ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩​​នាំ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​ហានិភ័យ​នៃ​ការ​​កាប់​ព្រៃឈើ​ទៅ​លើ​សុខភាព​សាធារណៈ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន


តំបន់​នៅ​ទីក្រុង​ហូជីមិញ កំពុង​ត្រូវ​បាន​ប្រែ​ក្លាយ​ពី​តំបន់​វាល​ភក់ ទៅ​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ។ (VOA News)
តំបន់​នៅ​ទីក្រុង​ហូជីមិញ កំពុង​ត្រូវ​បាន​ប្រែ​ក្លាយ​ពី​តំបន់​វាល​ភក់ ទៅ​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ។ (VOA News)

ការ​បង្កើន​ និង​ការ​ពង្រីកទី​ក្រុង​នៅ​ក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​ររវាង​​មនុស្ស​ជា​មួយ​សត្វព្រៃ​​ ហើយ​ក៏​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​ផង​ដែរ។

នៅ​ត្រើយ​ម្ខាង​ពី​ក្រុង​ហូជីមិញ​ ផ្ទៃ​ដីមួយ​កន្លែង​កំពុងត្រូវ​កែ​ប្រែ​ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុយ៉ាង​អ៊ូអរ​មួយ។ ​ភាគ​ច្រើន​នៃ​ផ្ទៃ​ដីនេះ​ជា​ដី​ហុយ​និង​ផ្ទាំង​ស៊ីម៉ង់។​ ក៏​ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​កន្លែង​នេះ​ជា​វាល​ភក់​ដែល​មាន​ពពែ​និង​ជ្រូក​នៅ​ក្នុង​ទី​នោះ។​

ពួក​អ្នក​បរិស្ថាននិយាយ​ថា ការ​បង្កើន​និង​ការ​ពង្រីកទី​ក្រុង​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​បាន​ផ្លាស់​ប្តូរ​ការ​ទាក់ទង​របស់​មនុស្ស​ជា​មួយ​សត្វព្រៃ ហើយ​នៅ​ពេល​នេះ​ជំងឺកូវីដ​១៩​ បង្ហាញ​ថា​តើ​ទំនាក់​ទំនង​នេះ​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​បែប​ណា​ដល់​សុខភាព​សាធារណៈ។ ពួក​គេនិយាយ​បង្ហាញ​ហេតុ​ផល​ថា​ ទោះណា​ជា​គេ​ដឹង​យូរ​មក​ហើយថា ការ​កាប់​ព្រៃ​ឈើ​ដែល​នាំមាន​ផល​មិន​ល្អ​ដល់​ធាតុអាកាស​អាច​ជា​បញ្ហា​មួយ​ដល់​សត្វ​ក៏​ដោយ​ ក៏ការរាត្បាត​ជា​សាកល​នៃជំងឺកូវីដ១៩​ គូស​បញ្ជាក់ថា​ វា​ក៏អាច​នាំ​ឱ្យ​មានហានិភ័យ​ដល់​មនុស្ស​ដែរ។​

នៅ​ពេល​នេះ ពួក​អ្នក​វិទ្យាសាស្ត្រជឿ​ថា​មនុស្ស​បាន​ឆ្លងវីរុស​នេះ​ពីសត្វ​ដោយ​ទំនងជាឆ្លង​ពី​ប្រចៀវ​ទៅ​ពង្រូល​ដែល​បាន​ត្រូវ​ប៉ះ​ពាល់ដោយ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។ មាន​វិធី​ជា​ច្រើន​ដែល​ជំងឺកូ​វីដ​១៩ មាន​ផល​ប៉ះ​ពាល់​លើ​ការជជែក​ដេញ​ដោល​គ្នា​អំពីការ​ប្រែ​ប្រួល​អាកាស​ធាតុ។ នៅ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​ ការណ៍​នេះ​មាន​រួម​បញ្ចូល​ការបំផ្លាញ​ព្រៃឈើដោយសារ​មនុស្ស​អភិវឌ្ឍ​តំបន់ទាំង​នោះ​សម្រាប់​ធ្វើ​ផ្ទះ​សំបែង​ដោយ​នាំ​មនុស្ស​ទាំង​នេះ​ទៅ​កាន់​កន្លែង​ដែល​មានសត្វ​រស់នៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ស្រី​ Sarah Elago​ ជា​សមាជិកា​សភា​ហ្វីលីពីន ​ដែល​នៅ​ទី​នោះ​រដ្ឋដាក់​ស្នើ​ច្បាប់​តឹង​តែងប្រឆាំង​នឹង​ការជួញ​ដូរ​សត្វព្រៃ​នៅ​ពេល​មាន​ការរាត​ត្បាត​សាកល​នៃ​ជំងឺ​កូវីដ​១៩។​

លោកស្រីបាននិយាយ​ថា៖ «មានភ័ស្តុតាងបង្ហាញ​ថា​ ការ​បំផ្លាញ​ព្រៃ​ឈើ​និងនគរូបនីយកម្ម​បង្កើនហានិភ័យ​ក្នុង​ការ​មាន​ជំងឺ​ឆ្លង​ដូចជា​ការឆ្លងវីរុស​កូរ៉ួណា​ជា​ដើម»។

លោកស្រីចង្អុលបង្ហាញ​ថា ​ទ្វីប​អាស៊ីអាគ្នេយ៍មានអត្រា​ខ្ពស់​នៃ​ការកាប់​ព្រៃឈើ​ដោយ​បាន​បាត់​បង់​ព្រៃ​ឈើ​ជាង​៣២​លាន​ហិកតា ចាប់​តាំង​ពី​ឆ្នាំ១៩៩០​មក។​

ការ​បំផ្លាញ​ព្រៃ​ឈើនៅ​ក្នុង​តំបន់​នោះ​រួម​ផ្សំជា​មួយការបង្កើត​ទី​ក្រុង​ដើម្បី​បំពេញ​សេចក្តីត្រូវ​ការ​នៃ​ការ​លូត​លាស់​សេដ្ឋកិច្ច​ខ្លាំង។ ​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​មាន​មនុស្ស​ច្រើន​ទី​បួន​ក្នុង​ពិភព​លោក នៅ​ពេល​នេះ​កំពុង​គ្រោង​លើក​រដ្ឋធានី​ពីក្រុង​ហ្សាការតា​ទៅ​កាន់​កោះ​ Borneo​ ដែល​ជា​ការ​ចៀស​មិន​រួច​តម្រូវ​ឱ្យ​មាន​ការ​រានដី។​ បើ​តាម​ផ្នែក​ពិនិត្យ​មើល​ផែន​ដី​នៃ​ទី​ភ្នាក់ងារ​ NASA ថា​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ព្រៃឈើ​ បើ​គិត​តាម​ចំនួន​ហិកតា​វិញ គឺ​ច្រើន​ជាងប្រទេស​ឯទៀតៗ​នៅ​លើ​ផែនដី។​ ប្រទេស​សិង្ហបុរី​បាន​ក្លាយ​ទៅ​ជា​ក្រុងទំនើប​បំផុត​នៅ​ក្នុង​តំបន់​នោះក្រោយ​ពី​បាន​ចាក់​ដីលើ​តំបន់​ភក់​ដើម្បី​ពង្រីក​ប្រទេស។​

បើ​តាម​ JLL Global Cities Research ​ដែល​ជា​ក្រុម​ហ៊ុន​អចលនទ្រព្យ​ អះអាង​ថា​ មហា​ទី​ក្រុង​នៅក្នុង​តំបន់​នោះ​ក៏​ប្រឈម​នឹង​កំណើន​ទឹក​សមុទ្រនិង​ដីស្រុត​ដែរ។

លោក Jeremy Kelly ជានាយក​ក្រុម​ហ៊ុន JLL Global Cities Research​និយាយ​ថា៖ «អាស៊ី​អាគ្នេយ៍​មាន​ទីក្រុង​លូតលាស់លឿន​បំផុតនិង​មាន​ថាម​ពលខ្លាំងបំផុត។​ ជា​មួយ​ការ​ចំណាក​ស្រុកដោយមនុស្ស​ច្រើន​នាក់​និង​នគរូបនីយកម្ម​ធំជាង​មុន ទីក្រុង​ជា​ច្រើន​ខ្វះ​ខាត​ធន​ធាន»។

ក្រៅ​ពី​ការ​ទន្ទ្រានរាន​យក​ដីព្រៃ​ឈើ មនុស្សក៏​មាន​ការ​ប៉ះ​ពាល់​ជា​មួយ​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​នោះ​ដែរ។​ ផ្សារ​លក់សត្វ​ព្រៃដូចជា​ផ្សារ​មួយ​ក្នុង​ប្រទេស​ចិន​ដែល​គេមាន​ជំនឿ​ថា​ ជំងឺ​កូ​វីដ​១៩ បាន​លេច​ឡើង​ពី​ទី​នោះ​ មាន​ជា​ធម្មតានៅ​ក្នុង​អាស៊ី​អាគ្នេយ៍។ ប្រទេស​ជាតិ​ទាំង​នេះ​ក៏​ជា​កន្លែង​ឆ្លង​កាត់ជា​ញឹក​ញាប់​សម្រាប់​ការ​ជួញដូរ​ផលិតផល​សត្វព្រៃ។​

លោក Ngo Thi Thanh Thao ជា​អ្នក​ចាត់​ចែង​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​នៃ​អង្គការ​ CHANGE ​នៃ​ប្រទេស​វៀតណាម​ដែល​ជា​អង្គការ​បរិស្ថាន​មួយ។​លោក​បាន​និយាយ​ថា​ការជួញ​ដូរ​បែប​នេះទំនង​នាំ​ឱ្យ​មាន​ការ​រាតត្បាត​ជំងឺ។

​ក្រៅ​ពី​ការកាប់​ព្រៃ​ឈើ​ មាន​បញ្ហា​ឯទៀតៗ​ភ្ជាប់​ទាក់​ទង​ជាមួយ​ការ​ប្រែ​ប្រួល​ធាតុអាកាស​ដែល​មាន​ការ​យក​ចិត្តដាក់​ជាថ្មី​ដោយសារ​មាន​ការ​រាតត្បាត​នៃជំងឺកូវីដ​១៩។ ​ការ​លូត​លាស់​សេដ្ឋកិច្ច​នៅក្នុង​ទ្វីប​អាស៊ីបាន​បង្កើន​ខ្យល់​កខ្វក់។​

ការណ៍​នេះ​ជា​បញ្ហា​មួយ​ដែល​លោកបណ្ឌិត​ Diarmid Campbell-Lendrum នៃ​អង្គការ​សុខភាព​ពិភពលោកនិយាយ​ថា​ បាន​ធ្វើ​ឱ្យសុខភាព​មនុស្ស​ខ្សោយ​ជា​ទូទៅ។​ មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ​អាច​ធ្វើ​ឱ្យ​ពួក​គេ​មានការ​ពិបាក​ខ្លាំង​នៅ​ពេល​ពួក​គេ​ឆ្លង​ជំងឺ​កូវីដ​១៩។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​សេចក្តី​សង្ឃឹម​ខ្លះ​ដែរ។ ​នៅ​ពេល​ដែល​មនុស្ស​នៅក្នុង​ផ្ទះ សត្វព្រៃក៏​មាន​ចេញ​មក​ច្រើន​ជាងមុន​ដូចជា​អណ្តើក​បាន​មាន​ជា​ថ្មី​នៅ​លើ​ឆ្នេរ​ខ្សាច់​មាត់​សមុទ្រ​នៃ​ប្រទេស​ថៃ។​ ហើយ​ការ​សាយ​ភាយ​ឧស្ម័ន​កាបូនិក​ក៏​បានចុះ​ថយ​ដោយសារមនុស្ស​តិចជាង​មុន​បើក​យានយន្ត​និងធ្វើការ​នៅក្នុង​រោងចក្រ។

លោកស្រី ​Elago ​សមាជិកា​សភា​ហ្វីលីពីន​បាន​មាន​ប្រសាសាន៍ថា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លងវីរុស​ ជាពិសេស​ពី​សត្វ អាជ្ញាធរ​គួរ​ធ្វើ​និយតកម្ម​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយសារ​វា​មាន​ផល​ប៉ះពាល់​លើ​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក។​

លោកស្រីបាននិយាយ​ថា៖ «រដ្ឋាភិបាល​របស់​យើង​ត្រូវ​ចាត់​វិធានការជា​បន្ទាន់​ប្រឆាំង​នឹង​ការ​បំផ្លាញ​ព្រៃឈើ​ដោយ​បង្កើន​តំបន់​ការពារនិង​ការថែ​រក្សា​បរិស្ថានប្រឆាំង​នឹង​គម្រោងការ​វិនិយោគ​ប្រសិនបើ​យើង​ចង់​កាត់​បន្ថយ​ហានិភ័យដូច​ជា​ការរាតត្បាត​នៃ​ជំងឺកូវីដ​១៩ជា​ដើម‍»​។

រដ្ឋាភិបាល​មួយ​ក្នុង​បណ្តា​រដ្ឋាភិបាល​ទាំង​នោះ​គឺ​ប្រទេស​វៀតណាម​ដែល​កាល​ពីខែ​មេសា​បាន​ដាក់​ស្នើ​សេចក្តី​ព្រាងវិសោធនកម្ម​មួយ​អំពី​ច្បាប់​ការពារ​បរិស្ថាន​របស់​ផង​ខ្លួន​ដោយ​មានរួម​បញ្ចូល​ការបង្កើន​ការពិន័យសម្រាប់​ឧក្រិដ្ឋកម្មបរិដ្ឋាន។

​អ្នកស្រី Nguyen Thi Kim Ngan ប្រធាន​រដ្ឋសភាបាននិយាយ​ថា​ មិន​គួរមាន​ការ​ដោះ​ដូរ​រវាងអត្ថប្រយោជន៍​ខាង​បរិដ្ឋាន​និង​ខាង​សេដ្ឋកិច្ច​ទេ។​

អ្នកស្រី​បានថ្លែង​ថា៖ «ការបង្កើន​ចំណាយថវិកា​សម្រាប់​ការការពារ​បរិដ្ឋាន​ជាការ​ចាំ​បាច់»។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG