គណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសអង់ហ្គោឡា បានប្តេជ្ញាតវ៉ាលទ្ធផលបោះឆ្នោតកាលពីថ្ងៃពុធទី ២៤ ខែសីហាកន្លងទៅ ស្របពេលដែលគណបក្សកាន់អំណាចនៅក្នុងប្រទេសនេះ កំពុងត្រៀមខ្លួនដើម្បីបន្តដឹកនាំប្រទេសរយៈពេលប្រាំឆ្នាំទៅមុខទៀត ដែលធ្វើឲ្យរយៈពេលគ្រប់គ្រងអំណាចរបស់គណបក្សនេះ មានចំនួនសរុប៥២ឆ្នាំហើយ។
ប្រធានាធិបតីកំពុងកាន់តំណែងលោក Joao Lourenzo នៃគណបក្សកាន់អំណាច«ចលនាប្រជាជនដើម្បីសេរីភាពអង់ហ្គោឡា» ឬហៅកាត់ថា MPLAបានឈ្នះអាណត្តិកាន់តំណែងរយៈពេល ៥ឆ្នាំជាលើកទីពីរ បន្ទាប់ពីទទួលបានសំឡេងគាំទ្រចំនួន ៥១ភាគរយ នៃសំឡេងឆ្នោតដែលត្រូវបានរាប់សរុបជាង ៩៧ភាគរយរួចមក នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃពុធ ទី២៤ ខែសីហាកន្លងទៅ។
គណបក្សប្រឆាំង UNITA បានច្រានចោលលទ្ធផលបោះឆ្នោតនេះ ដោយនិយាយថា លទ្ធផលនេះមិនអាចជឿទុកចិត្តបានទេ។ គណបក្សកាន់អំណាច MPLA បានបាត់បង់ការគាំទ្រ ស្របពេលដែលការគាំទ្រគណបក្សប្រឆាំងបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីការបោះឆ្នោតអាណត្តិមុនៗមក។
លោក Borges Nhamirre អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានសិក្សាផ្នែកសន្តិសុខ បាននិយាយថា រដ្ឋាភិបាលរបស់លោក Lourenzo ត្រូវតែផ្លាស់ប្តូររបៀបដឹកនាំរបស់ខ្លួន។ លោកបញ្ជាក់ដូចនេះថា៖
«នេះជាសារយ៉ាងច្បាស់មួយថា ជាងពាក់កណ្តាលនៃពលរដ្ឋអង់ហ្គោឡាមិនគាំទ្រគោលនយោបាយរបស់គណបក្ស MPLA នោះទេ ហើយយើងមានបញ្ហាដ៏ធំមួយនៅអង់ហ្គោឡា។ នោះគឺថា អ្នកឈ្នះការបោះឆ្នោតនឹងឈ្នះសំឡេងទាំងអស់។ ដូច្នេះ មានន័យថា មិនថាគណបក្សប្រឆាំងទទួលបានសំឡេងឆ្នោតគាំទ្រប៉ុន្មាននោះទេ គណបក្សកាន់អំណាច MPLA នឹងដឹកនាំប្រទេសតែម្នាក់ឯង។ ដូច្នេះគណបក្ស MPLA ឥឡូវនេះ ត្រូវស្តាប់ពលរដ្ឋទូទៅ មិនត្រឹមតែអ្នកគាំទ្រខ្លួននោះទេ ប៉ុន្តែពលរដ្ឋអង់ហ្គោឡាទាំងអស់។ ប្រសិនបើមិនដូចនោះទេ នោះរដ្ឋាភិបាលថ្មីដែលមានរយៈពេលប្រាំឆ្នាំទៀត នឹងជួបការលំបាក ហើយពលរដ្ឋនឹងធ្វើការប្រឆាំងតវ៉ា»។
គណបក្សប្រឆាំង UNITA បានលើកឡើងពីការខ្វះតម្លាភាពនៅក្នុងដំណើរការបោះឆ្នោត និងមិនយល់ស្របទៅនឹងលទ្ធផល ដែលបង្ហាញថា ពួកគេចាញ់ការបោះឆ្នោតនោះឡើយ។
គណបក្សប្រឆាំង ដែលដឹកនាំដោយលោក Adalberto Costa Junior និយាយថា ពួកគេបានធ្វើការបូកសំឡេងឆ្នោតដោយខ្លួនឯង ហើយត្រៀមនឹងចែករំលែកលទ្ធផលរបស់ពួកគេ។
ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតនេះ បានធ្លាក់ចុះ១០ភាគរយបើប្រៀបធៀបនឹងការបោះឆ្នោតអាណត្តិមុន នៅពេលដែលពួកគេទទួលបានសំឡេងឆ្នោតគាំទ្រតែ ៦១ភាគរយប៉ុណ្ណោះ។
គណបក្សកាន់អំណាច MPLA បានចាញ់ឆ្នោតនៅរដ្ឋធានីលូអង់ដា ដោយពលរដ្ឋជាង ៦០ភាគរយបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។
ក្រុមអ្នកជំនាញនិយាយថា ការបោះឆ្នោតប្រឆាំងគណបក្សកាន់អំណាច MPLA ក្នុងរដ្ឋធានីលូអង់ដា បង្ហាញថា ពលរដ្ឋម្ចាស់ឆ្នោតចង់ឲ្យមានការផ្លាស់ប្តូរនយោបាយមួយ។
លោក Nhamirre លើកឡើងថា នេះអាចជាសញ្ញានៃពេលវេលាដ៏លំបាកមួយសម្រាប់ពលរដ្ឋអង់ហ្គោឡាគ្រប់រូប។ លោកលើកឡើងដូចនេះថា៖
«ខ្ញុំគិតថានឹងមានការលំបាកសម្រាប់ពួកគេក្នុងការទទួលយកលទ្ធផលនេះ ហើយនេះនឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់គណបក្ស MPLA នៅក្នុងការដោះស្រាយជាមួយប្រជាជន។ តើគេត្រូវ បញ្ចុះបញ្ចូលអ្នកបោះឆ្នោតដ៏ច្រើន ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងនោះដោយរបៀបណា ដែលពេលនេះ គណបក្សកាន់អំណាច MPLA ត្រូវដឹកនាំពួកគេបន្តទៀតនោះ។ ខ្ញុំគិតថា នេះជាពេលវេលាដ៏លំបាកមួយ»។
គណបក្សនយោបាយទាំងពីរគឺជាគូប្រជែងនឹងគ្នា ចាប់តាំងពីអង់ហ្គោឡាទទួលបានឯករាជ្យពីប្រទេសព័រទុយហ្គាល់កាលពីឆ្នាំ ១៩៧៥មក។ ភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្រ្គាមស៊ីវិលអស់រយៈពេលជាង២៥ឆ្នាំ ដែលក្នុងនោះមានមនុស្សរាប់សែននាក់បានបាត់បង់ជីវិត។
អ្នករិះគន់គណបក្សកាន់អំណាច MPLA និយាយថា គណបក្សនេះខកខានក្នុងការធ្វើតាមការសន្យារបស់ខ្លួន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការលើកស្ទួយជីវភាពពលរដ្ឋចេញពីភាពក្រីក្រនោះ។
គណបក្សប្រឆាំងលើកឡើងថា ពួកគេនឹងប្រឆាំងតវ៉ាលើលទ្ធផលបោះឆ្នោតតាមមធ្យោបាយផ្លូវច្បាប់ និងបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ខណៈដំណើរការបោះឆ្នោតកំពុងបន្ត។
បើទោះបីជាយ៉ាងនេះក្តី ក៏អ្នកជំនាញមួយចំនួន និងសូម្បីតែគណបក្សប្រឆាំងបានចោទសួរថា តើតុលាការអាចកែប្រែលទ្ធផលឆ្នោតនេះបានដែរឬទេ ប្រសិនបើពួកគេរកឃើញភាពមិនប្រក្រតី និងភាពខុសច្បាប់នៅក្នុងដំណើរការបោះឆ្នោតនោះ។
អ្នកស្រី Aurea Mouzinho ដែលជាអ្នកសេដ្ឋកិច្ចនិងអ្នកអធិប្បាយនយោបាយមួយរូបនៅក្នុងរដ្ឋធានីលូអង់ដានិយាយថា គណបក្សប្រឆាំងមិនមានជម្រើសច្រើនទេ នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះ។
អ្នកស្រីលើកឡើងដូចនេះថា៖ «ការសម្របសម្រួលសំឡេងគាំទ្រ ៤២ភាគរយនៅដំណាក់កាលនេះប្រហែលមិនមានជារឿងដ៏ល្អបំផុតមួយចំពោះគណបក្សប្រឆាំង UNITA ទៅលើជំនឿទុកចិត្តដែលអ្នកបោះឆ្នោតបានផ្តល់មកលើពួកគេនោះឡើយ។ ការណ៍នេះអាចធ្វើឲ្យពួកគេបាត់បង់លទ្ធភាពឈ្នះការបោះឆ្នោតអាណត្តិក្រោយៗទៀត ខណៈពេលពលរដ្ឋអាចយល់ថា គណបក្សនេះយល់ស្របជាមួយនឹងអ្វីដែលគណបក្សកាន់អំណាច MPLA និងស្ថាប័នរបស់គណបក្សនេះ បានបំភ្លៃលើលទ្ធផលបោះឆ្នោត ជាជាងជំរុញឱ្យមានតម្លាភាពនិងភាពតំណាងឲ្យឆន្ទៈពលរដ្ឋប្រសើរជាងមុននោះ»។
គណៈកម្មាធិការរៀបចំការបោះឆ្នោតក៏ទទួលរងការរិះគន់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលផងដែរ ចំពោះការខ្វះតម្លាភាពរហូតដល់ថ្ងៃបោះឆ្នោត។
គណបក្សប្រឆាំង UNITA ត្រូវតវ៉ាលទ្ធផលបោះឆ្នោតទៅតុលាការធម្មនុញ្ញ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរួចហើយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា