មន្ត្រីប៉ូលិសនៅទីក្រុង Portland រដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិក បានប្រកាសថា មានកុបកម្មបានកើតឡើងនៅទីក្រុងនេះ ខណៈពេលដែលមានបាតុកម្មប្រឆាំងអយុត្តិធម៌ខាងពូជសាសន៍ បន្តកើតមានឡើងនៅទីនោះ។
ប៉ូលិសបានកំណត់ការតវ៉ានោះថា ជាកុបកម្ម កាលពីយប់ថ្ងៃអង្គារ ដែលបានកើតឡើងនៅខាងក្រៅអគារស្រុក Multnomah ហើយបានបញ្ជាឲ្យមនុស្សចាកចេញពីទីនោះ។ អ្នកប្រឆាំងតវ៉ា បានវាយកញ្ចក់បង្អួចនៅជាន់ទីមួយហើយគប់ដុំភ្លើងចូលទៅខាងក្នុងអគារនោះ នេះបើតាមការបញ្ជាក់របស់ការិយាល័យប៉ូលិសនៃស្រុក Multnomah។
ប្រធានគណៈកម្មាការស្រុក Multnomah លោកស្រី Deborah Kafoury បាននិយាយថា អគាររបស់សង្កាត់ Multnomah ត្រូវបានក្រុមអ្នកប្រឆាំងតវ៉ាដុតនិងវាយបំផ្លាញ នេះបើការផ្សាយរបស់សារព័ត៌មាន Oregonian/OregonLive។ លោកស្រីថា មានការខូចខាតបន្ទប់ធំនៅជាន់ក្រោមដែលជាកន្លែងចែកចាយឧបករណ៍បរិក្ខារប្រឆាំងជំងឺកូវីដ១៩។
អគារនេះ ត្រូវបានប្រើប្រាស់សម្រាប់ពិធីមង្គលការ និងសេវាសង្គមផ្សេងៗ។ លោកស្រី Kafoury ក៏បានស្នើឲ្យពលរដ្ឋក្នុងសហគមន៍គាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំជំងឺកូវីដ១៩ និងផ្តល់កម្មវិធីផ្សេងៗទាក់ទងនឹងរឿងនេះ។
បាតុកម្មតវ៉ា ដែលជារឿយៗក្លាយជាអំពើហិង្សានោះ បានផ្ទុះឡើងនៅក្នុងទីក្រុងដ៏ធំជាងគេរបស់រដ្ឋ Oregon នេះ អស់រយៈពេលប្រមាណជាង២ខែមកហើយ បន្ទាប់ពីមានព្រឹត្តិការណ៍ការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅលោក George Floyd ក្នុងពេលស្ថិតនៅក្រោមសមត្ថកិច្ចប៉ូលិស ក្នុងទីក្រុង Minneapolis កាលពីចុងខែឧសភា។
ប៉ូលិសកាលពីថ្ងៃអង្គារ បានកំណត់មុខសញ្ញាជនសង្ស័យ ដែលបានវាយនិងទាត់ទៅលើបុរសម្នាក់ឲ្យដួលលើដី បន្ទាប់ពីគាត់ បានបើកឡានប៉ះទង្គិចនៅផ្លូវជិតកន្លែងក្រុមប្រឆាំងតវ៉ា កំពុងធ្វើបាតុកម្មនោះ៕