កម្ពុជាទំនងជាអាចទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតដែលមិនធ្លាប់មាននៅពេលប្រទេសអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅឆ្នាំ២០១៥។ ផលិតផលក្នុងស្រុកសរុប ឬGDPរបស់កម្ពុជាអាចនឹងស្ទុះឡើងដល់១៩,៩%នៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរួមគ្នារវាងអង្គការពលកម្មអន្តរជាតិ (ILO) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលទើបត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធម្សិលមិញនៅទីក្រុង Jarkarta ប្រទេសឥណ្ឌូណេស៊ី។
របាយការណ៍ដែលមានកម្រាស់១៦០ទំព័រនេះបានសង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចដ៏សម្បើមនៅឆ្នាំ២០២៥គឺដប់ឆ្នាំក្រោយពីសមាហរណកម្មសេដ្ឋកិច្ចរបស់សមាគមអាស៊ាន។
ការសិក្សារបស់ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិខាងលើបានផ្ដោតជាសំខាន់លើផលប៉ះពាល់នៃទីផ្សារពលកម្ម នៅពេលសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងបានសន្និដ្ឋានថា ប្រទេសដែលមានកម្រិតប្រាក់ចំណូលទាប ដូចជាកម្ពុជា នឹងអាចមានឱកាសទទួលបានប្រយោជន៍នៃការកើនឡើងផលិតផលក្នុងស្រុកសរុប នៅពេលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយហេតុថា កន្លងមកនៅប្រទេសនានា ដូចជាកម្ពុជា អ្នកប្រើប្រាស់ និងអ្នកផលិតបានប្រឈមនឹងការបង់ពន្ធ និងរបាំងសេដ្ឋកិច្ចដែលជាហេតុធ្វើឲ្យពិបាកក្នុងការដោះដូរពាណិជ្ជកម្ម។
ក៏ប៉ុន្តែការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន ឬ The ASEAN Economic Community នៅឆ្នាំ២០១៥នឹងអនុញ្ញាតឲ្យប្រទេសទាំងអស់ក្នុងតំបន់នេះធ្វើការផ្លាស់ប្ដូរលំហូរកម្លាំងពលកម្ម សេវាកម្ម មុខជំនួញ និងទំនិញផ្សេងៗដោយសេរីជាងមុន។
លោកចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ ហាក់ដូចជារួញរា មិនយល់ស្របជាមួយនឹងការរំពឹងទុកក្នុងរបាយការណ៍ខាងលើនេះទេ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា កម្ពុជាមានសក្ដានុពលគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍរបស់ខ្លួននៅថ្ងៃអនាគត។
«ជារួមខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា សេដ្ឋកិច្ចកម្ពុជាយើងនឹងរីកចម្រើនច្រើននៅឆ្នាំខាងមុខ បើយើងជៀសបាននូវសង្គ្រាមស៊ីវិល។ យើងនឹងដំណើរការសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ»។
ទោះបីជាយ៉ាងណាក្ដី ក្រុមអ្នកជំនាញសេដ្ឋកិច្ចធ្លាប់បានព្រមានថា គម្រោងនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ២១០៥ទំនងជាមិនអាចទៅរួចទេ ដោយសារតែគម្លាតនៃការអភិវឌ្ឍរវាងប្រទេសនីមួយៗក្នុងតំបន់។ កម្ពុជា ឡាវ និងភូមាត្រូវបានចាត់ទុកថា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយត្រូវធ្វើការកែទម្រង់ជាច្រើនទៀតដើម្បីអាចពន្លឿនសមត្ថភាពឲ្យដើរទាន់ប្រទេសដទៃ។
ថ្លែងក្នុងពិធីសម្ពោធន៍យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ ២០១៤-២០១៨ កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យដឹងថា កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយនឹងក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកបន្ថែមថា កំណើនសេដ្ឋកិច្ចកម្ពុជាពីចន្លោះឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២ មានជាមធ្យម៦,៨% ខណៈពេលផលិផលក្នុងស្រុកសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងដល់១០៤៣នៅឆ្នាំ២០១៣ ហើយអាចកើនដល់ ១១៣០ដុល្លារនៅឆ្នាំ២០១៤។ រីឯអត្រានៃភាពក្រីក្របានស្មើនឹង១៩%នៅឆ្នាំ២០១៣៕