ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃអាទិត្យថា បានរំលោភលើកិច្ចព្រមព្រៀងផ្អាកវាយប្រយុទ្ធគ្នាបែបមនុស្សធម៌នៅក្នុងតំបន់ជម្លោះ Nagorno Karabakh គឺក្នុងពេលតែប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចូលជាធរមាន។
ក្រសួងការពារប្រទេសអាមេនីបានបញ្ជាក់លើ Twitter ថា៖ «ជាថ្មីម្តងទៀត មានការរំលោភលើកិច្ចព្រមព្រៀងផ្អាកវាយប្រយុទ្ធគ្នាបែបមនុស្សធម៌ ដោយសត្រូវបានបាញ់គ្រាប់កាំភ្លើងត្បាល់នៅទិសខាងជើង... និងបានបាញ់គ្រាប់រ៉ុកកែតនៅទិសខាងត្បូង»។
ក្រសួងការពារប្រទេសអាស៊ែបៃហ្សង់ ក្រោយមកបានចេញសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ថា៖ «សត្រូវបានបាញ់គ្រាប់កាំភ្លើងធំនិងកាំភ្លើងត្បាល់ដាក់តំបន់ជុំវិញទីក្រុង Jabrayil និងភូមិនានានៅក្នុងតំបន់នោះ»។ ក្រសួងនេះបានបន្ថែមថា កងទ័ពអាស៊ែបៃហ្សង់ «បានចាត់វិធានការសមស្របសងសឹកវិញ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បាននិយាយប្រឆាំងនឹងអរិភាពនេះផងដែរ នៅពេលដែលលោកបានថ្កោលទោស «ការវាយប្រហារទាំងអស់លើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដែលរងការប៉ះពាល់ដោយជម្លោះនៃតំបន់ Nagorno Karabakh នេះ»។
សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយដោយលោក Stephan Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា លោក Guterres បានហៅការវាយប្រហារកាលពីពេលថ្មីៗនេះលើទីក្រុង Ganja ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេសអាស៊ែបៃហ្សង់ ថាជា «ការមិនអាចទទួលយកបានទាំងស្រុង ដូចទៅនឹងការវាយប្រហារមិនរើសមុខនៅតាមកន្លែងផ្សេងៗទៀតផងដែរ»៕