អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ការឆ្លងជំងឺកូវីដ១៩ ចំនួន ២ លាន ៨ សែនករណីថ្មី ត្រូវបានរាយការណ៍នៅទូទាំងពិភពលោកក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយគិតត្រឹមថ្ងៃអង្គារម្សិលមិញ ដែលក្នុងនោះមានករណីស្លាប់ថ្មីចំនួន ៤ ម៉ឺននាក់។
អង្គការ WHO បានលើកឡើងថា ទ្វីបអឺរ៉ុបមានករណីឆ្លងថ្មីច្រើនជាងគេបង្អស់ក្នុងសប្តាហ៍ទីពីរជាប់ៗគ្នា ដោយមានចំនួន ១ លាន ៣ សែនករណី ដែលជាការកើនឡើងចំនួន ៣៣% បើប្រៀបធៀបទៅនឹងសប្តាហ៍មុនហ្នឹង។ ទ្វីបអឺរ៉ុបមានករណីឆ្លងថ្មីស្មើនឹងជិតពាក់កណ្តាលនៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល ៧ ថ្ងៃចុងក្រោយនោះ។
តួលេខក៏បានបង្ហាញផងដែរថា ករណីឆ្លងជំងឺកូវីដ១៩ ក៏កំពុងកើនឡើងនៅទ្វីបអាមេរិក តំបន់មីឌីទែរ៉ាណាខាងកើត និងតំបន់នានានៅទ្វីបអាហ្វ្រិក ខណៈដែលការធ្លាក់ចុះនៃការឆ្លងត្រូវបានគេបន្តរាយការណ៍នៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចក៏បានបង្ហាញនូវការធ្លាក់ចុះបន្តិចបន្តួចដែរទាក់ទិននឹងករណីឆ្លងនិងស្លាប់ថ្មីក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនោះ។
អង្គការ WHO បានបញ្ជាក់ទៀតថា ប្រទេសដែលបានរាយការណ៍ថាមានករណីឆ្លងថ្មីខ្ពស់ជាងគេបំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ គឺប្រទេសឥណ្ឌា សហរដ្ឋអាមេរិក បារាំង ប្រេស៊ីល និងចក្រភពអង់គ្លេស។
ជំងឺកូវីដ១៩ នេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការនៅឯទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង New York កាលពីថ្ងៃអង្គារម្សិលមិញ ដោយលោក Volkan Bozkirប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានលុបចោលការប្រជុំដែលមានការចូលរួមដោយផ្ទាល់ បន្ទាប់ពីបុគ្គលិក ៥ នាក់របស់ស្ថានបេសកកម្មប្រទេសនីហ្សេប្រចាំអង្គការសហប្រជាជាតិ បានធ្វើតេស្តឃើញថាមានឆ្លងជំងឺកូវីដ១៩៕