អគ្គលេខាធិការអង្គការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានច្រានចោលផែនការណាដែលចង់ផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដោយលោកបាននិយាយនៅថ្ងៃពុធនេះថាការធ្វើដូច្នេះគឺ «មិនអាចទទួលយកបានទេ»។
លោក Aboul Gheit បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលពិភពលោកថា សំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់ចេញពីតំបន់ហ្កាហ្សាដែលហែកហួរដោយសារសង្គ្រាមនឹងរុញច្រានតំបន់នោះឲ្យធ្លាក់ចូលទៅក្នុងវដ្ដនៃវិបត្តិដែលមាន «ផលប៉ះពាល់បំផ្លាញដល់សន្តិភាពនិងស្ថិរភាព»។
លោក Aboul Gheit បាននិយាយថា៖ «វាមិនអាចទទួលយកបាននោះទេសម្រាប់បណ្ដាប្រទេសអារ៉ាប់ ដែលបានប្រឆាំងនឹងគំនិតនេះអស់រយៈពេល ១០០ ឆ្នាំមកហើយ»។
ព្រះមហាក្សត្រ Abdullah ទីពីរនៃប្រទេសហ្ស៊កដានីបានមានបន្ទូលនៅក្រោយការពិភាក្សាជាមួយនឹងលោក Trump កាលពីថ្ងៃអង្គារថា ព្រះអង្គបញ្ជាក់ជាថ្មីអំពី «ជំហរមិនងាករេរបស់ប្រទេសព្រះអង្គក្នុងការប្រឆាំងនឹងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សានិងតំបន់ West Bank»។
ព្រះអង្គបានលើកឡើងថាអ្វីដែលព្រះអង្គបានមានបន្ទូលគឺតួនាទីដ៏ «សំខាន់» របស់លោក Trump នៅក្នុងការសម្រេចបាននូវបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ហើយព្រះអង្គបានអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងភាគីពាក់ព័ន្ធទាំងអស់ធានាធ្វើយ៉ាងណាឲ្យការផ្អាកការប្រយុទ្ធគ្នានេះនៅបន្ត។
លោក Trump បានពិភាក្សាអំពីផែនការមួយ ដែលនៅក្រោមផែនការនោះ សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាហើយប្រជាជនប៉ាឡេស្ទីននឹងគ្មានសិទ្ធិវិលត្រឡប់ទៅកាន់តំបន់នោះវិញទេ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងអេហ្ស៊ីបនិងអារ៉ាប៊ីសាអ៊ូឌីតផងដែរ បានច្រានចោលគំនិតនេះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារព័ត៌មាន AFP AP និង Reuters
ប្រធានអង្គការសម្ព័ន្ធអារ៉ាប់ច្រានចោលផែនការលោក Trump ក្នុងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា
![អគ្គលេខាធិការអង្គការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit ថ្លែងក្នុងសន្និសីទនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤។](https://gdb.voanews.com/8198a1a2-2cad-4f1e-8ee1-57d304db921a_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ