ស្វាមីលោកស្រីអនុប្រធានាធិបតីអាមេរិក លោក Doug Emhoff បានរៀបចំការប្រជុំមួយជាមួយមេដឹកនាំជ្វីហ្វ (Jewish) នៅសេតវិមានកាលពីថ្ងៃពុធម្សិលមិញ ដើម្បីបញ្ជាក់ពីកិច្ចប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដោយការស្អប់ខ្ពើម បន្ទាប់ពីមានការប្រើពាក្យសម្តីមួយចំនួនដោយមន្ត្រីសាធារណៈអាមេរិក ប្រឆាំងនឹងជនជាតិជ្វីហ្វ។
លោក Emhoff ជាស្វាមីរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ជាជនជាតិជ្វីហ្វ ទីមួយ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយមន្ត្រីលំដាប់ខ្ពស់បំផុតទី២នៃនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិក ហើយដែលតែងតែបានរិះគន់យ៉ាងខ្លាំងលើការវាយប្រហារទៅលើជំនឿរបស់ជនជាតិជ្វីហ្វ ដែលលោកពណ៌នាថា ជា «ជាការស្អប់ដែលកំពុងរាលដាលឡើង»។
«ខ្ញុំចង់បញ្ជាក់ច្បាស់ថាពាក្យសម្តីមានសារៈសំខាន់។ គេមិនគ្រាន់តែនិយាយឱ្យឮខ្លាំងនូវអ្វីដែលធ្លាប់តែខ្សឹបនោះឡើយ តែគេបានស្រែកនូវពាក្យសម្ដីទាំងនោះ»។ នេះបើតាមការលើកឡើងរបស់លោក Emhoff ហើយដែលត្រូវបានស្រង់ផ្សព្វផ្សាយដោយសេតវិមាន។
វេទិកាពិភាក្សាតុមូល ដែលដឹកនាំដោយលោក Emhoff កើតមានឡើងបន្ទាប់ពីមានការប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលក្នុងនោះរួមមានមានតារាបាល់បោះ NBA លោក Kyrie Irving ដែលបានបង្ហោះតំណភ្ជាប់នៃឯកសារវីដេអូមួយ ដែលបង្កើតឡើងផ្អែកលើព័ត៌មានមិនពិតប្រឆាំងនឹងជនជាតិជ្វីហ្វ នៅលើបណ្តាញសង្គម ហើយអ្នកចម្រៀងរ៉ាបអាមេរិក (American rapper) លោក Ye ដែលគេធ្លាប់ស្គាល់ឈ្មោះលោកថា ជា Kanye West នោះ ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ បានលើកសរសើរ
ដល់អតីតមេដឹកនាំអាល្លឺម៉ង់ Adolf Hitler និងបាននិយាយថា លោកស្រឡាញ់ «ណាហ្ស៊ី» (Nazi)។ លោក Ye កាលពីពេលថ្មីៗនេះ បានចូលរួមអាហារពេលល្ងាចមួយ ដែលរៀបចំឡើងដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅភូមិគ្រឹះដែលជាកន្លែងលម្ហែកាយ Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida ដែលក្នុងនោះក៏រួមមានលោក Nick Fuentes ដែលជាអ្នកគាំទ្រពួកស្បែកសផ្តាច់មុខឬ white supremacist ហើយដែលបានបដិសេធពីអំពើប្រល័យពូជសាសន៍ Holocaust ទៅលើក្រុមជនជាតិជ្វីហ្វ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២៕