សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការលើសំណុំរឿងដែលសកម្មជនបានប្តឹងទាស់ជិត ១០ ឆ្នាំមកហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់លើលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ព្រមទាំងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយសវនាការបានបញ្ចប់ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចថា នឹងប្រកាសសាលដីកានៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅវេលាម៉ោង៨ព្រឹក។ នេះបើតាមការបញ្ជាក់របស់លោក វន់ ពៅ។
លោក វន់ ពៅ បានប្រាប់វីអូអេថា ចៅក្រមបានអនុញ្ញាតឱ្យលោកបង្ហាញភស្តុតាងដោះបន្ទុកលើការចោទប្រកាន់លើរូបលោក ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារ កាលពីឆ្នាំ ២០១៤ ដែលកាលពីពេលនោះរូបលោកត្រូវបានគេវាយប្រហារបែកក្បាលនិងទ្រោមខ្លួន។ លោកសង្ឃឹមថានឹងទទួលបានយុត្តិធម៌លើសំណុំរឿងដែលបានកើតឡើងជិត ១០ ឆ្នាំមកហើយនេះ។
លោកថ្លែងថា៖ «អ៊ីចឹងយើងគិតថាយើងសង្ឃឹមច្រើននៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ ថាសាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌សម្រាប់ខ្ញុំ ដែលខ្ញុំរង់ចាំទទួលយុត្តិធម៌ជិត ១០ ឆ្នាំហើយ តាំងពីសក់ខ្មៅរហូតដល់សក់ស»។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមដានសវនាការនេះបានបង្ហោះសារនៅលើគណនី Facebook (ហ្វេសប៊ុក) របស់អ្នកស្រីថា ចៅក្រមបានផ្តល់ឱកាស ដល់លោក វន់ ពៅ និងលោក ថេង សាវឿន ឱ្យតបនឹងសំណួររបស់ចៅក្រម និងមេធាវីជាដើម ហើយពួកគាត់អាចបង្ហាញនូវភស្តុតាងនានា ដើម្បីដោះបន្ទុកចេញ។
អ្នកស្រីបញ្ជាក់ថា លោក វន់ ពៅ និងលោក ថេង សាវឿន «សុទ្ធតែជាអ្នកអហិង្សា និយម» ដូច្នេះពួកគេមិនគួរត្រូវបានចោទប្រកាន់ឡើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់ពួកគាត់និងអ្នកពាក់ព័ន្ធដទៃទៀត»។
គួរបញ្ជាក់ថា លោក វន់ ពៅ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំនិង ៦ ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពួកគេធ្លាប់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ៕