ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ផ្អាក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ ​និង​ក្រុម​សហជីព


សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

សវនាការ​​រវាង​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ និង​ក្រុម​សហជីព​​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ផ្អាក​ ដោយ​សារ​អវត្តមាន​របស់​ក្រុម​ភាគី​ជម្លោះ ហើយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ថ្មី​នៃ​សវនាការ​លើកក្រោយ​ទេ។

នៅ​ថ្ងៃ​ពុធ​នេះ​ ​សាលាឧទ្ធរណ៍​ បាន​សម្រេច​ផ្អាក​សវនាការ​កាត់​សេចក្ដី​សំណុំរឿង​កូដកម្ម​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ និង​ក្រុម​សហជីព​ដែល​ធ្វើការ​ក្នុង​វិស័យ​ចំណី​អាហារ​ និង​សេវាកម្ម​ ​ដោយ​សារ​តែ​អវត្តមាន​គូភាគី​ជម្លោះ។

ភាគី​ក្រុម​ហ៊ុន​ស្រាបៀ​អង្គរ​ ​និង​ក្រុម​សហជីព​កម្មករ​ចំណី​អាហារ​ ​និង​សេវាកម្ម​កម្ពុជា​ ​កំពុង​មាន​ជម្លោះ ដែល​ផ្ដើម​ចេញ​ពី​ការ​តវ៉ា​របស់​កម្មករ​ក្នុង​រោងចក្រ​ផលិត​ស្រាបៀ​អង្គរ​នៅ​ឯ​ខេត្ត​ព្រះសីហនុ​កាលពី​ពីរ​ឆ្នាំមុន។​ ​នា​ពេល​នោះ​ ​ក្រុម​កម្មករ​បាន​ធ្វើ​កូដកម្ម​ ប្រឆាំង​និង​ការ​ដក​បុគ្គលិក​មួយ​រូប​ ​និង​ការ​រើសអើង​សិទ្ធិ​សហជីព។

ក្នុង​ពេល​លើក​យក​រឿង​ក្តី​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ និង​ក្រុម​សហជីពមក​ធ្វើការ​សម្រេចនៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក ងួន អ៊ីម​ បាន​ត្រឹមតែ​អាន​បញ្ជាក់​ឈ្មោះ​ភាគី​ទាំង​សង​ខាង​ តែ​ពុំ​មាន​ភាគី​ណា​មួយ​មាន​វត្តមាន​នៅ​ក្នុង​សាល​សវនាការ​នោះ​ទេ។​ ​យ៉ាងណាក៏ដោយ​ លោក​ងួន អ៊ីម​ ​បាន​ឲ្យ​ដឹង​ថា​ លោក​ ​ស ម៉ូរ៉ា​ ​ដែល​ជា​ចុង​ចម្លើយ​ ​បាន​ស្នើ​សុំ​ពន្យារ​ពេល​បើក​សវនាការ។

លោក​ ​ស ម៉ូរ៉ា​ ​ប្រធាន​សហ​ជី​ព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា បាន​ប្រាប់​ ​VOA​ ​ថា​ ​មេធាវី​លោក​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ពន្យារពេល​កាត់​សេចក្ដី​ ​ដោយ​ត្រូវការ​ពេល​បន្ថែម​ដើម្បី​សិក្សា​ពី​សំណុំ​រឿង​ដែល​មាន​អាយុកាល​ពីរ​ឆ្នាំ​មក​នេះ។

លោក​ថ្លែង​បញ្ជាក់​ថា៖

​«មេធាវី​គាត់​ថា​ រៀបចំ​អត់​ទាន់​ទេ។​ ​ហើយ​ដល់​អីចឹង​ទៅ​ ​គាត់​ក៏​សរសេរ​លិខិត​ ​ដាក់​ទៅ​ពន្យារពេល​ នៅ​សាលា​ឧទ្ធរណ៍»។

មេ​ដឹកនាំ​សហជីព​រូប​នេះ​ មាន​ប្រសាសន៍​ថា​ នៅ​មុន​ការ​បើក​សវនាការ​របស់​សាលា​ឧទ្ធរណ៍​នេះ​ ខាង​ភាគី​សហជីព​ បាន​ព្យាយាម​ចរចា​ ឲ្យ​ខាង​ក្រុមហ៊ុន​ដក​ពាក្យ​បណ្ដឹង​ តែ​ខាង​ក្រុមហ៊ុន​មិនព្រម។

លោក​ថា​ ខាង​ក្រុមហ៊ុន​ទំនង​ជា​មិន​ចង់​ឃើញ​មាន​វត្តមាន​សហជីព​ឯករាជ្យ​ ដែល​បម្រើ​ប្រយោជន៍​របស់​កម្មករ​នោះ​ទេ​ ហើយ​តែង​តែ​បំភិតបំភ័យមិន​ឲ្យ​កម្មករ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ចុះ​ឈ្មោះ​ ចូល​ជា​សមាជិក​របស់​សហជីព។​

«យើង​មើល​បំណង​សំខាន់​របស់​ក្រុមហ៊ុន​ វា​មាន​តែ​ធ្វើ​ម៉េច​មិន​ចង់​ឲ្យ​កម្មករ​និយោជិត​ហ្នឹង​ ចងក្រង​សហជីព​ មិន​ចង់​ឲ្យ​សហជីព​ ដូចជា​សហជីព​ឯករាជ្យ​ ដូចជា​ពួក​យើង​ហ្នឹង ដំណើរការ​អីចឹង​ ព្រោះ​ធម្មតា​ យើង​ការពារ​ប្រយោជន៍​កម្មករ​និយោជិត។ បើសិនជា​ក្រុមហ៊ុន​អនុវត្ត​មិន​ត្រឹម​ត្រូវ​ អា​ហ្នឹង​យើង​ស្នើ​ ក្រុមហ៊ុន​កែប្រែ​អីចឹង​ ហើយ​វា​ហាក់​ដូច​ជា​ក្រុមហ៊ុន​ហ្នឹង ​មិន​ចង់​បាន​ ការ​អនុវត្ត​ឲ្យ​ត្រឹម​ត្រូវ»។

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៦​ កម្មករ​រោងចក្រ​ផលិត​ស្រាបៀ​អង្គរ​ប្រមាណ​ជាង​៤០០​នាក់​បាន​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ការងារ​ដល់​អ្នក​គ្រប់គ្រង​ឃ្លាំង​ស្តុក​ស្រាបៀ​ម្នាក់​ គឺ​លោក ​លឹម រ័ត្ន​ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការងារ ​ដោយ​ក្រុម​ហ៊ុន​ចោទ​អ្នក​គ្រប់គ្រង​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោក​ ​ងៀប ឆេងលាភ​ ​ប្រធាន​រដ្ឋបាល​នៃ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ មាន​ប្រសាសន៍​ថា​ ​លោក​មិនបាន​ដឹង​ដំណើរ​រឿង​ប្ដឹង​ផ្ដល់​រវាង​ក្រុមហ៊ុន​របស់​លោក​ ​និង​សហជីព​ដឹកនាំ​ដោយ​លោក​ ​ស ម៉ូរ៉ា​ ​នោះ​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​ខាង​រោង​ចក្រ​ស្រាបៀ​អង្គរ។

«អធ្យាស្រ័យ​ដោយ​សារ​អីចេះ​ ករណី​ហ្នឹង​ ខ្ញុំ​អត់​ដឹង​ផង​ ថា​តើ​ process ​[ដំណើរការ] ហ្នឹង​នៅ​យ៉ាង​ម៉េចៗ​ ប្រហែល​ជា​នៅ​ ខាង​ team [ក្រុម] ​ខាង​ HR [ធនធាន​មនុស្ស] ​ផ្សេង គាត់​ handle​ [ដោះ​ស្រាយ] ចឹងណា៎បង‍»។

កាល​ពី​ថ្ងៃ​អង្គារ​ ​លោក​ ​ឆេង សុភ័ក្រ្ត​ ​ប្រធាន​រដ្ឋបាល​រោងចក្រ​ស្រាបៀ​អង្គរ​នៅ​ខេត្ត​ព្រះសីហនុ​ ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ ទាក់ទិន​ដំណើរ​រឿង​ក្ដី​ជាមួយ​ក្រុម​សហជីព។​ ​VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ម្ដង​ទៀត​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​តែ​លោក​មិន​លើក​ទូរស័ព្ទ។

ក្រុម​ហ៊ុន​ស្រាបៀ​កម្ពុជា​ ឬ​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា​ ​ក្រុមហ៊ុន​ស្រាបៀ​ខេមប្រ៊ូវ​ ​ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​កាល​ពី​ពេល​កន្លង​មក​ថា ​ជា​អ្នក​មាន​ចំណែក​ភាគហ៊ុន​ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុង​ដ៏​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​លាវ។​ ​ទំនប់​វារីអគ្គិសនី​នេះ​ មាន​កម្រិត​២៦០​មេហ្គាវ៉ាត់​ ​ហើយ​ត្រូវ​គេ​ព្យាករណ៍​ថា​ នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ ដែល​រស់​នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប។

លោក​ ​ស ម៉ូរ៉ា​ ​ប្រធាន​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា ដែល​មាន​សមាជិក​ជាង​ប្រាំ​ពាន់​នាក់​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​សៀមរាប​ និង​ព្រះសីហនុ​ មាន​ប្រសាសន៍​បន្ថែម​ថា​ សហជីព​លោក​បាន​កំពុង​ធ្វើ​ការ​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ ដើម្បី​បញ្ចប់​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្រាបៀ​អង្គរ។ លោក​អះអាង​ថា​ ថ្មីៗនេះ​ ក្រុមហ៊ុន​ស្រាបៀ​ Carlsberg ​របស់​ប្រទេស​ដាណឺម៉ាក​ (Demark) ​បាន​បង្កើន​ភាគហ៊ុន​បន្ថែម​របស់​ខ្លួ​ន​នៅ​ក្នុងក្រុមហ៊ុន​ស្រាបៀ​អង្គរ។

លោក​ថា​ ​ក្រុមហ៊ុន​នេះ​ ជា​ក្រុមហ៊ុន​មានការ​ទទួល​ខុសត្រូវ​ខាង​សង្គម​ ដូច្នេះ​ ក្រុម​ការងារ​សហជីព​លោក​នឹង​ខិត​ខំ​រក​ដំណោះ​ស្រាយ​ពី​ក្រុមហ៊ុន​នេះ។

«ក្រុមហ៊ុន​ស្រាបៀ​អង្គរ​គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Carlsberg ហើយ​មក​ដល់​ឥឡូវហ្នឹង​ ​ Carlsberg ហ្នឹង​ គឺ​បាន​បង្កើន​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ហ្នឹង​ ហើយ​យើង​នឹង​នៅ​បន្ត​ជំរុញ​ឲ្យ​ ​Carlsberg ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក​ហ្នឹង​ ដែល​ក្រុមហ៊ុន​មួយ​ជា​មោទនភាព​របស់​ដាណឺម៉ាក​ហ្នឹង​ អនុវត្ត​គោរព​នូវ​គោលការណ៍​ CSR ​របស់​ខ្លួន»។

ក៏ប៉ុន្តែ​ ​លោក​ ​ជាវ តុលា មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ ដែល​មិន​មាន​វត្តមាន​នៅ​សាលា​ឧទ្ធរណ៍​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ដោយសារ​លោក​មិន​ទាន់​ទទួល​បាន​ដីកា​កោះ​នោះ​ បាន​ប្រាប់​ VOA ថា​ ភាគី​សហ​ជីព ​ត្រូវ​ពិនិត្យ​លើ​ទង្វើ​ខុសឆ្គង​របស់​ខ្លួន​ មុននឹង​ស្វែងរក​ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​ផ្សេង​ទៀត។​

«យើង​គួរ​តែ​ទទួល​ស្គាល់​កំហុស​របស់​យើង​សិន​ មុននឹង​ហៅ​ ភាគី​ផ្សេងៗ​ទៀត​ អ្នក​ផ្សេងៗ​ទៀត​ឲ្យ​ជួយ។ ទាល់​តែ​យើង​ដឹង​ខ្លួនឯង​សិន​ថា​ យើង​ខុស​មែន​ ឬ​ក៏​អត់​ ឬ​ក៏​ខុស​ដែរ​ តែ​ខុស​៥០ភាគរយ​ទេ​ ត្រូវ​៥០​អីចឹង​ទៅ​ យើង​មាន​ វា​នឹង​អាច​មាន​ការ​ចរចា​គ្នា​ ឬ​ក៏​ដោះស្រាយ​គ្នា​ ដោយ​សន្តិវិធី​កើត​ ហើយ​បើ​សិន​ជា​អាង​ថា​មាន​ Carlsberg មាន​អីចឹង​ ខ្ញុំ​ក៏​អត់​មាន​យោបល់​អី​ដែរ​ ខ្ញុំ​ធ្វើ​ទៅតាម​អ្វី​ដែល​ច្បាប់​ធ្វើតែ​ប៉ុណ្ណឹង​ទេ»។

លោកមេធាវី​អះអាង​ថា​ ​ខាង​ក្រុមហ៊ុន​ មិនបាន​ប្ដឹង​ទាស់​មក​សាលាឧទ្ធរណ៍​ទេ។ ផ្ទុយទៅវិញ​ គឺ​ខាង​សហជីព​ បាន​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដែល​បាន​បង្គាប់​ឲ្យ​ខាង​សហជីព​សង​ប្រាក់​៣០០០​ដុល្លារ​ទៅ​ខាង​ក្រុមហ៊ុន។

លោក​បាន​បញ្ជាក់​ទៀត​ថា​ មុននឹង​ទំនាស់​នេះ ឈាន​មក​ដល់​តុលាការ​នោះ ខាង​ក្រុមហ៊ុន​បាន​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដោយ​សន្តិ​វិធី​ដែរ​ តែ​ខាង​សហជីព​តែង​តែ​ប្រកែក​មិន​ទទួល​យក​រាល់​សំណូមពរ​របស់​ខាង​ក្រុមហ៊ុន។

«មុននឹង​មាន​រឿង​ដល់​តុលាការ​នេះ​ ពួក​យើង​បាន​ធ្វើការ​សម្របសម្រួល​ មានការ​ដោះស្រាយ​វិវាទ​ជាមួយ​គ្នា​ជាច្រើន​ដង​ មិនមែន​អត់​មាន​សោះ​ទេ​ ហើយ​ភាគច្រើន​នៃ​ការ​ដោះស្រាយ​សម្រប​សម្រួល​ហ្នឹង​គឺ​គាត់​ ភាគី​ខ្លួន​គាត់​ទេ​ ដែល​បង្ក​បញ្ហា​ច្រើន​ មិន​ព្រម​នេះ​មិនព្រម​នោះ​ មិនព្រម​ មិន​ព្រម​ មិនព្រម​ ស្ទើរ​តែ​គ្រប់​សំណូមពរ​ទាំង​អស់ហើយ​ គឺ​គាត់​ខ្លួន​ឯង​ទេ»។

លោក​បាន​បន្ថែម​ថា​ ខាង​ក្រុមហ៊ុន​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​បញ្ជាក់​ពី​ការ​ប្រព្រឹត្ត​កំហុស​របស់​ខាង​សហជីព។

ទាក់ទិន​សវនាការ​នា​ពេល​ក្រោយ​សម្រាប់​កាត់​សេចក្ដី​ជម្លោះ​រវាង​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ និង​ក្រុម​សហជីព​ខាង​លើ​នេះ​ លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ងួន អ៊ីម​ ដែល​កាន់សំណុំ​រឿង​ក្ដី​នេះ​ មិន​បាន​បញ្ជាក់​ថ្ងៃ​នៃ​សវនាការ​ថ្មី​នោះ​ទេ។​ ​ភាគី​ជម្លោះ​ទាំង​សង​ខាង​ និយាយ​ថា​ ពួក​គេ​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពី​ខាង​តុលាការ៕

XS
SM
MD
LG