តែប៉ុន្មានម៉ោងក្រោយពីក្រុមមេដឹកនាំពិភពលោកបានប្រកាសអំពីកិច្ចព្រមព្រៀងមួយដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាពនៅក្នុងប្រទេសស៊ីរីក្នុងពេលមួយសប្តាហ៍កិច្ចព្រមព្រៀងនេះកំពុងត្រូវដាក់ឱ្យមានការគោរពតាម។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រ ប្រធានាធិបតីស៊ីរី Bashar al-Assad បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP ថា កងកម្លាំងលោកគ្រោងនឹង «វាយយកប្រទេសទាំងមូលមកវិញ» ហើយការណ៍នេះបានបង្កើនការសង្ស័យអំពីការប្តេជ្ញារបស់ភាគីទាំងអស់ក្នុងការបញ្ចប់សង្គ្រាមនេះដែលមានរយៈពេលជិត៥ឆ្នាំមកហើយ។
លោក Assad បាននិយាយថា ការវាយយកដែនដីទាំងស្រុងមកវិញអាចមាន «រយៈពេលយូរ»។ ប្រធានាធិបតីស៊ីរីរូបនេះបានថ្លែងថាលោកគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ក៏ប៉ុន្តែលោកបាននិយាយថា កិច្ចចរចា «មិនមែនមានន័យថាយើងឈប់ប្រយុទ្ធប្រឆាំងនឹងភេរវកម្មទេ»។
ក្រុមអ្នកសង្កេតការណ៍បានចង្អុលបង្ហាញអំពីចន្លោះប្រហោងមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះដែលត្រូវបានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍ដែលពួកគេបាននិយាយថា អាចអនុញ្ញាតឱ្យកងកម្លាំងរបស់ Assad ដោយមានជំនួយពីប្រទេសរុស្សី អាចបង្កើនការវាយលុករបស់ពួកគេលើតំបន់ដែលពួកឧទ្ទាមកាន់កាប់។
ម្យ៉ាងវិញទៀតកិច្ចព្រមព្រៀងនេះមិនបានធ្វើឱ្យមានការឈប់បាញ់គ្នានៅក្នុងការប្រយុទ្ធរបស់រដ្ឋាភិបាលស៊ីរីប្រឆាំងនឹងពួកភេរវជនដែលរួមមានពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម និងរណសិរ្ស al Nusra ផងដែរ។
ក៏ប៉ុន្តែរដ្ឋាភិបាល Assad ចាត់ទុកក្រុមយុទ្ធជនប្រឆាំងទាំងអស់ ទាំងពួកកងកម្លាំងមិននិយមជ្រុល និងទាំងពួកជ្រុលនិយម ថាជាពួកភេរវជន ហើយរុស្សីនៅតែបន្តទម្លាក់គ្រាប់បែកលើអ្វីដែលពួកគេហៅថា ជាទីដៅភេរវជនដែលអាចនាំឱ្យកងកម្លាំង Assad បានចំណេញច្រើននៅជុំវិញក្រុ Aleppo ដែលជាក្រុងធំជាងគេក្នុងប្រទេសស៊ីរី។
ពួកឧទ្ទាមស៊ីរីនៅតែបន្តចោទប្រកាន់កងយន្តហោះចម្បាំងរុស្សីថា ធ្វើការវាយប្រហារគ្មានរើសមុខលើពួកជនស៊ីវិល និងក្រុមប្រឆាំងមិននិយមជ្រុល៕