ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Hassan Rouhani (ហាសាន រ៉ូហាន់នី) បានព្រមានថា ការប្រយុទ្ធគ្នានាពេលនេះ រវាងកងទ័ពនៃប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ អាចរាលដាលតាមព្រំដែនរបស់ខ្លួន ហើយអាចបង្កឲ្យក្លាយទៅជាសង្គ្រាមមួយក្នុងតំបន់។
លោក Hassan Rouhani បានលើកឡើងពីក្តីបារម្ភរបស់លោកជុំវិញជម្លោះនៃប្រទេសទាំងពីរនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកកាលពីថ្ងៃពុធ។
ជនស៊ីវិលនិងកងទ័ពរាប់រយនាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ដែលបានឈានចូលដល់ថ្ងៃទី១០ ជុំវិញជម្លោះដែនដីក្នុងតំបន់ Nagorno-Karabakh ។ ប្រទេសអ៊ីរ៉ង់មានព្រំដែនភាគពាយ័ព្យជាប់ប្រទេសទាំពីរ និងមានទំនាក់ទំនងការទូតល្អជាមួយប្រទេសទាំងពីរនេះផងដែរ។
សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា មានគ្រាប់ផ្លោងដែលបាញ់ខុសទិសបានខ្ទាតធ្លាក់ចូលក្នុងភូមិនិងទីប្រជុំជនជាប់ព្រំដែនរបស់ប្រទេសអ៊ីរ៉ង់ ដែលបានបំផ្លាញអគារមួយចំនួន និងរបួសកុមារអាយុ៦ឆ្នាំម្នាក់ផងដែរ។
លោកRouhani ក៏បានព្រមានផងដែរថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ នឹងមិនអត់អោនឲ្យប្រទេសណាមួយ ដែលបញ្ជូនភេរវករមកកាន់ព្រំដែនប្រទេសអ៊ីរ៉ង់ ក្រោមលេសណាមួយនោះទេ។
ចំណែកប្រទេសតួកគីវិញ ត្រូវទទួលរងការចោទប្រកាន់ថា បានបញ្ជូនកងទ័ពស៊ីរីមកក្នុងតំបន់ ដើម្បីគាំទ្រប្រទេសអាស៊ែបៃហ្សង់ ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន ដែលការចោទប្រកាន់នេះត្រូវបានប្រទេសតួកគីបដិសេធ៕