ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ាន​និង​អូស្ត្រាលី​ប្តេជ្ញា​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់តែ​​ស៊ី​ជម្រៅ​


មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន​និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលីថតរូបជុំគ្នា​ក្នុង​អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន​និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលីថតរូបជុំគ្នា​ក្នុង​អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

នៅ​ទីក្រុង​ Melbourne (មែលប៊ន) ​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៥០ ​ឆ្នាំ​នៃ​ទំនាក់ទំនងអូស្ត្រាលីនិង​អាស៊ាន មេដឹកនាំ​សមាគម​អាស៊ាន រួម​មាន​កម្ពុជា​ផង​ដែរ និង​នាយករដ្ឋមន្រ្តី​អូស្ត្រាលី​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់​តែ​ស៊ីជម្រៅ។ នាយករដ្ឋមន្ត្រី​កម្ពុជា​និង​អូស្ត្រាលី​ក៏​មើល​ឃើញ​ឱកាស​ដើម្បី​រឹត​ចំណង​ទ្វេភាគី​ផង​ដែរ។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ទីក្រុង​មែលប៊ន ចុះ​ថ្ងៃទី​ ៦ ខែ​មីនា​ ឆ្នាំ​ ២០២៤ នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ដ៏​ស្មុគស្មាញ ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច និង​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្រ្ត មេដឹកនាំ​ទាំង​នោះ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំនៅ​ក្នុង​ការ​ធ្វើ​ការ​រួមគ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម ប្រកាន់​ខ្ជាប់​សណ្តាប់​ធ្នាប់​តំបន់​ដោយផ្អែក​លើ​ច្បាប់ និង​កំណត់​អនាគត​រួម។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «ភាព​ជា​ដៃគូ​រយៈ​ពេល ​៥០ ​ឆ្នាំ​របស់​យើង​បាន​កំណត់​ទី​តាំង​យើង​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​បច្ចុប្បន្ន និង​ដែល​កំពុង​រីក​ចម្រើន និង​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​សម្រាប់​អនាគត​កាន់​តែ​មាន​សុវត្ថិភាព ធន់ និង​វិបុលភាព។ យើង​ប្តេជ្ញា​យ៉ាង​មុត​មាំ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា ទាញ​យក​ឱកាស​ដែល​មាន ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​របស់​យើង។ យើង​ប្រារព្ធ​ខួប ​៥០ ​ឆ្នាំ​នៃ​ភាព​ជា​ដៃគូ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ស្វាគមន៍​ភាព​ជា​ដៃគូ​នា​ពេល​អនាគត​នៅ​ចំពោះ​មុខ​យើង»។

ភាគី​ទាំង​ពីរ​ក៏​បង្ហាញ​ឆន្ទៈ​នៅ​ក្នុង​ការ​រក្សា​និង​លើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ តាម​រយៈ​ការ​អនុវត្ត​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ (WPS)​ តាម​រយៈ​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ដែល​មាន​ស្រាប់ ព្រម​ទាំង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍។

គួរ​រំឭក​ថា ​ក្នុង​វិស័យ​ការពារ​សន្តិសុខ ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង AUKUS ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តទល់​ការ​បង្កើន​ភាព​គឃ្លើន​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទី​ដែល​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ទំនាក់ទំនង​យោធា​កាន់​តែ​ខ្លាំង​ជាមួយ​ប្រទេស​ចិន។ ​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី ​៦ ខែ​មីនា ឆ្នាំ​ ២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​ថា ​អាស៊ាន​និង​អូស្ត្រាលី​គឺ​ជា​ដៃគូ​ដ៏​ស្និទ្ធស្នាល​ និង​ថា​ទំនាក់ទំនង​នេះ​បាន​រីក​លូត​លាស់​កាន់​តែ​ខ្លាំង​ឡើងៗ​ជា​លំដាប់​ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន ហើយ​បើក​ផ្លូវ​ឱ្យ​ដំឡើង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កាល​ពី​ឆ្នាំ​ ២០២១។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា​ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ទំនាក់ទំនង​អាស៊ាន-អូស្ត្រាលី តែង​តែ​ឈរ​លើ​បំណង​ប្រាថ្នា​រួម​ ក្នុង​ការ​លើក​កម្ពស់​សន្តិ​ភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ជឿ​ជាក់​គ្នា និង​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក»។

ផ្តោត​លើទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​អូស្ត្រាលី​វិញ លោក ហ៊ុន ម៉ាណែត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​របស់​អូស្ត្រាលី​នៅ​ក្នុង​ដំណើរ​ការ​សន្តិភាព​នៅ​កម្ពុជា​ ជា​ពិសេស​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា​ លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ ខណៈ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​មើល​ឃើញ​ពី​ឱកាស​នៃ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព​កសិកម្ម និង​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​អូស្រ្តាលី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «សូម​ជម្រាប​ជូន​ថា​ កម្ពុជា-អូស្ត្រាលី​មាន​ទំនាក់ទំនង​នឹង​គ្នា​យូរ​អង្វែង​ជាង​ ៧ ​ទសវត្សរ៍​កន្លង​មក​ហើយ​ ហើយ​អូស្ត្រាលី​ជួយ​កម្ពុជា​ច្រើន​ណាស់​ ជួយ​ខ្លាំង​ ហើយ​ជួយ​ច្រើន​ណាស់ ពិសេស​នៅ​អំឡុង​ពេល​នៃ​ការ​ស្វែង​រក​សន្តិភាព​ជូន​កម្ពុជា​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ហើយ​ក្នុង​ពេល​នេះ អូស្ត្រាលី​បន្ត​ជួយ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ក្នុង​វិស័យ​គន្លឹះៗ​ជាច្រើន ដូច​ជា​កសិកម្ម សុខាភិបាល​ ការ​បោស​សម្អាត​មីន​ សន្តិសុខ​ និងការពារ​សន្តិសុខ។ល។»។

អ្នក​ជំនាញ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ លោក សេង វណ្ណលី​ ប្រាប់​វីអូអេ​ថា​ លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​បង្ហាញ​ថា​អូស្ត្រាលី​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ដែល​មាន​ស្រាប់ ខណៈ​ព្យាយាម​បង្កើន​កិច្ចសហប្រតិបត្តិ​ការ​ថ្មី ដើម្បី​ឱ្យ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​អូស្ត្រាលី​កាន់​តែ​ល្អ​ប្រសើរ។

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ អូស្ត្រាលី​មើល​ឃើញ​ពី​សក្តានុពល​របស់​អាស៊ាន​សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន​និង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ហើយ​អាស៊ាន​ក៏​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​អូស្ត្រាលី​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ជា​ចំណុច​មួយ​ដែលអាស៊ាន​ក៏​សាទរ​ចំពោះ​ការ​ចូលរួម​និង​កិច្ច​សហ​ប្រតិបត្តិការ​របស់​អូស្ត្រាលី​ដែរ​ ដោយ​សារ​តែ​អាស៊ាន​ជា​ទូទៅ អាស៊ាន​មើល​ឃើញ​ថា​ បើ​សិន​ជា​ខ្លួន​អាច​ពង្រឹង​ទំនាក់ទំនង​រវាង​ដៃគូ​សន្ទនា​របស់​អាស៊ាន ជា​ពិសេស​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ដែល​មាន​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ អាស៊ាន​អាច​នឹង​ការពារ​មជ្ឈភាព​របស់​អាស៊ាន មិន​ឱ្យ​បែក​បាក់​ និង​មិន​ឱ្យ​ចាប់​ខាង​នៅ​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ។ អ៊ីចឹង​ហើយ​អូស្ត្រាលី​គាត់​មើល​ឃើញ​ពី​ចំណុច​ត្រង់​នេះ​របស់​អាស៊ាន​ដែរ​ បាន​ជា​គាត់​ធ្វើ​ម៉េច​ពង្រឹង ហើយ​និង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន ធ្វើ​ម៉េច​ឱ្យ​មាន​វិបុលភាពផ្នែក​សេដ្ឋកិច្ច»។

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា ​ចំណង​ទាក់ទង​រវាង​កម្ពុជា​និង​អូស្ត្រាលីមាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​លោក​ថា​ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ កម្ពុជា​ត្រូវ​ពង្រឹង​ស្ថាប័ន​សាធារណៈ បើក​លំហ​សេរីភាព​នយោបាយ សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG