រូបភាពមួយចំនួន ដែលអាចរំឭកឡើងវិញយ៉ាងច្បាស់ក្រឡែតអំពីទិដ្ឋភាពអំឡុងមហាវិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍១៩៣០ មានដូចជាមនុស្សឈរតម្រង់ជួរចាំទទួលស៊ុបមកបរិភោគ ខណៈពេលដែលកសិករចាក់ចោលផលដំណាំ ដែលពួកគេលក់មិនចេញ។ នោះ គឺជាសោកនាដកម្មមួយ ដែលតំបន់អាស៊ីអាគ្នេយ៍ កំពុងព្យាយាមបញ្ជៀសឲ្យបានថ្វីបើ ទិដ្ឋភាពកំពុងចាប់ផ្តើមកើតឡើងនៅតាមតំបន់ខ្លះៗ នៅជុំវិញពិភពលោកនៅក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ រួចទៅហើយ។
ការបន្ទុចបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩នេះ មានន័យថា ផ្លែឪឡឹកត្រូវបានគេបោះចោលនៅប្រទេសម៉ាឡេស៊ី ហើយស្រូវអង្ករត្រូវបានគេទុកចោលនៅកំពង់ផែក្នុងប្រទេសវៀតណាម កាលពីខែមុន។ ការបារម្ភចំពោះការគាំពារនិយម បានជំរុញឲ្យរដ្ឋាភិបាលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចេញមុខកោះហៅការប្រជុំមួយ ដែលក្នុងនោះពួកគេប្តេជ្ញាថា នឹងមិនរឹតត្បិតការនាំចេញស្បៀងអាហារឡើយ។ ការធ្វើអន្តរាគមន៍នេះ ក៏មានសារៈសំខាន់សម្រាប់តំបន់ដទៃទៀតក្នុងពិភពលោកទាំងមូលផងដែរ ដែលពឹងផ្អែកលើអាស៊ានជាតំបន់ផ្គត់ផ្គង់អង្ករ អាហារសមុទ្រ និងផលិតផលដ៏ធំបំផុតមួយ។
រដ្ឋមន្ត្រីកសិកម្មនៃប្រទេសជាសមាជិកទាំង១០របស់អាស៊ាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«យើងកត់សម្គាល់ថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ បានទាក់ទាញការយកចិត្តទុកដាក់របស់យើងទៅលើគ្រោះថ្នាក់ដែលកើតឡើងភ្លាមៗ ដោយសារការខ្វះស្បៀងអាហារ និងផលប៉ះពាល់អវិជ្ជមានទៅលើអាហាររូបត្ថម្ភដោយសារការកើនឡើងនៃតម្រូវការ និងការបន្ទុចបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់»។
ពួកគេបានសន្យាថា នឹង«បញ្ជៀសការដាក់ចេញនូវការត្រួតពិនិត្យថ្មីទៅលើការនាំចេញ ការរឹតបន្តឹងនិងការហាមឃាត់ ការដាក់ពន្ធ និងការដាក់របាំងផ្សេងទៀតក្រៅពីពន្ធលើទំនិញ»។
ឥឡូវនេះ ពួកគេគ្រោងនឹងធ្វើការសិក្សារួមគ្នាមួយ ស្តីពីវិធីដើម្បីធានាសន្តិសុខស្បៀងអាហារ តាមរយៈការពិនិត្យឡើងវិញជាទៀងទាត់នូវស្ថានភាពរបស់ប្រទេសសមាជិកនីមួយៗ និងផ្តោតលើការធានាឲ្យមានស្រូវអង្ករ ពោត និងស្ករគ្រប់គ្រាន់។
បញ្ហាបង្កដោយខ្លួនឯង
បញ្ហានេះ ធ្វើឲ្យអាស៊ានប្រឈមនឹងស្ថានការណ៍ផលលំបាកមួយដែលតែងតែកើតឡើងក្នុងសេដ្ឋកិច្ច គឺការភ័យខ្លាច អាចបង្កឲ្យមានបញ្ហាវិលចុះឡើងមកខ្លួនឯងវិញ ប្រសិនបើរដ្ឋនានាមិនស្រុះស្រួលនឹងគ្នា ចាត់វិធានការរួមទេនោះ។ ការភ័យខ្លាចចំពោះកង្វះខាតស្បៀងអាហារអាចជំរុញឲ្យមនុស្សម្នា ទិញស្បៀងអាហារស្តុកទុក ដែលជាហេតុធ្វើឲ្យមានការខ្វះខាតស្បៀងអាហារ។
ការផ្អើលទិញទំនិញទុក គ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលនៅពីក្រោយស្ថានកាណ៍ដែលជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់។ ទី១ អ្នកប្រើប្រាស់នៅទូទាំងពិភពលោកប្រញាប់ប្រញាល់ទិញស្បៀងអាហារចាំបាច់ទុក គ្រាដែលការរាតត្បាតដោយវីរុសកូរ៉ូណា បានបង្ខំមនុស្សជាច្រើនឲ្យនៅផ្ទះរយៈពេលជាច្រើនសប្តាហ៍ ឬ ច្រើនខែ។ ទី២ បណ្តាប្រទេសនានា មានការព្រួយបារម្ភថា វាអាចកាត់បន្ថយការផ្គត់ផ្គង់ក្នុងស្រុករបស់ពួកគេ ដូច្នេះពួកគេបានចេញបទបញ្ញត្តិរឹតត្បិតការនាំចេញ។ នោះរាប់បញ្ចូលទាំងការផ្អាកការនាំស៊ុតពីប្រទេសថៃ ដែលបានចាប់ផ្តើមកាលពីខែមីនា និងការនាំចេញអង្ករពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ាផងដែរ។ ទី៣ ការវិធានការរឹតត្បិតទាំងនេះ បានបង្កឲ្យមានការព្រួយបារម្ភថា ប្រទេសនានា នឹងចាត់វិធានការតបវិញ ដោយដាក់ការវិធានការរឹតត្បិតបន្ថែមទៀត។
លោក Ashok Kumar Mirpuri ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបូរីប្រចាំសហរដ្ឋអាមេរិកបានថ្លែងក្នុងវេទិកាមួយដែលរៀបចំដោយវិទ្យាស្ថានអាស៊ី ឬ Asia Society កាលពីខែមេសាថា ការចាត់វិធានការផ្នែកសេដ្ឋកិច្ចតាមបែបមិនគិតគូរពីស្ថានការណ៍នៅក្នុងប្រទេសជិតខាងរបស់អ្នកដោយការបិទការនាំចេញរបស់អ្នក មានន័យថា ប្រទេសដទៃ ក៏នឹងបិទការនាំចេញរបស់ពួកគេ ទៅប្រទេសអ្នកវិញដែរ»។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីកិច្ចប្រជុំអាស៊ាន ការភ័យខ្លាចអំពីការខ្វះស្បៀងអាហារ បានថយចុះ។ ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា បានដកការរឹតបន្តឹងលើការនាំចេញអង្ករនៅខែឧសភានេះ ខណៈពេលដែលប្រទេសម៉ាឡេស៊ី និងសិង្ហបូរី បានព្រមព្រៀងគ្នាដើម្បីដោះស្រាយការរាំងស្ទះនៅតាមព្រំដែនរបស់ពួកគេ ដែលនោះ ជាមូលហេតុដែលបណ្តាលឲ្យផ្លែឪឡឹក ដែលមិនបានលក់ចេញនោះ ស្អុយរលួយចោល។
កត្តាទីបួនដែលនាំឲ្យរំខានដល់សង្វាក់ផ្គត់ផ្គង់ គឺជាកត្តាចៃដន្យមួយ៖ ដើម្បីទប់ស្កាត់ការរាតត្បាតដោយជំងឺកូវីដ១៩ រដ្ឋាភិបាលនានា បានហាមប្រាមប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរឆ្លងកាត់ព្រំដែន ប៉ុន្តែវាក៏ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការដឹកជញ្ជូនស្បៀងអាហារដែរ។ នេះជាករណីដែលបានកើតឡើង នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមិនបានហាមឃាត់ការនាំចេញផ្លែឪឡឹក ប៉ុន្តែបានរឹតត្បិតចលនារបស់ប្រជាពលរដ្ឋ ដែលវាប៉ះពាល់ទៅលើការដឹកជញ្ជូនស្បៀងអាហារ។ ការរឹតបន្តឹងនេះ ក៏ធ្វើឲ្យមានការលំបាកដល់ម្ចាស់កសិដ្ឋាន ក្នុងការឲ្យកម្មកររបស់ពួកគេមកធ្វើការ និងការផ្គត់ផ្គង់ទៅតាមតម្រូវការ។
កត្តាទី ៥ ដែលជាកត្តាចុងក្រោយ គឺថា រោគរាតត្បាតនេះ បានលាតត្រដាងអំពីភាពស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ។ ឧទាហរណ៍កសិករនៅសហរដ្ឋអាមេរិក បានបោះចោលដំឡូង និងទឹកដោះគោរបស់ពួកគេ ពីព្រោះការរាតត្បាតដោយជំងឺកូវីដ១៩ បានធ្វើឲ្យតំរូវការពីអតិថិជនធម្មតា ដូចជាភោជនីយដ្ឋាននោះ បានធ្លាក់ចុះ។ តម្រូវការទំនិញសម្រាប់ផ្សារទំនើបនៅតែមាន ក៏ប៉ុន្តែ តម្រូវឲ្យមានការវេចខ្ចប់ខុសពីមុន ដូច្នេះកសិដ្ឋានដែលមិនអាចបំពេញតាមតំរូវការទាំងនោះ ពួកគេមិនអាចលក់ផលិតផលរបស់ពួកគេបានទេ។
ស្បៀងអាហារឥតគិតថ្លៃ
មេដឹកនាំអាស៊ានគិតថា ក្នុងពេលឥឡូវនេះ ពួកគេបានជៀសផុតពីហានិភ័យទី៥គឺភាពមិនស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់និងតម្រូវការ ប៉ុន្តែ ពួកគេនៅតែមានការព្រួយបារម្ភថា មានអ្នកខ្លះ អាចជួបប្រទះនឹងភាពអត់ឃ្លាន។ ប្រទេសខ្លះ បានចូលរួមក្នុងការចែកស្បៀងអាហារ ដូចជានៅប្រទេសវៀតណាម ពួកគេបានចែកស្បៀងអាហារនៅតាមមណ្ឌលដែលដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេនិងនៅសិង្ហបុរី ពួកគេចែកស្បៀងអាហារនៅតាមកន្លែងស្នាក់នៅរបស់ពលករ។ ក្រុមហ៊ុនដែលបរិច្ចាគចំណីអាហាររួមមានក្រុមហ៊ុន Dole ដែលបានផ្តល់ផ្លែឈើកញ្ចប់ អាហារ និងទឹកផ្លែឈើ នៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី និងប្រទេសថៃ។
លោក Aashim Malhotra អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Dole Packaged Foods បានថ្លែងក្នុងសម្តីដើមថា៖
«ការស្តារសេដ្ឋកិច្ចឡើងវិញ គឺអាចធ្វើទៅបានលុះត្រាតែមនុស្សគ្រប់គ្នានៅក្នុងសហគមន៍មានសុខភាពល្អ»។
ប្រទេសវៀតណាម ធ្លាប់បានប្រើប្រាស់វិធីផ្សេងៗទៀតដូចជា «ម៉ាស៊ីនអេធីអឹមអង្ករ» ដែលជាម៉ាស៊ីនចែកចាយអង្ករដោយឥតគិតថ្លៃ និងហាងលក់គ្រឿងទេស«មិនគិតថ្លៃ» ដែលអនុញ្ញាតឲ្យអ្នកខ្វះខាតម្នាក់ អាចយករបស់របរ៥មុខដូចជាមី ឬ ផ្លែចេកជាដើម។
អតីតអ្នកការទូតវៀតណាមអ្នកស្រី Ton Nu Thi Ninh បានថ្លែងថា អ្នកស្រីសង្ឃឹមថា វិធីទាំងនេះ នឹងមានជាបន្តទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ នេះ បានបញ្ចប់។
អ្នកស្រី Ninh ដែលឥឡូវនេះ ជាប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍ទីក្រុងហូជីមិញ បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ហាញឲ្យឃើញច្បាស់អំពីអ្វីដែលមិនត្រឹមត្រូវនៅក្នុងសង្គមរបស់យើង។ ទន្ទឹមនឹងនេះផងដែរ វាកំពុងតែបំផុសនូវគុណធម៌ដែលមនុស្សជាច្រើនមានស្រាប់និងជំរុញឲ្យពួកគេទៅជួយសង្គ្រោះ និងបង្កើតកម្មវិធីមនុស្សធម៌នានា៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់