ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ នៅតំបន់ Nagorno-Karabakh បានធ្លាយហួសព្រំដែនតំបន់ដែលមានជម្លោះនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Hikmet Hajiyev ជំនួយការរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បាននិយាយថា កងកម្លាំងអាមេនីបានបាញ់ផ្ដក់គ្រាប់កាំភ្លើងត្បាល់និងគ្រាប់រ៉ុកកែត ដាក់ទីក្រុង Ganja ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេសអាស៊ែបៃហ្សង់ ដោយបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង ៣២ នាក់ទៀតរងរបួស។
លោក Hajiyev បានបន្ថែមថា កងកម្លាំងអាមេនីក៏បានវាយប្រហារទីក្រុងឧស្សាហកម្ម Mingachevir និងក្រុងតូចៗផ្សេងទៀតផងដែរ។
ការអះអាងរបស់លោក Hajiyev បានត្រូវច្រានចោលដោយកងទ័ពអាមេនី ក៏ប៉ុន្តែ លោក Arayk Harutyunyan មេដឹកនាំនៃតំបន់ Nagorno-Karabakh បានបញ្ជាក់នៅក្នុងសារបង្ហោះលើ Facebook ថា កងកម្លាំងរបស់លោកបានវាយប្រហារទីតាំងយោធាក្នុងទីក្រុង Ganja មុនពេលលោកបញ្ជាឲ្យពួកគេបញ្ឈប់ការវាយប្រហារ ដើម្បីបញ្ចៀសកុំឲ្យមានការប៉ះពាល់ដល់អាយុជីវិតរបស់ជនស៊ីវិល។
លោក Harutyunyan បានព្រមានថា កងទ័ពរបស់លោកនឹងចាប់ផ្តើមវាយប្រហារទីក្រុងធំៗផ្សេងទៀត នៅក្នុងប្រទេសអាស៊ែបៃហ្សង់ ហើយបានជំរុញឲ្យទីក្រុងទាំងនោះជម្លៀសពលរដ្ឋជាបន្ទាន់។
អាជ្ញាធរនៅក្នុងតំបន់ Nagorno-Karabakh បានព្រមានថា «សមរភូមិចុងក្រោយ» ដើម្បីតំបន់នេះ បានចាប់ផ្តើមហើយ។ កាលពីថ្ងៃសៅរ៍ ពួកគេបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យ «ទទួលស្គាល់ឯករាជ្យភាព» របស់តំបន់ Nagorno-Karabakh ថាជា «យន្តការប្រកបដោយប្រសិទ្ធភាពតែមួយគត់ ដើម្បីស្ដារសន្តិភាពឡើងវិញ»។
ការចរចារកដំណោះស្រាយសម្រាប់ជម្លោះនេះបានជាប់គាំង តាំងពីមានកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នាឆ្នាំ ១៩៩៤ រវាងប្រទេសអាមេនី អាស៊ែបៃហ្សង់ និងតំបន់ Nagorno-Karabakh មក។
កិច្ចប្រឹងប្រែងសន្តិភាពសម្រាប់ជម្លោះក្នុងតំបន់ Nagorno-Karabakh ដែលសម្របសម្រួលដោយក្រុម Minsk Group នៃអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) បានបរាជ័យនៅក្នុងឆ្នាំ ២០១០៕