ក្រសួងមហាផ្ទៃនឹងបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា នឹងចាត់វិធានការចំពោះសកម្មភាពញុះញង់ ជេរប្រមាថ និងរើសអើងពូជសាសន៍តាមប្រព័ន្ធអ៊ិនធើណេត។
លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធអ្នកនាំពាក្យប៉ូលិសជាតិបានប្រាប់កាសែត Phnom Penh Post ថា៖
«នាយកដ្ឋាននេះនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីទប់ស្កាត់បទល្មើសតាមអ៊ីនធឺណិត ពីព្រោះបើសិនជាមិនទប់ស្កាត់ឧក្រិដ្ឋកម្មនោះទេវានឹងបង្កគ្រោះថ្នាក់ដល់សង្គម»។
ការប្រកាសរបស់រដ្ឋាភិបាលកើតមានឡើងក្រោយពីកងកម្លាំងមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយុវជនពីរនាក់យកមកផ្តន្ទាទោសដោយសារការសរសេរតាមបណ្តាញហ្វេសប៊ុកអំពាវនាវឱ្យមានបដិវត្តន៍ពណ៍ និងគំរាមសម្លាប់អ្នកស្រាវជ្រាវកិច្ចការព្រំដែនម្នាក់។
សេចក្តីរាយការណ៍នានាបញ្ជាក់ថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងសិក្សារៀបចំគោលការណ៍ វិធានការ យុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទីក្នុងប្រមូលនិងវិភាគទិន្នន័យប្រព័ន្ធ ទូរគមនាគមន៍ ដើម្បីរកឲ្យឃើញបទល្មើស និងការគំរាមកំហែង ដល់សន្តិសុខជាតិ តាម ប្រព័ន្ធអ៊ិនធឺណេត។
បច្ចុប្បន្នអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជានិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីចែករំលែកព័ត៌មាននិងបញ្ចេញទស្សនៈរបស់ពួកគេ។
អ្នកឯកទេសមួយចំនួនក៏បានព្រមានដែរថាអ្នកប្រើប្រាស់ក៏ ត្រូវមានការប្រយ័ត្នប្រយែងនិងត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងធ្វើការចែករំលែកជៀសវាងនូវការចែករំលែកព័ត៌មានចចាមអារាម៕