ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាហ្សង់ទីនធ្វើដំណើរមកសហរដ្ឋអាមេរិក


រូបឯកសារ៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីឈ្នះការបោះឆ្នោត នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីឈ្នះការបោះឆ្នោត នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតីទើបជាប់ឆ្នោត​ថ្មី​របស់​ប្រទេស​អាហ្សង់ទីន លោក Javier Milei បាន​ធ្វើ​ដំណើរ​មក​កាន់សហរដ្ឋអាមេរិកកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញដើម្បី​ជួបជា​មួយ​មន្ត្រី​សហរដ្ឋអាមេរិក​និង​មន្ត្រី​អន្តរជាតិ​មួយ​ចំនួនទៀត​ ​ជុំវិញប្រាក់​កម្ចីសម្រាប់​ប្រទេស​របស់​លោក។​ នេះ​បើតាម​ប្រភពការទូត​មួយ​ចំនួន ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP។​ ​

អ្នក​សេដ្ឋកិច្ច​ស្តាំ​និយម​រូប​នេះ​ នឹង​មក​ដល់​ទីក្រុង New York សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ឯកជន​មួយ​ មុន​ពេល​ធ្វើ​ដំណើរ​មករដ្ឋធានី​វ៉ាស៊ីនតោននៅ​ថ្ងៃនេះ​ ដែល​លោក​គ្រោង​នឹង​ជួប​ជា​មួយមន្ត្រី​ការទូត​អាមេរិក​លោក Juan Gonzalez។ នេះ​បើ​តាម​ប្រភព​ទាំងនោះដែល​បាន​ប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។​ ​

លោក Gonzalez គឺ​ឧបការី​រង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការតំបន់​អឌ្ឍគោល​ខាង​លិច។ កម្មវិធី​របស់ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់ប្រទេស​អាហ្សង់ទីន​រូប​នេះ​ មាន​រហូត​ដល់​ថ្ងៃ​អង្គារ​ស្អែក ដោយ​លោក​នឹង​ត្រូវជួប​សន្ទនា​ជា​មួយ​មន្ត្រីនៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ផង​ដែរ។​ ​នេះ​បើតាម​ប្រភពខាង​លើ​ដែល​បាន​បញ្ជាក់។

លោក Milei មក​អាមេរិក​ជា​មួយ​ក្រុមការងារ​មួយ​ចំនួន​របស់​លោក​ ដែល​រួម​មាន​លោក Luis Caputo ដែល​ជា​ទី​ប្រឹក្សាកិច្ចការ​ហិរញ្ញវត្ថុ​របស់​លោក​ ហើយ​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ទំនងនឹង​អាច​ក្លាយជាសមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​មួយរបស់​ប្រទេស​អាហ្សង់ទីន​ផង​ដែរ។

ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោតថ្មី​របស់​អាហ្សង់ទីន​កាល​ពីថ្ងៃ​សុក្រ​ ​ ​ បានឆាត​សាកសួរ​ការងារ​មួយ​ចំនួន​ជា​មួយនាយិការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) អ្នក​ស្រី​ Kristalina Georgieva ពី​រដ្ឋធានី​ប៊ុយណូស៊ែ​ ប្រទេស​អាហ្សង់ទីន។​

រដ្ឋាភិបាល​អាហ្សង់ទីនបាន​ជាប់​បំណុល​មូនិធិ​រូបិយវត្ថុអន្តរជាតិ(IMF) ចំនួន​៤៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​បានធ្វើ​ការចរចា​ជាមួយ​ IMF ក្នុងឆ្នាំ​២០១៨​ ដោយ​អតីត​ប្រធានាធិបតី​អាហ្សង់ទីន​ពេល​នោះ​គឺ​ លោក​ Mauricio Macri ​ហើយ​ដែល​ពេលនេះ​លោក​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​របស់ប្រធានាធិបតីដែល​ទើប​ជាប់​ឆ្នោត​ថ្មី។​

លោក Milei នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាហ្សង់ទីនផ្លូវការ​នៅថ្ងៃ​ទី​១០​ ខែ​ធ្នូ​ខាង​មុខ​នេះ ដោយ​ចូលកាន់​អំណាច​ជំនួសប្រធានាធិបតី​អាហ្សង់ទីន​បច្ចុប្បន្ន​ គឺ​លោក Peronist Alberto Fernandez​ ៕

XS
SM
MD
LG