រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសអារ៉ាប់បានជួបគ្នានៅក្នុងរាជធានី Amman នៃប្រទេសហ្សកដានី កាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាជម្លោះដែលកំពុងបន្តមានឡើងលើការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល។
នៅទីកន្លែងផ្សេងទៀតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋាភិបាលបានចាប់ខ្លួនពួកព្រះអង្គម្ចាស់ចំនួន១១នាក់ចំពោះការតវ៉ាប្រឆាំងសេចក្តីសម្រេចដែលបញ្ឈប់ឲ្យពួកគេបង់ថ្លៃនិកយប័ត្រភ្លើងអគ្គិសនី។
បណ្តាញព័ត៌មានអារ៉ាប់បានបញ្ឈប់សេចក្តីរាយការណ៍ធម្មតារបស់ខ្លួនដើម្បីយកពេលទៅផ្តោតលើសន្និសីទកាសែតរបស់រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសអារ៉ាប់ក្នុងរាជធានីនៃប្រទេសហ្សកដានី ដែលជាព្រឹត្តិការណ៍ថ្មីៗបំផុតនៅក្នុងរឿងដ៏ចម្រូងចម្រាស់ដែលកំពុងបន្តមានឡើងដោយការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលរើស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងអ៊ីស្រាអែលពីទីក្រុង Tel Avivទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។
លោក Ahmed Aboul Gheit ប្រធានសម្ព័ន្ធអារ៉ាប់បានប្រាប់អ្នកកាសែតថា គោល ការណ៍ដ៏សំខាន់នៃវិស័យខាងការទូតរបស់អារ៉ាប់ចាត់ទុកភាគចម្រូងចម្រាស់ទីក្រុងហ្ស៊េរុយសាឡិម ស្ថិតនៅក្នុងស្ថានភាពដដែល។
លោកនិយាយទៀតថា មិនមានសេចក្តីសម្រេចចុងក្រោយបានធ្វើឡើងអំពីបញ្ហានេះទេ ក៏ប៉ុន្តែ គោលដៅសំខាន់របស់វិស័យការទូតអារ៉ាប់ គឺកាត់បន្ថយការខាតបង់របស់ប៉ាឡេស្ទីនឬជ័យជម្នះរបស់អ៊ីស្រាអែលមកពីការសម្រេចរបស់សហរដ្ឋអាមេរិកនេះ។
លោក Ayman Safadi រដ្ឋមន្រ្តីការបរទេសហ្សកដានីដែលធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបនោះដែលមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងម៉ារ៉ុក បានប្រាប់ពួកអ្នកកាសែតថា ជំហររបស់ហ្សកដានីគឺជំរុញឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕