ក្រុមអ្នកប្រឆាំងតវ៉ាជាច្រើននាក់ បានមកជួបជុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងទីក្រុង Kenosha រដ្ឋ Wisconsin ក្រោយពេលដែលប៉ូលិសបានបាញ់ទៅលើជនស្បែកខ្មៅម្នាក់។
រូបភាពវីដេអូដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម បង្ហាញថា បុរសស្បែកខ្មៅម្នាក់កំពុងដើរពីមុខឡានមួយ នៅពេលប៉ូលិសបានដើរតាមគាត់ពីក្រោយដោយមានកាន់កាំភ្លើងផងដែរ។ នៅពេលដែលបុរសស្បែកខ្មៅរូបនោះ បើកទ្វារចូលក្នុងរថយន្តនោះ មន្រ្តីប៉ូលិសម្នាក់បានចាប់ទាញអាវគាត់ពីក្រោយ ហើយបាញ់កាំភ្លើងទៅលើបុរសនោះ។ ក្នុងរូបភាពវីដេអូនោះ គេឮស្នូរបាញ់ចំនួន៧គ្រាប់ ប៉ុន្តែគេមិនច្បាស់ទេថា តើមានមន្រ្តីប៉ូលិសប៉ុន្មាននាក់ជាអ្នកបាញ់ប្រហារនោះ ហើយតើមូលហេតុអ្វីបានជាបណ្តាលឲ្យប៉ូលិសធ្វើការបាញ់បុរសរូបនោះ។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប៉ូលិសក្រុង Kenosha ពុំបានបញ្ជាក់លម្អិត ពីព្រឹត្តិការណ៍មុនពេលឈានទៅដល់ការបាញ់ប្រហារនោះទេ ដោយគ្រាន់តែនិយាយថា បុរសស្បែកខ្មៅរូបនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសធ្ងន់។ សេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងផងដែរថា នាយកដ្ឋានយុត្តិធម៌របស់រដ្ឋWisconsin នឹងធ្វើការស៊ើបអង្កេតទាក់ទងនឹងរឿងបាញ់នេះ។
អាជ្ញាធរបានដាក់ចេញនូវបំរាមគោចរមួយយប់ ជាការឆ្លើយតបចំពោះការចេញមកប្រឆាំងតវ៉ា ដោយក្នុងនោះ គេឃើញក្រុមអ្នកតវ៉ាបានដើរទៅអគាររដ្ឋបាលរបស់ស្រុក Kenosha។ ក្រុមប៉ូលិសបានប្រើប្រាស់របាំងជ័រប្លាស្ទិក និងដំបង ដើម្បីរុញច្រានឲ្យក្រុមអ្នកតវ៉ាចាកចេញពីការិយាល័យរបស់ពួកគេ។
ការបាញ់ប្រហារនេះ ជាហេតុការណ៍ថ្មីៗចុងក្រោយ នៃការបាញ់ប្រហារជាច្រើនរបស់ប៉ូលិស ទៅលើជនស្បែកខ្មៅអាមេរិក ដែលបណ្តាលឲ្យមានការធ្វើបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក និងទាមទារឲ្យមានការធ្វើកំណែទម្រង់ទៅលើស្ថាប័នប៉ូលិស និងចាត់វិធានការដោះស្រាយចំពោះភាពមិនស្មើគ្នាក្នុងរឿងជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
អភិបាលរដ្ឋ Wisconsinលោក Tony Evers បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគាំទ្របុរសស្បែកខ្មៅដែលត្រូវប៉ូលិសបាញ់ និងគ្រួសាររបស់គាត់ ហើយបានសន្យាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីទាមទារឲ្យមានចំណាត់ការពីមន្ត្រីជាប់ឆ្នោតរបស់រដ្ឋនេះ ដែលមិនបានទទួលស្គាល់នូវភាពអយុត្តិធម៌ខាងជាតិសាសន៍ នៅក្នុងរដ្ឋនេះ ក៏ដូចជានៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេលជាយូរមកហើយ៕