សាលាឧទ្ធរណ៍បានកោះហៅប្រធាន និងតំណាងសហជីពពីររូបដើម្បីបំភ្លឺសំណុំរឿងធ្វើកូដកម្មប្រឆាំងនឹងរោងចក្រផលិតស្រាបៀរអង្គរ ដែលបានកើតឡើងកាលពីពីរឆ្នាំមុននៅខេត្តព្រះសីហនុ។ នេះបើយោងតាមដីកាកោះរបស់សាលាឧទ្ធរណ៍ ដែលត្រូវបានលោក ស ម៉ូរ៉ា ប្រធានសហជីពបង្ហោះលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទ។
លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា និងលោក ខែម ម៉ៅ តំណាងសហជីពនេះនៅខេត្តព្រះសីហនុ ត្រូវបានសាលាឧទ្ធរណ៍កោះហៅឲ្យចូលខ្លួននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនាមជាចុងចម្លើយ ចំពោះរឿងក្តីទាមទារសំណងខូចខាតដោយកូដកម្ម ដែលមានដើមចោទជាក្រុមហ៊ុនសាបៀរកម្ពុជា។ ក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតស្រាបៀរអង្គរ។
លោក ស ម៉ូរ៉ា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការកោះហៅលោកនេះទំនងជាមានការប្តឹងឧទ្ធរណ៍ពីក្រុមហ៊ុនស្រាបៀរអង្គរ ដោយសារតែកាលពីពេលកន្លងមក សាលាដំបូងខេត្តព្រះសីហនុបានកាត់សេចក្តីមិនឲ្យលោកសងសំណងទៅក្រុមហ៊ុននេះទេ តែបានបង្គាប់ដល់តំណាងសហជីពរបស់លោកក្នុងខេត្តព្រះសីហនុ ឲ្យសងសំណងទៅក្រុមហ៊ុនចំនួន៣,០០០ដុល្លារ។ លោកថា ដើមឡើយ ក្រុមហ៊ុនទាមទារសំណងជំងឺចិត្តចំនួន៦ម៉ឺនដុល្លារ ក្នុងការធ្វើកូដកម្មមួយដែលបានធ្វើឡើងកាលពីឆ្នាំ២០១៦។
លោកមានប្រសាសន៍បញ្ជាក់ថា៖
«ខាងតុលាការក្រុងព្រះសីហនុហ្នឹង គេកាត់សេចក្តីទម្លាក់ការចោទចំពោះខ្ញុំ ប៉ុន្តែគេនៅរក្សាការចោទទៅដល់សហជីពមូលដ្ឋាន ដោយទាមទារឲ្យសហជីពមូលដ្ឋានហ្នឹង ប្រធានសហជីពមូលដ្ឋាននៅក្រុមហ៊ុនស្រាបៀរអង្គរហ្នឹង សង៣០០០ដុល្លារទៅក្រុមហ៊ុនអីចឹងទៅណា៎។ ហើយអីចឹងថ្នាក់ដឹកនាំសហជីពមូលដ្ឋានហ្នឹងក៏ប្តឹងឧទ្ធរណ៍ទៅលើករណីហ្នឹង ហើយប្រហែលជាក្រុមហ៊ុនគេប្តឹងឧទ្ធរណ៍ដែរ បានជាមានដីកាអញ្ជើញខ្ញុំទៅតុលាការដែរ»។
ប្រធានសហជីពរូបនេះអះអាងថា លោកនឹងចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ តែលោកបារម្ភថា ជញ្ជីងយុត្តិធម៌អាចផ្អៀងទៅខាងអ្នកមានលុយ ពោលគឺក្រុមហ៊ុនស្រាបៀរអង្គរ។
«ចង់ មិនចង់ ជាទូទៅ ករណីជាច្រើនតែងតែអ្នកមានលុយ មានអំណាចហ្នឹង មានឥទ្ធិពលទៅលើប្រព័ន្ធយុត្តិធម៌ ក្នុងស្រុកយើង។ អីចឹងវា ចង់ មិនចង់ យើងក៏មានសេចក្តីបារម្ភអីចឹងដែរ»។
កាលពីខែសីហា ឆ្នាំ២០១៦ កម្មកររោងចក្រផលិតស្រាបៀរអង្គរប្រមាណជាង៤០០នាក់បានធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនផ្តល់ការងារដល់អ្នកគ្រប់គ្រងឃ្លាំងស្តុកស្រាបៀរម្នាក់គឺលោក លឹម រ័ត្ន ដែលត្រូវក្រុមហ៊ុនបញ្ឈប់ការងារដោយក្រុមហ៊ុនចោទអ្នកគ្រប់គ្រងនេះថា បានប្រព្រឹត្តអំពើពុករលួយ។ ការតវ៉ារបស់កម្មករក៏មានបំណងទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធិរបស់សហជីពដែរ។
លោក ខែម ម៉ៅ ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជាប្រចាំរោងចក្រផលិតស្រាបៀរអង្គរស្ថិតក្នុងខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានថ្លែងកាលពីពេលនោះថា កម្មករបានផ្ទុះកំហឹងប្រឆាំងការដកលោក លឹម រ័ត្ន ដែលត្រូវបានចោទថា បានប្រព្រឹត្តអំពើពុករលួយ។ ក្រុមកម្មករបាននិយាយថា ពួកគេមិនអាចទទួលយកការចោទប្រកាន់នេះបានទេ ហើយថា លោក លឹម រ័ត្ន ត្រូវតែទទួលការងាររបស់លោកក្នុងមុខនាទីដដែលវិញ។
លោកបញ្ជាក់ទៀតថា កម្មករក៏ទាមទារឲ្យដកលោក Wai K. Vong អគ្គនាយកក្រុមហ៊ុនដែលត្រូវកម្មករអះអាងថា មានចិត្តចង្អៀតចង្អល់ជាមួយកម្មករនោះ។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងលោក ខែម ម៉ៅ បានទេ នៅថ្ងៃច័ន្ទនេះ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីតំណាងក្រុមហ៊ុនស្រាបៀរអង្គរបានដែរ។
ក្រុមហ៊ុនសាបៀរកម្ពុជា ឬគេស្គាល់ម្យ៉ាងទៀតថា ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ ត្រូវគេរាយការណ៍កាលពីពេលកន្លងមកថា ជាអ្នកមានចំណែកភាគហ៊ុនក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្នុងប្រទេសឡាវ។ ទំនប់វារីអគ្គិសនីនេះមានកម្រិត២៦០មេហ្គាវ៉ាត់ ហើយត្រូវគេរាយការណ៍ថា នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប៕