កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិននៅក្នុងការបង្ហាញដល់ទ្វីបអឺរ៉ុបថាប្រទេសចិនជាទីសុខសាន្តមានសុវត្ថិភាពសម្រាប់ការវិនិយោគហាក់ដូចជាមិនទទួលបានជោគជ័យទេ។
នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងកាលពីពេលថ្មីៗនេះដោយផ្សព្វផ្សាយអំពីប្រទេសចិននៅក្រោយវិបត្តិជំងឺកូវីដ១៩ ថាជាប្រទេសមួយដែលមានស្ថាប័នបើកចំហធ្វើប្រតិបត្តិការនៅក្នុងបរិយាកាសដែលមានទំនោរទៅរកទីផ្សារនិងអាជីវកម្មកម្រិតពិភពលោកដែលគ្រប់គ្រងដោយប្រព័ន្ធច្បាប់មួយដែលការពារសិទ្ធិនិងផលប្រយោជន៍ក្រុមហ៊ុនបរទេស។
ប៉ុន្តែ ក្រុមហ៊ុនអឺរ៉ុបនៅក្នុងប្រទេសចិនចំនួន ៦៤% ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក បានរាយការណ៍ថាការប្រកបអាជីវកម្មនៅក្នុងប្រទេសចិនមានការលំបាកច្រើនកាលពីឆ្នាំ ២០២២។ នេះបើយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដែលចេញផ្សាយដោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅក្នុងប្រទេសចិន។
ការស្ទង់មតិរបស់សភាពាណិជ្ជកម្មនេះបានរកឃើញថា ជំនឿទុកចិត្តរបស់ក្រុមហ៊ុនអឺរ៉ុបនានានៅក្នុងទីផ្សារប្រទេសចិនមានកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ដោយ ៣០% នៃអ្នកដែលបានចូលរួមនៅក្នុងការស្ទង់មតិនេះបានបញ្ជាក់ថា ប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំបានថយចុះនៅក្នុងឆ្នាំ ២០២២ ហើយអ្នកចូលរួមនៅក្នុងការស្ទង់មតិនេះម្នាក់ក្នុងចំណោម ១០ នាក់បានលើកឡើងថា ពួកគេបានប្ដូរឬក៏មានផែនការប្ដូរទីស្នាក់ការកណ្ដាលរបស់ពួកគេនៅទ្វីបអាស៊ីចេញពីប្រទេសចិន។
ការស្ទង់មតិមួយរបស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះបានបង្ហាញថា ការពេញចិត្តរបស់ក្រុមហ៊ុនអាមេរិកាំងនៅក្នុងការវិនិយោគនៅក្នុងប្រទេសចិនក៏បានថយចុះផងដែរ។
លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅក្នុងប្រទេសចិន ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២១ ខែមិថុនាថា ការស្ទង់មតិថ្មីចុងក្រោយបង្អស់នេះគឺជាសញ្ញាមួយបង្ហាញដល់រដ្ឋាភិបាលចិនថា ការសន្ទនារឿងអភិបាលកិច្ចគឺត្រូវការជាចាំបាច់។
លោកបាននិយាយដូច្នេះថា៖ «នៅពេលនេះ ក្រុមហ៊ុនអឺរ៉ុបភាគច្រើនបានទម្លាក់ប្រទេសចិនចេញពីចំណាត់ថ្នាក់នៃប្រទេសគោលដៅកំពូលចំនួន ៣ សម្រាប់ការវិនិយោគរបស់អឺរ៉ុប។ ប្រសិនបើយើងក្រឡេកមើលរយៈពេលខ្លីខាងមុខ តាមពិតវាគឺមានស្ថានភាពអាក្រក់ជាងនេះទៅទៀត។ អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន ៥៣% បានប្រាប់យើងថា ពួកគេមិនមានផែនការដើម្បីបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងឆ្នាំនេះទេ»។
ទស្សនៈវិស័យបែបទុទ្ទិដ្ឋិនិយមនេះគឺផ្ទុយពីការលើកឡើងប្រកបដោយក្ដីសង្ឃឹមរបស់លោក Li Qiang នៅក្នុងពិធីជប់លៀងមួយក្នុងប្រទេសបារាំងកាលពីយប់ថ្ងៃទី ២១ ខែមិថុនាកន្លងទៅនេះ។
លោក Li Qiangបាននិយាយដូច្នេះថា៖ «យើងសង្ឃឹមថាសហគ្រិនចិននិងបារាំងនឹងគាំទ្រមិនងាករេលើសាកលភាវូបនីយកម្មសេដ្ឋកិច្ច...និងធ្វើការជាមួយគ្នាដើម្បីរក្សាស្ថិរភាពនិងភាពធន់នៃសង្វាក់ផ្គត់ផ្គង់រវាងប្រទេសចិន ប្រទេសបារាំង និងទ្វីបអឺរ៉ុប»។
ការស្ទង់មតិរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបនេះបានធ្វើឡើងរយៈពេល ៥ សប្ដាហ៍នៅក្នុងខែកុម្ភៈនិងខែមីនាកន្លងទៅនេះ និងទទួលបានការឆ្លើយតបចំនួន ៥៧០ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអាជីវកម្មដែលជាសមាជិករបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលចំនួននេះស្មើនឹងប្រមាណ ៤៦% នៃក្រុមហ៊ុនអាជីវកម្មដែលជាសមាជិកសភាពាណិជ្ជកម្មសហភាពអឺរ៉ុបទាំងអស់។ ក្នុងចំណោមអ្នកចូលរួមក្នុងការស្ទង់មតិនេះ ៨០% ធ្លាប់បានរស់នៅក្នុងប្រទេសចិនជាង ១០ ឆ្នាំ។
ការស្ទង់មតិនេះបានបង្ហាញថា អ្នកចូលរួមចំនួន ៧៥% បានពង្រឹងយ៉ាងសកម្មនូវភាពបង់បែននៃសង្វាក់ផ្គង់ផ្គង់របស់ខ្លួននៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ១២% ក្នុងចំណោមនេះបានបញ្ជាក់ថា ក្រុមហ៊ុនរបស់ពួកគេបានផ្ទេរការវិនិយោគខ្សែផលិតកម្មចេញពីប្រទេសចិន ដោយខ្សែផលិតកម្មជាច្រើនត្រូវបានផ្ទេរជាបណ្ដើរៗទៅកាន់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ