បាតុករបានធ្វើការដង្ហែក្បូនតាមដងផ្លូវនៅទីក្រុងនានាក្នុងប្រទេសប៉ាគីស្ថានដើម្បីតវ៉ាប្រឆាំងនឹងការពណ៌នារបស់ទស្សនាវដ្តីរូបត្លុក Charlie Hebdo របស់បារាំងទៅលើព្យាការី Muhammad របស់សាសនាឥស្លាម។
បាតុករភាគច្រើននៅថ្ងៃសុក្រនេះមិនបានប្រព្រឹត្តអំពើហិង្សាទេ លើកលែងតែករណីមួយនៅទីក្រុងកំពង់ផែភាគខាងត្បូង គឺ ទីក្រុង Karachi ដែលមានបាតុករប្រហែល២០០នាក់បានប៉ះទង្គិចជាមួយប៉ូលិសនៅក្រៅស្ថានកុងស៊ុលរបស់បារាំង។ បាតុករបានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលិសដែលព្យាយាមទប់ស្កាត់ពួកគេដោយបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។
អ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរងរបួសជាមួយមនុស្ស៣នាក់ទៀត។ បាតុករភាគច្រើនជានិស្សិត ដែលមានទំនាក់ទំនងជាមួយគណបក្សនយោបាយរបស់ក្រុម Jamaat-e-Islami។ រដ្ឋាភិបាលប៉ាគីស្ថានបានថ្កោលទោសការវាយប្រហារលើទស្សនាវដ្តី Charlie Hebdoនៅក្រុងប៉ារីសកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស១២នាក់ តែប្រជាជននៅប៉ាគីស្ថានភាគច្រើនដែលកាន់សាសនាមូស្លីម យល់ថា ទស្សនាវដ្តីនោះចំអកព្យាការី Muhammad ដែលនេះជាការប្រមាថខ្លាំងក្លាលើសាសនាឥស្លាម៕