយសារមានតែរយៈពេល ៥ ខែទៀតតែប៉ុណ្ណោះសម្រាប់លោកអូបាម៉ាក្នុងការកាន់ដំណែងជាប្រធានាធិបតី លោកនឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ីជាលើកចុងក្រោយក្នុងឋានៈជាប្រធានាធិបតី បន្ទាប់ពីបានប្រឹងប្រែងពង្រីកអំណាច និងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីក្នុងអំឡុងពេលលោកកាន់ដំណែងពីរអាណត្តិកន្លងមកនេះ។
លោកអូបាម៉ានឹងចូលរួមជាមួយមេដឹកនាំពិភពលោកផ្សេងទៀតនៅក្នុងកិច្ចប្រជុំ G20 ដែលនឹងធ្វើឡើងនៅក្នុង Hangzou ប្រទេសចិន នៅក្នុងកិច្ចប្រជុំប្រទេសសមាគមអាស៊ាន និងនៅក្នុងកិច្ចប្រជុំអាស៊ីខាងកើត ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែកញ្ញា។
ការធ្វើឲ្យមានសមតុល្យឡើងវិញនៃគោលនយោបាយការបរទេសនេះ គឺមានសារៈសំខាន់សម្រាប់សន្តិសុខ និងការរីកចម្រើននាពេលអនាគតរបស់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់លោកអូបាម៉ា។
មន្ត្រីសេតវិមានប្រធានាធិបតី បាននិយាយថា ពេលដែលលោកអូបាម៉ាធ្វើទស្សនកិច្ចនៅក្នុងទ្វីបអាស៊ីលើកនេះ លោកនឹងជំរុញបន្ថែមទៀតឲ្យមានការអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP។
ទាំងលោក Doanld Trump បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ កន្លងមកបាននិយាយប្រឆាំងចំពោះកិច្ចព្រមព្រៀង TPP នេះ។
លោកអូបាម៉ាត្រូវគេរំពឹងថានឹងជំរុញលើកចុងក្រោយឲ្យមានការអនុម័តកិច្ចព្រមព្រៀង TPP នេះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខនេះ៕