ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ចាប់​ខ្លួន​អះអាង​ថា​ ខ្លួន​រង​ការ​គាប​សង្កត់​នយោបាយ


ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​អំឡុង​ពេលធ្វើយុ​ទ្ធ​បោះឆ្នោត។​
ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​អំឡុង​ពេលធ្វើយុ​ទ្ធ​បោះឆ្នោត។​
សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​ខេត្ត​កំពត និង​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ ទំនងជា​ទទួល​រង​សម្ពាធ​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​សេរីភាព។​

នេះ​បើ​យោង​តាម​សមាជិក​គ្រួសារ​របស់​ជន​ត្រូវ​ចាប់ខ្លួន​និង​មន្ត្រី​គណបក្ស​ជំទាស់។​

លោក​ស៊ូ​ តន​ អាយុ​៥១​ឆ្នាំ​ ដែល​ជា​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់​នេះ​និង​ជា​ម្ចាស់​សិប្បកម្ម​ជ្រៀក​ឈើ​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្តកំពត​ ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​មិថុនា ​ដោយសារ​បាន​បើក​សិប្បកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ខណៈ​ដែល​សកម្មជន​នយោបាយ​ម្នាក់​និង​អ្នក​គាំទ្រ​នយោបាយ​បួន​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​បន្តបន្ទាប់​គ្នា​ផង​ដែរ។​

កូនប្រុស​របស់​លោក​ស៊ូ​ តន​គឺ​លោក​ង៉ែត ផល្លីរៀបរាប់​ថា​ ក្រុម​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ព័ទ្ធ​ផ្ទះ​របស់​លោក​មុន​នឹង​ចាប់​ខ្លួន​ឪពុករបស់​លោក។​

លោក​ង៉ែត ផល្លី​និយាយ​ថា ​ក្រុម​សមត្ថ​កិច្ច​បាន​ទុក​រយៈ​ពេល​២៤​ម៉ោង​ឲ្យ​ធ្វើការ​សម្រេច​ចិត្ត​ ប៉ុន្តែ​ចុង​ក្រោយ​មក​ក្រុម​គ្រួសារ​របស់​លោក​មិន​បាន​ចុះ​ចូល​នោះ​ទេ។​

លោក​និយាយ​ថា៖​ «​ឲ្យ​យើង​ចុះចូល​នឹង​គេ​ស្ងាត់ៗ​ចឹង​ទៅ​ណា។​ ប៉ុន្តែ​ខ្ញុំ​អត់​ផ្តិត​មេដៃ​ឲ្យ​ទេ។​ មក​បង្ខំ​ខ្ញុំ​ឲ្យ​ផ្តិត​ ព្រោះ​ខ្ញុំ​មិន​ដឹង​ផ្តិត​ទៅ​ជា​យ៉ាងណា។​ ខ្ញុំ​អត់​ផ្តិត​ ហើយ​សម្រេច​ថា​ អត់​ទៅ​ចូល​ខាង​គណបក្ស​ប្រជាជន​វិញ​ទេ»។​

លោក​ជា​ ប៉ូច​ ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពត​ បាន​លើក​ឡើង​ថា​ មាន​ការ​បង្ខិត​បង្ខំ​លើ​សកម្មជន​គណបក្ស​របស់​លោក​ដូច្នេះ​មែន។​

លោក​អះអាង​ថា៖​ «គេ​បង្ខំ​ថា ​បើសិនជា​ចង់​ដោះ​លែង​វិញ​ ទាល់តែ​ចូល​គណបក្ស​ប្រជាជន»។​

លោក​ខូយ ឃុន​ហួរ​ អភិបាល​ខេត្ត​កំពត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​បាន​ឮ​ការ​លេច​ធ្លាយ​ព័ត៌មាន​បែប​នេះ​ដែរ។​ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​គណបក្ស​កាន់​អំណាច​មិន​បាន​ធ្វើ​បែប​នេះ​ទេ។

លោក​បកស្រាយ​ថា៖ «​ខ្ញុំ​ឮ​ព័ត៌មាន​ហ្នឹង​ដែរ។​ ហើយ​ខ្ញុំ​កំពុង​តែ​ឆែក​មើល​ ក្រែង​មាន​អ្នក​លួច​បន្លំ​យក​ឈ្មោះ​គណបក្ស​ប្រជាជន​ធ្វើ​ឲ្យ​ខូច។​ គណបក្ស​ប្រជាជន​អត់​(ធ្វើ)​ទេ​ ពីព្រោះ​នេះ​ជា​រឿង​ច្បាប់។​ បើសិនជា​មាន​ករណី​នោះ​កើតឡើង​មែន​ ខ្ញុំ​នឹង​ប្តឹង។​ ខ្ញុំ​អាច​គិត​ថា ​នេះ​ជា​ការ​បរិហារ​កេរ្តិ៍​ចំពោះ​ខ្ញុំ​ ចំពោះ​គណបក្ស​ប្រជាជន»។

សូម​បញ្ជាក់​ថា​ លោក​ស៊ូ​ តន​ និង​បុរស​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផល​ និង​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ដោយ​ខុសច្បាប់​ក្រោយ​ពី​ពួក​គេ​ត្រូវ​ចាប់ខ្លួន​កាលពី​ចុង​ខែ​មិថុនា។​ ដោយ​ឡែក​បុរស​ម្នាក់​ទៀត​ដែល​ជា​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ ត្រូវ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​គំរាម​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ​តាម​ទូរ​ស័ព្ទ។​

ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ និង​អ្នក​គាំទ្រ​នយោបាយ​ទាំង​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​គណបក្ស​នយោបាយ​សរុប​ចំនួន​ប្រាំបី​នាក់​កំពុង​ធ្វើការ​ឃោសនា​ប្រជែង​រក​សម្លេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា។​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​ដឹង​ថា​ គឺ​ជា​គណបក្ស​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​យ៉ាង​មាន​សក្តានុពល។​

លោក​យន់​ ផ​ល្លី​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កំពត​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​មាន​ការ​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​និន្នាការ​នយោបាយ​ដោយ​មិន​មាន​ការ​ស្ម័គ្រ​ចិត្ត​គឺ​ជា​ការ​បង្ខិត​បង្ខំ​ផ្នែក​នយោបាយ៕
XS
SM
MD
LG