ភ្នំពេញ ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយ ប្រទេសចិនបានបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជារហូតដល់ជាង៨,៨ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងបែបកុម្មុយនិស្តមួយនេះ ឈរនៅលំដាប់ទី១ក្នុងចំណោមវិនិយោគិននៅបរទេស។
របាយការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បង្ហាញថា ទំហំទឹកប្រាក់វិនិយោគនេះ គិតរាប់ចាប់ពីឆ្នាំ១៩៩៤រហូតមកទល់នឹងខែកញ្ញាឆ្នាំ២០១១តែប៉ុណ្ណោះ ដោយមិនបូកបញ្ចូលការវិនិយោគសំខាន់ៗចុងក្រោយរបស់ប្រទេសចិន នៅឆ្នាំ២០១២នោះទេ ជាពិសេសគម្រោងវិនិយោគរបស់ប្រទេសចិនធ្វើផ្លូវដែក ដែលភ្ជាប់ពីខេត្តព្រះវិហារមកកាន់ខេត្តកោះកុងប្រវែង៤០០គីឡូម៉ែត្រ ការសាងសង់កំពង់ផែ និងរោងចក្រស្លដែក។
គម្រោងទាំងនេះមានទឹកប្រាក់សរុប៩,៦ពាន់លានដុល្លារអាមេរិក។
មន្ត្រីCDCមិនធ្វើសេចក្តីអត្ថាធិប្បាយលើកំណើនវិនិយោគរបស់ប្រទេសចិននិងការវិនិយោគបរទេសនោះទេ។
លោកជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានឲ្យដឹងថា កំណើនវិនិយោគទុននេះកើតឡើងដោយសារតែកម្ពុជាមានច្បាប់ ដែលធានាដល់វិនិយោគគិន។
«យើងបានរៀបចំច្បាប់វិនិយោគសម្រាប់វិនិយោគគិនបរទេសដែលចង់មកវិនិយោគលើគ្រប់បែបយ៉ាងទាំងអស់ក្នុងប្រទេសយើង។ អញ្ចឹងបានជាគេចូលមកកាន់ប្រទេសកម្ពុជាយើង។ យើងមិនមែនខ្លាចអ្វីទេ ឲ្យតែគេចូលមកហើយគោរពច្បាប់ទម្លាប់ប្រទេសយើង។ តែអ្នកមិនគោរព យើងចាំបាច់ត្រូវតែឃាត់ឃាំង មិនឲ្យចូលក្នុងប្រទេសកម្ពុជាយើងទេ»។
របាយការណ៍របស់ CDC បង្ហាញថា ប្រទេសកូរ៉េគឺធ្វើការវិនិយោគច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសចិន ហើយលេខ៣គឺប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេសលំដាប់លេខ៤ និងសហរដ្ឋអាមេរិកស្ថិតក្នុងលេខរៀងទី៥ក្នុងចំណោមប្រទេសវិនិយោគច្រើនជាងគេនៅកម្ពុជា។
ដោយឡែកប្រទេសជប៉ុនដែលជាម្ចាស់ជំនួយធំជាងគេសម្រាប់កម្ពុជាជាប់ចំណាត់ថ្នាក់ទី១។
លោកដូហូ ឃីអូតាកាគឺជាប្រធានអង្គការស្តីទីប្រចាំប្រទេសកម្ពុជារបស់អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ហៅកាត់ថា ចិត្រូ។
លោកអូតាកាបន្តថា ភាគច្រើននៃក្រុមហ៊ុនមកពីជប៉ុនផ្តោតសំខាន់លើ ការសាងសងរោងចក្រអេឡិចត្រូនិច និងកម្មន្តសាលដែលចំនួនទឹកប្រាក់នៅមានទំហំតិច។
លោកអូតាកាពន្យល់ដូច្នេះថា៖
«៦០%នៃការវិនិយោគពីប្រទេសចិនផ្តោតលើវិស័យអចលនទ្រព្យ។ហើយ២៤% ឬ២៥%ផ្តោតលើរោងចក្រថមពល និងទំនប់វារីអគ្គិសនី។ ការវិនិយោគបែបនេះជាគម្រោងវិនិយោគទំហំធំ ត្រូវការប្រាក់វិនិយោគច្រើន។ ប៉ុន្តែសម្រាប់វិនិយោគពីជប៉ុនវិញគឺផ្តោតលើរោងចក្រអេឡិចត្រូនិច និងកម្មន្តសាល នេះនៅមានចំនួនទឹកប្រាក់តិចនៅឡើយ»។
លោកជាម យៀបបញ្ជាក់ផងដែរថា ចំពោះវិនិយោគពីប្រទេសផ្សេងទៀត ជាពិសេសមកពីប្រទេសជប៉ុន នៅមានចំនួនតិច ដោយហេតុថា រាល់ការវិនិយោគទាំងអស់របស់ប្រទេសជប៉ុនទាមទារពេលវេលាច្រើន មុនពេលវិនិយោគ។
ប៉ុន្តែលោកជាម យៀបក៏បានបញ្ជាក់ថា នៅឆ្នាំចុងក្រោយនេះ វិនិយោគពីប្រទេសជប៉ុនមានការកើនឡើង។ ហើយថ្មីៗនេះ មានក្រុមហ៊ុនជប៉ុនថ្មីប្រហែល៦០ទៀតបានមកវិនិយោគនៅកម្ពុជា។
លោកបណ្ឌិតកង ចាន់តារារ័ត្ន ដែលជានាយកវិទ្យាស្ថានអភិវឌ្ឍន៍កម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា។ លោកបណ្ឌិតបានសម្តែងការសារទរចំពោះកំណើននៃវិនិយោគទុនពីបរទេសមកកាន់ប្រទេសកម្ពុជា។
«វាជារឿងមួយល្អដែរ ដែលយើងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគទុនពីបរទេស មិនចាំបាច់តែចិន កូរ៉េទេ ឲ្យតែមានលុយសម្រាប់វិនិយោគ។ប៉ុន្តែឲ្យតែវិនិយោគ ហើយមានលក្ខណៈជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចរីកចម្រើនបន្តទៀត ដូចជាការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពលផ្នែកកសិកម្មជាដើម។
របាយការណ៍របស់ CDC បង្ហាញថា វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍បានទាក់ទាញការវិនិយោគទុនពីបរទេសច្រើនជាងគេ ហើយក្នុងនោះ ប្រទេសចិនផ្តោតសំខាន់លើវិស័យអភិវិឌ្ឍន៍ធនធានធម្មជាតិ ចម្ការកៅស៊ូ និងទេសចរណ៍។
លោកបណ្ឌិតកង ចាន់តារារ័ត្នយល់ថា ស្ថិរភាពនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង កត្តាដែលកម្ពុជាស្ថិតក្នុងសហគមន៍អាស៊ាន និងលំនឹងសេដ្ឋកិច្ចកម្ពុជាបានជួយលើកទឹកចិត្តដល់ការបណ្តាក់ទុនបរទេសនៅកម្ពុជា។
ប៉ុន្តែរបាយការណ៍អភិវឌ្ឍន៍ប្រចាំឆ្នាំ ២០១១-២០១២របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវហៅកាត់ថា CDRI ឆ្នាំ២០១២បានឲ្យដឹងថា អំពើពុករលួយជាឧបសគ្គធំជាងគេសម្រាប់ការវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជា៕