ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​ស្នើ​ឱ្យ​ប្រជាពល​រដ្ឋ​ជួយ​ជូន​ព័ត៌មាន​អំពី​ផលិត​ផល​ក្លែងក្លាយ​ ​ដែល​កំពុង​ចរាចរ​ក្នុង​ទីផ្សារ


លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហា​ផ្ទៃ ប្រាប់អ្នកសារព័ត៌មាន​​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហា​ផ្ទៃ ប្រាប់អ្នកសារព័ត៌មាន​​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ផលិតផល​ក្លែង​ក្លាយ​មួយ​ចំនួន​ ​ក៏​អាច​បង្ករ​ឱ្យ​កើត​ជា​ជំងឺ​មហារីក និង​ប៉ះពាល់​សុខភាព​រយៈពេល​យូរ​​ផង​ដែរ។​​

កាលពីព្រឹក​ថ្ងៃពុធ​នេះ​ ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​បន្ថែម​ដល់​មន្រ្តី​របស់​ខ្លួន​ ​និង​បានអំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ទៅ​សមត្ថកិច្ចអំពី​សកម្ម​ភាព​ល្មើស​ពាក់ព័ន្ធ​នឹងផលិត​ផល​ក្លែងក្លាយ​ ​ឬ​ខូច​គុណភាព។​ ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សុវត្ថិភាព​ចំណី​អាហារ ​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ច្បាប់ដើម្បី​ធានា​ដល់​ការ​ត្រួត​ពិនិត្យ​ ​និង​គ្រប់គ្រង​ការ​នាំ​ចូល​ទំនិញ​ទាំងនោះ​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​អំពាវនាវ​ឲ្យមាន​ការ​ចូល​រួមពី​ប្រជាពល​រដ្ឋ ​ដោយ​រាយការណ៍ទៅ​សមត្ថកិច្ច​ អំពីទីតាំង​ផលិត​ ​សកម្មភាព ​ឬ​ផលិតផលក្លែងក្លាយ​នា​នា​ ​ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់ដល់​សុខភាព​ ​និង​សុវត្ថិភាព​សង្គម​ ​ដើម្បី​សមត្ថកិច្ច​អាច​ចាត់​វិធានការ​លើ​ជន​ល្មើសបានទាន់​ពេល។​

លោក​ ​មៀច សុផាន់ណា​ ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ ​ថ្លែង​បែប​នេះ​ក្នុងវគ្គ​បណ្តុះ​បណ្តាលស្តីពីការ​ស្រាវជ្រាវ​ ​និង​ស៊ើប​អង្កេតពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ​នៅ​ព្រឹក​ថ្ងៃ​ទី១៦​ ​ខែ​សីហា។ ​លោក​លើក​ឡើង​ថា​ ​ផលិត​ផល​ក្លែង​ក្លាយមួយ​ចំនួន​ដែល​កំពុង​ចរាចរ​លើ​ទី​ផ្សារ​មាន​ដូចជា​ ​ឱសថ​ ​គ្រឿង​សម្អាង​ ​ភេសជ្ជៈ​ ​និង​គ្រឿង​បរិភោគ ​ព្រម​ទាំង​គ្រឿង​បរិភោគ​ ដែល​លាយ​សារធាតុ​គីមី​ជា​ដើម​ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ​ទាំង​ក្នុង​រយៈពេល​ខ្លី ​និង​រយៈពេល​វែង។​ ​លោក​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​រាល់​ការ​ប្រើប្រាស់​ផលិត​ផល​ ដែល​កំពុង​ដាក់​លក់​លើទី​ផ្សារ​ ​និង​ត្រូវ​ជូនដំណឹង​មក​សមត្ថកិច្ច​ ​ប្រសិនបើ​សង្ស័យ​ថា​ មាន​ករណីផលិត​ ​និង​នាំចូល​ផលិតផល​ក្លែងក្លាយ​ទាំង​នោះ​ ​ដើម្បី​សមត្ថកិច្ច​ចាត់​វិធានការ​លើ​ជន​ល្មើស​ឲ្យ​បាន​ទាន់​ពេល។​

​លោកមៀច សុផាន់ណា​ ​អំពាវនាវ​យ៉ាង​ដូច្នេះ៖​ ​«ប្រជាពលរដ្ឋ​ ​អ្នកប្រើប្រាស់​ ​ក៏​ដូចជា​ក្រុមហ៊ុន​ដែលនាំចូល​របស់​ពិតប្រាកដ​ ​ដែល​មានគុណភាព​ ​ប្រសិ​នបើ​មាន​ព័ត៌មាន​អី​ ​គឺ​សហការ​ជាមួយគណៈកម្មាធិការ។​ ​យើងនឹ​ងប្រឹង​ប្រែង​ឲ្យ​ពេញ​ទំហឹងដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ ​ដើម្បី​ប្រយោជន៍​អ្នក​ប្រើប្រាស់​ ​ក៏​ដូច​ប្រយោជន៍​អ្នកផលិត​ និង​អ្នក​ដែលធ្វើ​ Business​ [អាជីវកម្ម] ​ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​ធ្វើ Business [អាជីវកម្ម] ប្រកប​របរ​ ​មុខ​ជំនួញដោយ​ជោគជ័យ​ ​ដោយ​មិន​ឲ្យ​យក​ប្រៀប​ធ្វើ​ឲ្យ​ខូច​ផល​ប្រយោជន៍​អ្នកផលិត​ ​តាមរយៈ​ការ​ក្លែង​ក្លាយ​ផលិតផល​របស់​គាត់​នោះ​ទេ»។

មន្ត្រី​រូប​នេះ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ផលិតផល​ក្លែង​ក្លាយ​មួយ​ចំនួន​ ​ក៏​អាច​បង្ករ​ឱ្យ​កើត​ជា​ជំងឺ​មហារីក និង​ប៉ះពាល់​សុខភាព​រយៈពេល​យូរផង​ដែរ។

«យើង​ហូប​ទៅ​មាន​ការ​វិល​មុខ​ ​មាន​ការ​ក្អួត​ចង្អោរ​ ​លាប​ប៉ះ​គ្រឿង​សម្អាង​នេះវា​ឡើង​កន្ទួល​ ​ដែល​យើង​ថាចេញ​អេលែកហ្ស៊ី​ ​ចេញ​ប្រតិកម្ម​ ​ហើយ​អាហ្នឹង​គឺ​ជា​ប្រតិកម្ម​រយៈ​ពេលខ្លី។​ ​រយៈពេល​វែង វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រលៀន​ ​ដល់​ថ្លើម​ បង្ក​ជា​មហារីក បង្ក​ជា​មេរោគ​ផ្សេងៗ​ដូច​ដែល​យើង​ស្តាប់​ឮ​ ហើយ​វាមានបាតុភាព​នៃ​ជំងឺ​ប្លែកៗ​ ចេញគីសក្នុង​នេះ​ក្នុង​នោះទៅ ក្នុង​ខួរក្បាល​ក៏​មាន អី​ក៏​មាន»។

បើតាម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ឲ្យ​ដឹង​ថា​ ​រយៈពេល​៧ខែ​ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ​សមត្ថកិច្ច​បាន​ផ្អាក​ការ​ចែកចាយ​ផលិតផល​មួយ​ចំនួន​ក្នុង​ទីផ្សារ​ ​ប្រមាណ​ជា​ជិត២០០​តោន​។​ ក្នុង​នោះ​មាន​ផលិតផល​ថ្នាំពេទ្យ​ ​គ្រឿង​សម្អាង​ ​និង​ផលិតផល​អាហារ​ជាដើម។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ​បាន​អំពាវ​នាវ​ឲ្យ​សាធារណជន​ផ្តល់ព័ត៌មាន​អំពី​ទីតាំង​ផលិត​ ​ឬ​ជន​ដែល​ផលិត​ ​ចែក​ចាយ​ផលិត​ផលក្លែង​ក្លាយធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​ភាព​ ​និង​សុវត្ថិភាព​សង្គម​ ​តាម​រយៈ​ទូរស័ព្ទ​លេខ​ ​០៨១ ៩៩៩ ៨០៨​ ​ឬ​តាម​រយៈ​អ៊ីមែល info@ccc.gov.kh ឬតាម​ទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ដែល​រាល់​ការជូន​ដំណឹង​នឹង​ត្រូវ​បាន​រក្សា​ការ​សម្ងាត់។​

​លោក​ ​ស ម៉ូរ៉ា​ ​ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ​ ​និង​សេវាកម្ម​កម្ពុជា​ប្រាប់​ ​VOA​ ​ថា​ ​លោក​សាទរ​ចំពោះ​ការ​ពង្រឹង​បន្ថែម​លើ​ការ​គ្រប់គ្រង​ផលិតផល​ក្លែងក្លាយ​ ​និង​ខូច​គុណភាព​នេះ។​ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​ចំណី​អាហារ​ ​និង​ផលិតផលដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កំពុង​ចរាចរ​ជា​ច្រើន​លើ​ទីផ្សារ​ ​ដោយសារ​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ទំនិញខូច​គុណភាព​ទាំង​នោះ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ។​

លោក ស ម៉ូរ៉ា​ ​បញ្ជាក់​ថា៖​

​«ប្រហែល​ជា​មាន​បញ្ហា​អំពើ​ពុករលួយ​ ​ឬ​ក៏​អី​ផ្សេងៗ​នៅ​លើ​បញ្ហា​ហ្នឹង​បាន​ជា​រឿង​ហ្នឹង​នៅ​តែ​កកើត​ឡើង​ដដែលៗ។​ ​ហើយ​ការ​អនុវត្តន៍​ច្បាប់​កន្លង​មក​ក៏​ប្រហែលជា​យើង​ដាក់ទោស​ទណ្ឌ​វា​ស្ទើរ​ពេក​ទៅ​ដល់​មន្រ្តីជន​ល្មើស​ហ្នឹង​ ​ឬក៏​ក្រោយ​ពីចាប់​ខ្លួន​អី​អញ្ចឹង​ទៅ​ ​គាត់​មិន​បាន​ដាក់​ទោស​ទណ្ឌ​ ​គាត់​នៅ​តែរួច​ខ្លួន​ដដែល។​ ​អញ្ចឹង​ហើយ​អ្នក​ផលិត​នូវទំនិញ​ ​ឬ​ក៏​ផលិត​ផល​ក្លែងក្លាយ​ ​ឬ​ក៏​អ្នក​ដែល​នាំចូល​ទំនិញ​ ឬ​ក៏​ផលិតផល​ក្លែងក្លាយ​ ​គេ​នៅ​តែ​បន្ត​នាំ​ដដែល»។​

លោក​ ​ស ម៉ូរ៉ា ​បន្ថែម​ថា​ ​រដ្ឋាភិបាល​ត្រូវពង្រឹង​បន្ថែមនូវ​សមត្ថភាព​របស់សមត្ថ​កិច្ច​ថ្នាក់​ក្រោម​ ​និង​ប្រព័ន្ធ​ច្បាប់​ ​ដើម្បី​ធានា​ដល់ការ​ត្រួត​ពិនិត្យ​ ​និង​គ្រប់គ្រង​ការ​នាំចូល​ទំនិញ​ទាំង​នោះ​ឲ្យទទួល​បាន​ប្រសិទ្ធ​ភាព៕

XS
SM
MD
LG