ប្រធានសមាគមវេជ្ជសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង និយាយថា មានភាពខុសគ្នាយ៉ាងខ្លាំងរវាងវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron) និងវីរុសដែលតា (Delta) ហើយបានព្រមានពួកអ្នកនយោបាយអំពីការឃោសនាបំផ្លើសពីការគំរាមកំហែងពីមេរោគថ្មីនេះ។
លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee បានរិះគន់កាលពីថ្ងៃអង្គារអំពីអ្វីដែលលោកស្រីបានពណ៌នាថា ជា«ប្រតិកម្មជ្រុល»ចំពោះវីរុសបំប្លែងខ្លួនឆ្លងខ្លាំងអូមីក្រុងដោយរដ្ឋាភិបាលអឺរ៉ុបខ្លះ ដោយលោកស្រីបាននិយាយសំដៅដល់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ដែលលោកស្រី បានចោទប្រកាន់ថា បានបង្កើត«ការរំជើបរំជួល»អំពីវីរុសថ្មីនេះ។
កាលពីថ្ងៃអង្គារ សភាជាន់ទាបអង់គ្លេស បានអនុម័តវិធានការរឹតត្បិតនានាទាក់ទងជំងឺកូវីដ១៩ ឡើងវិញ ហើយបានដាក់ចេញនូវការរឹតត្បិតថ្មីខ្លះ ពីព្រោះតែការកើនឡើងនូវករណីឆ្លងនៃវីរុសអូមីក្រុង ថ្វីបើលោក Johnson បានប្រឈមការតវ៉ាប្រឆាំងដ៏ខ្លាំងដោយសមាជិកសភា១ ភាគ៣ នៅក្នុងគណបក្សរបស់លោកក៏ដោយ ហើយពឹងផ្អែកលើគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតនេះ។
លោកស្រី Coetzee ជាវេជ្ជបណ្ឌិតលើកដំបូងម្នាក់នៅក្នុងពិភពលោកដែលបានប្រកាសអាសន្នអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងនេះ ដែលគេរកឃើញដំបូងនៅបណ្តាប្រទេសភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។
លោកស្រី Coetzee បានប្រាប់បណ្តាញទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេសថា វីរុសដែលតាធ្ងន់ធ្ងរជាង ហើយលោកស្រីអាណិតអ្នកជំងឺដែលបានឆ្លងវីរុសដែលតា ដោយបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ចំពោះវីរុសអូមីក្រុងវិញ រយៈពេលជិតមួយខែដែលវារាតត្បាតនៅប្រទេសអាហ្វ្រិកខាងត្បូងមក លោកស្រីថា មិនបានឃើញទិដ្ឋភាពរន្ធត់ប្រហាក់ប្រហែលគ្នានោះទេ ហើយថា អ្នកជំងឺអូមីក្រុងរបស់លោកស្រី ចេញរោគសញ្ញាស្រាលជាង។
ទីប្រឹក្សាវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងទស្សន៍ទាយថា នឹងមានការឆ្លងវីរុសអូមីក្រុងចំនួន១លានករណីត្រឹមចុងខែធ្នូនេះ ហើយថ្វីបើអាហ្វ្រិកខាងត្បូង កំពុងឃើញករណីឆ្លងថ្មីរាប់ម៉ឺនករណីជារៀងរាល់ថ្ងៃក៏ដោយ ក៏លោកស្រី Coetzee បានអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ ដោយនិយាយថា ចក្រភពអង់គ្លេសនិងប្រទេសផ្សេងទៀតនៅអឺរ៉ុប បានចាក់វ៉ាក់សាំងកម្រិតប្រសើរជាងប្រទេសអាហ្វ្រិកខាងត្បូង ហើយស្ថិតនៅក្នុងស្ថានភាពប្រសើជាងនៅក្នុងការប្រយុទ្ធប្រឆាំងរីរុសនេះ។
ប៉ុន្តែ មានអ្នកវិទ្យាសាស្ត្រមួយចំនួន មិនយល់ស្របនឹងការវិនិច្ឆ័យរបស់លោកស្រី Coetzee ទេ ដោយពួកគេថា វីរុសអូមីក្រុងនេះ គ្រោះថ្នាក់ជាងវីរុសកូវីដ១៩មុនៗ៕