រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang នឹងមិនចូលរួមកិច្ចប្រជុំការទូតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះដោយមូលហេតុសុខភាព។ នេះបើតាមអ្នកនាំពាក្យក្រសួងរបស់លោកកាលពីថ្ងៃអង្គារម្សិលមិញ។
អ្នកការទូតកំពូលចិនលោក Wang Yi នឹងតំណាងឱ្យចិននៅឯជំនួបនៅក្នុងរដ្ឋធានីហ្សាកាតាជំនួសវិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ដែលបានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួយ ដោយបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់ប្រភពប្រហាក់ប្រហែលគ្នាដែលបានដឹងពីបញ្ហានោះដោយនិយាយថា លោកWang នឹងចូលរួមជំនួបនោះជំនួសលោក Qin វិញ។
រដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននិងចិនមានគម្រោងជួបគ្នានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ មុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅថ្ងៃសុក្រ និងវេទិកាតំបន់អាស៊ាន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា៖ «លោកទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស Qin Gang មិនអាចចូលរួមជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ានទេ ពីព្រោះតែមូលហេតុសុខភាព»។ លោក Wenbin មិនបាននិយាយលម្អិតទេ។
លោក Qin អាយុ៥៧ឆ្នាំបានទទួលតំណែងពីលោក Wang ជារដ្ឋមន្ត្រីការបរទេសនៅខែធ្នូហើយត្រូវបានគេឃើញជាសាធារណៈលើកចុងក្រោយកាលពីថ្ងៃទី២៥ ខែមិថុនានៅក្នុងទីក្រុងប៉េកាំងបន្ទាប់ជំនួបជាមួយពួកមន្ត្រីមកពីប្រទេសស្រីលង្កា រុស្ស៊ីនិងវៀតណាម។
អវត្តមានរបស់លោកត្រូវបានគេកត់សម្គាល់។
អ្នកនាំក្រសួងការបរទេសចិនបានត្រូវគេចោទសួរកាលពីថ្ងៃសុក្រសប្តាហ៍មុនអំពីអត្ថបទមួយនៅក្នុងគេហទំព័រសារព័ត៌មាននយោបាយរបស់សហរដ្ឋអាមេរិកឈ្មោះ Politico ដែលបានដកស្រង់សម្តីការនិយាយស្មានៗថា បញ្ហាសុខភាពអាចស្ថិតនៅពីក្រោយនៃអវត្តមានរបស់លោកQinនោះបាននិយាយថា លោកមិនបានឮអំពីសេចក្តីរាយការណ៍នោះទេ។
អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយថា លោក Qin ត្រូវជួបប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell កាលពីសប្តាហ៍មុននៅក្នុងទីក្រុងប៉េកាំង ក៏ប៉ុន្តែ ជំនួបនោះត្រូវបានពន្យារពេលបន្ទាប់ពីចិនបានជូនព័ត៌មានទៅសហភាពអឺរ៉ុបថា កាលបរិច្ឆេទនៃជំនួបនោះលែងអាចធ្វើទៅបានទៀតហើយ។
សហភាពអឺរ៉ុបត្រូវបានគេប្រាប់ពីការពន្យារពេលតែ២ថ្ងៃមុនពេលការមកដល់របស់លោក Borrell ដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី៥ កក្កដា។ នេះបើតាមប្រភពនានាដែលបានដឹងពីផែនការនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏មានកំណត់ពេលចូលរួមជំនួបនៅក្នុងរដ្ឋធានីហ្សាការតានៅសប្តាហ៍នេះ ដែលផ្តល់ឱកាសមួយទៀតសម្រាប់ការចរចាជាមួយចិននៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វះស្វែងស្តារឡើងវិញទំនាក់ទំនងរវាងមហាអំណាចធំទាំង២។
ដែលជាដំណើរទស្សនកិច្ចលើកទី១ទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំ។
លោក Wang Yi ដែលជាប្រធានគោលនយោបាយការបរទេសរបស់គណបក្សកុម្មុយនីស្តចិនមានឋានៈខ្ពស់ជាងលោក Qin ដែលជារដ្ឋមន្ត្រីការបរទេស និងជាប្រធានគោលនយោបាយបរទេសរបស់រដ្ឋាភិបាលចិន៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន