សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាករលើសំណុំរឿងរបស់លោក វន់ ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកផ្សេងទៀត នៅពាក់កណ្តាលខែសីហាខាងមុខនេះ នៅក្នុងសំណុំរឿងដែលពួកគេបានប្តឹងទាស់ជិត ១០ឆ្នាំមកហើយ។
លោក វន់ ពៅ និងអ្នកផ្សេងទៀតបានប្តឹងទាស់ចំពោះការមិនសុខចិត្តលើការចោទប្រកាន់ពីបទ «ញុះញង់» ពាក់ព័ន្ធការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីឆ្នាំ ២០១៤ ដែលកាលនោះលោកត្រូវបានវាយប្រហារបែកក្បាល និងទ្រោមខ្លួន។
បើតាមដីកាកោះរបស់សាលាឧទ្ធរណ៍ពីរដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី ១៧ ខែកក្កដា តុលាការបានកោះហៅជនជាប់ចោទឈ្មោះ វន់ ពៅ និងឈ្មោះ ថេង សាវឿន ឱ្យចូលសវនាការនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ដើម្បីជំនុំជម្រះពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពួកគេធ្លាប់ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ។
លោក វន់ ពៅ បង្ហាញការភ្ញាក់ផ្អើលចំពោះការបើកសវនាការរបស់សាលាឧទ្ធរណ៍ ដោយសារលោកបានប្តឹងទាស់រយៈពេលជិត ១០ ឆ្នាំមកហើយ ទើបតុលាការបើកសវនាការនាពេលនេះ។ លោកបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺលោកនិងមនុស្សពីរនាក់ផ្សេងទៀត គឺលោក ថេង សាវឿន និងលោក ចាន់ ពុទ្ធិស័ក្ក បានអនុវត្តទោសដែលតុលាការក្រុងភ្នំពេញផ្តន្ទាទោសរយៈពេល ៤ ឆ្នាំ ៦ ខែ រួចរាល់ហើយ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំនៅតែមិនសុខចិត្តនៅឡើយទេ ពីព្រោះមានន័យថា ខ្ញុំជាអ្នករងគ្រោះទេ ព្រោះទាហានឆត្រយោង ៩១១ វាយខ្ញុំស្ទើរតែស្លាប់បាត់បង់ជីវិត ឱ្យខ្ញុំរងរបួសធ្ងន់ ហើយបន្ទាប់មកសាលាដំបូង ចាប់ខ្ញុំដាក់ពន្ធនាគារទាំងអយុត្តិធម៌ ហើយកាត់ទោសឱ្យខ្ញុំមានទោស ហើយពិន័យជាប្រាក់ទៀត។ អ៊ីចឹងហើយជារឿងដែលខ្ញុំមិនសុខចិត្ត។ វាជារឿងអយុត្តិធម៌បំផុតសម្រាប់រូបខ្ញុំ និងអ្នកដទៃទៀត។ អ៊ីចឹងហើយបានយើងប្តឹងទាស់ទៅសាលាឧទ្ធរណ៍ហ្នឹង»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពី លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការបន្តនីតិវីធីរបស់សាលាឧទ្ធរណ៍ គឺជាដំណើរការស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ និងមិនប៉ះពាល់សិទ្ធិជនជាប់ចោទនោះទេ។
លោកប្រាប់វីអូអេជាសារអក្សរតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃសុក្រនេះថា៖ «ជានីតិវិធីច្បាប់ អត់មានទាស់ខុសអី។ ទោះបីអនុវត្តទោសចប់ក៏ដោយ ក៏នីតិវិធីឧទ្ធរណ៍នៅតែអាចបន្តដំណើរការទៅមុខបានដែរបើមិនទាន់ចប់»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ថា នីតិវិធីដែលអូសបន្លាយពេលយូរបែបនេះធ្វើជនជាប់ចោទ ត្រូវរង់ចាំពេលវេលាយូរ ដើម្បីទទួលបានយុត្តិធម៌។
លោកថ្លែងថា៖ «យើងឃើញថានីតិវិធីនេះ វាមានការអូសបន្លាយពេលយូរ។ បើយើងគិតទៅជិត ១០ឆ្នាំ រហូតដល់ពេលនេះ បានសាលាឧទ្ធរណ៍ ធ្វើការកោះហៅម្តងទៀត សម្រាប់ធ្វើការជំនុំជម្រះនៅពេលខាងមុខនេះ។ អ៊ីចឹងបើសិនជានិយាយអំពីការរង់ចាំ ហើយការសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ ពីសាលាឧទ្ធរណ៍ឡើងវិញហ្នឹង វារយៈពេលយូរដែរ»។
បើតាម លោក វន់ ពៅ លោកពិតជាបានទទួលបានដីកាកោះហៅរបស់សាលាឧទ្ធរណ៍លើកទី ១ កាលពីឆ្នាំ ២០១៥ ប៉ុន្តែលោកសុំពន្យារពេល ដោយសារលោកមានបញ្ហាសុខភាព។ លោកបន្ថែមថា លោកនឹងទៅចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នៅថ្ងៃទី ១៧ ខែសីហា ខាងមុខនេះ៕