លោក Robert Mueller III រដ្ឋអាជ្ញាពិសេសដែលកំពុងស៊ើបអង្កេតពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំទៅ បានពង្រីកក្រុមមេធាវីរបស់លោកទៅដល់ចំនួន១៣នាក់ ហើយមានផែនការជួលមេធាវីកាន់តែច្រើនឡើងថែមទៀត នេះតាមការបញ្ជាក់របស់លោក Peter Carr អ្នកនាំពាក្យរបស់លោកដែលបានថ្លែងកាលពីថ្ងៃសុក្រ។
ចាប់តាំងពីបានទទួលការតែងតាំងនៅថ្ងៃទី១៧ ខែឧសភាមក លោក Mueller អតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានជ្រើសរើសក្រុមមេធាវី អ្នកស៊ើបអង្កេតនិងរដ្ឋអាជ្ញាពូកែៗដែលមានបទពិសោធន៍ខ្លាំងនៅក្នុងវិស័យទាំងនោះចាប់តាំងពីច្បាប់លួចបន្លំប្រាក់រហូតដល់រដ្ឋធម្មនុញ្ញ។
មេធាវី៣រូបមកពីក្រុមមេធាវី WilmerHale ដែលជាអតីតក្រុមមេធាវីរបស់លោក Mueller។ មេធាវីទាំងនោះមានលោក Aaron Zebley អតីតភ្នាក់ងារ FBI ដែលក្រោមមកបានធ្វើជានាយខុទ្ទកាល័យរបស់លោក Mueller នៅការិយាល័យ FBI លោក James Quarles អតីតរដ្ឋអាជ្ញាពិសេសរងធ្វើការខាងរឿងអាស្រូវ Watergate ដែលមានបទពិសោធន៍ជាង៣ទសវត្សរ៍នៅក្រុមហ៊ុន WilmerHale ហើយនិងលោកស្រី Jeannie Rhee អតីតរដ្ឋអាជ្ញាសហព័ន្ធនិងជាមន្រ្តីនៅក្រសួងយុត្តិធម៌។
មេធាវីជាច្រើនទៀតនៅក្នុងក្រុមរបស់លោក Mueller នៅពេលបច្ចុប្បន្ននេះកំពុងបម្រើការងារនៅក្រសួងយុត្តិធម៌ ដែលរួមមានលោក Michael Dreeben ជាអគ្គនាយករងស្មាក្តីដែលបានកាន់រឿងក្តីជាង១០០នៅខាងមុខតុលាការកំពូល លោក Andrew Weissmann អតីតនាយកក្រុមការងារ Enron ដែលដឹកនាំផ្នែកបទល្មើលឆបោករបស់នាយកដ្ឋានឧក្រិដ្ឋកម្ម ហើយនិងលោកស្រី Lisa Page អតីតមេធាវីការពារក្តីដែលបានធ្វើការនៅផ្នែកឧក្រិដ្ឋកម្មនិងជនអន្ធពាល៕