អ្នកតាមដានវាយតម្លៃថា ការផ្លាស់ទីកងទ័ពរបស់កូរ៉េខាងជើងទៅជួយវិមានរដ្ឋាភិបាលក្រឹមឡាំង ធ្វើសង្គ្រាមនៅអ៊ុយក្រែននឹងធ្វើឱ្យមានការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ដែលនឹងជំរុញឱ្យមានភាពតានតឹងខ្លាំង ហើយមិនអាចរកច្រកចេញចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ទាហានកូរ៉េខាងជើងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថា បានចូលទៅដល់ទឹកដីប្រទេសរុស្ស៊ី ដែលបានបញ្ឆេះសង្គ្រាម ដោយមិនបង្កហេតុ អស់រយៈពេលជាងពីរឆ្នាំនៅអ៊ុយក្រែន ដែលធ្លាប់ជាផ្នែកមួយរបស់អតីតសហភាពសូវៀត។
របាយការណ៍នេះត្រូវបានបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយចារកម្មកូរ៉េខាងត្បូងក៏បានបញ្ជាក់ឱ្យដឹងដែរថា កងពលតូចចំនួនបួននៃកងកម្លាំងពិសេសកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការហ្វឹកហ្វឺន និងចូលរួមក្នុងសមរភូមិសង្គ្រាមនៅអ៊ុយក្រែន។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជាក់ពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក រ៉ូ វណ្ណៈ ប្រាប់វីអូអេថា នៅក្នុងប្រព័ន្ធនយោបាយអន្តរជាតិ អតុល្យភាពអំណាចអាចបង្ខំឱ្យរដ្ឋនានា ដូចជារុស្ស៊ី របបផ្តាច់ការកូរ៉េខាងជើងនិងចិនធ្វើទំនើបកម្មយោធា និងចងសម្ព័ន្ធមិត្តដើម្បីតតាំងនឹងសណ្តាប់ធ្នាប់នយោបាយដែលមានស្រាប់ ពោលគឺប៉ូលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការអូតង់។
បើតាមអ្នកជំនាញរូបនេះ ការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើងទៅជួយរុស្ស៊ីនឹងធ្វើឱ្យ មានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី អាស៊ីខាងកើត និងជាពិសេសឧបទ្វីបកូរ៉េ។
លោកថ្លែងថា៖ «អ៊ីចឹងអាការចូលរួមរបស់កូរ៉េខាងជើងទៅក្នុងសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែននេះ វាអាចនឹងធ្វើឱ្យមានបម្រែបម្រួលភូមិសាស្ត្រនយោបាយខ្លាំងក្លានៅក្នុងតំបន់អាស៊ី ជាពិសេសអាស៊ីខាងកើត។ អ៊ីចឹងឧបទ្វីបកូរ៉េអាចនឹងជួបនូវភាពរំជើបរំជួលផ្នែកសន្តិសុខ ដែលគេព្រួយបារម្ភថា សង្គ្រាមលោកលើកទី៣អាចផ្ទុះនៅអាស៊ី ជាជាងផ្ទុះនៅអឺរ៉ុប»។
បើតាមលោក រ៉ូ វណ្ណៈ សង្គ្រាមទ្រង់ទ្រាយធំអាចផ្ទុះឡើងក្រោយការបញ្ជូនទ័ពរបស់កូរ៉េខាងជើងទៅជួយរុស្ស៊ី ខណៈថា ការកៀរគរសម្ព័ន្ធមិត្តរបស់រុស្ស៊ីគឺក្នុងគោលបំណងអូសបន្លាយសង្គ្រាម ដែលលោកថា រុស្ស៊ីនឹងទាញបានប្រយោជន៍ច្រើនពីការអូសបន្លាយសង្គ្រាមមួយនេះ។
ពាក់ព័ន្ធនឹងជំហរកម្ពុជា និងអាស៊ានជារួម លោក រ៉ូ វណ្ណៈ អះអាងថា កម្ពុជានិងអាស៊ានចង់ឃើញស្ថានភាពតំបន់មានស្ថិរភាព និងសន្តិភាព។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា កម្ពុជាក្តីជំហររបស់អាស៊ានក្តីគឺចង់ឃើញស្ថានភាពរបស់អន្តរជាតិនៅមានសន្តិភាព ចង់ឃើញប្រព័ន្ធអន្តរជាតិនៅមានស្ថិរភាព ហើយក៏ចង់ឃើញប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ដែរ។ អ៊ីចឹងមានន័យថា កម្ពុជាក្តី អាស៊ានក្តីគឺថា ចង់ឃើញការដោះស្រាយជម្លោះនេះដោយសន្តិវិធី ចង់ធ្វើម៉េចឱ្យភាគីជម្លោះចូលតុចរចាដើម្បីបញ្ចប់សង្គ្រាម ដើម្បីចៀសវាងធ្វើម៉េចកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ប្រាប់វីអូអេថា លោកមិនមានយោបល់អ្វីពាក់ព័ន្ធនឹងរឿងកូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៊ីទេ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បាននៅឡើយទេ។
ចំណែកអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់លោក រ៉ឹម សុខវី យល់ថា វាជាក្តីបារម្ភមួយ បើសិនជារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបញ្ជូនកងទ័ពទៅរុស្ស៊ីមែន។ ជាក្តីបារម្ភដោយសារតែការបញ្ជូនទ័ពនេះ អាចធ្វើឱ្យសង្គ្រាមរីករាលដាល ខណៈប្រទេសមួយចំនួនក៏តាមឃ្លាំមើល ហើយបង្ហាញក្តីបារម្ភចំពោះការប្រែប្រួលយុទ្ធសាស្ត្រសឹកសង្គ្រាមថ្មីមួយនេះ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងអាការព្រួយបារម្ភនេះ វាអាចធ្វើឱ្យប្រទេសទាំងអស់នេះពិចារណានៅក្នុងការចូលរួម បានន័យថា support (គាំទ្រ) អ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា មានភស្តុតាងដែលថា ទាហានកូរ៉េខាងជើងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើនៅទីនោះ «ជារឿងមិនច្បាស់លាស់»។
លោក Austin បានលើកឡើងពី«ទំនាក់ទំនងកាន់តែរឹងមាំ»រវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយកត់សម្គាល់ថា កូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។
លោក Austin បាននិយាយថា៖ «ប្រសិនបើពួកគេជាអ្នកសហការបះបោរ ប្រសិនបើពួកគេមានបំណងចង់ចូលរួមក្នុងសង្រ្គាមជំនួសរុស្ស៊ី នោះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុត ហើយវានឹងមានផលប៉ះពាល់មិនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ វាក៏នឹងជះឥទ្ធិពលដល់អ្វីៗនៅក្នុងប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។
កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីថ្ងៃចន្ទឱ្យរិះគន់លើការសម្រេចរបស់កូរ៉េខាងជើងក្នុងការបញ្ជូនទាហានរាប់ពាន់នាក់ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលស្រង់ប្រភពពីក្រសួងការបរទេសកូរ៉េខាងត្បូងដែលបានអំពាវនាវឱ្យមានការដកកងទ័ពកូរ៉េខាងជើងចេញពីរុស្ស៊ីជាបន្ទាន់។
កូរ៉េខាងត្បូងបានសម្ដែង«ក្ដីបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការបញ្ជូនកងទ័ពកូរ៉េខាងជើងថ្មីៗនេះទៅកាន់ប្រទេសរុស្ស៊ី និងបានជំរុញយ៉ាងខ្លាំងឱ្យមានការដកទាហានកូរ៉េខាងជើងចេញពីរុស្ស៊ីជាបន្ទាន់»។ នេះបើយោងតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Kim Hong-kyun ដែលបានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Georgiy Zinoviev។
លោក Kim Hong-kyun បាននិយាយថា កិច្ចសហប្រតិបត្តិការយោធាណាមួយរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើងគឺរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា បានប្រាប់វីអូអេថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ីជា «ព័ត៌មានមិនពិត»។
ដោយឡែក លោក ស៊ឺន សម អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថា កូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៊ី ធ្វើឱ្យស្ថិរភាពតំបន់ និងពិភពលោកកាន់តែតានតឹងឡើងៗ។ លោកបានគូសបញ្ជាក់ថា របបដឹកនាំកូរ៉េខាងជើងធ្វើបែបនេះគឺបង្ហាញពីការតាំងចិត្តរបស់កូរ៉េខាងជើងចំពោះរុស្ស៊ី លើការអនុវត្តកិច្ចព្រមព្រៀងយោធាដែលបានធ្វើឡើងកាលពីកន្លងទៅ។
លោកថ្លែងថា៖ «អ៊ីចឹងទេ សម្រាប់បញ្ហានៅក្នុងឧបទ្វីបកូរ៉េ ខ្ញុំអាចនិយាយបានថាបើសិនជាមានបញ្ហាណាមួយកើតឡើងនៅក្នុងឧបទ្វីបកូរ៉េ ប្រទេសដែលលូកដៃមុនគេគឺប្រទេសរុស្ស៊ីតែម្តង ដោយរុស្ស៊ីគាត់នឹងលូកដៃដើម្បីបង្ហាញនូវសន្តានចិត្តចំពោះកូរ៉េខាងជើងវិញ ចំពោះការដែលកូរ៉េខាងជើងបានជួយខ្លួន»។
បើតាមលោក ស៊ឺន សម កូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៊ីមានគោលបំណងដូចជាធ្វើឱ្យកងទ័ពរបស់ខ្លួនដែលកម្រធ្វើការវាយប្រយុទ្ធ បានអនុវត្តជាក់ស្តែងនៅក្នុងសមរភូមិសង្គ្រាមនៅអ៊ុយក្រែន និងជាការបង្ហាញពីការស្ម័គ្រស្មោះរបស់ខ្លួនចំពោះលោកប្រធានាធិបតី Vladimir Putin។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ប្រទេសកូរ៉េខាងជើងមានកងទ័ពចំនួន ១,២ លាននាក់ ដែលជាកងទ័ពត្រៀមដ៏ធំបំផុតមួយក្នុងចំណោមកងទ័ពប្រទេសធំៗនៅក្នុងពិភពលោក ប៉ុន្តែប្រទេសនេះមិនបានប្រយុទ្ធក្នុងជម្លោះទ្រង់ទ្រាយធំចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។ អ្នកជំនាញចោទសួរថា តើទាហានកូរ៉េខាងជើង នឹងជួយរុស្ស៊ីបានកម្រិតណា។ អ្នកជំនាញលើកឡើងពីការខ្វះខាតបទពិសោធន៍ប្រយុទ្ធ។
អ្នកជំនាញនិយាយថា កូរ៉េខាងជើងចង់បានការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី និងការជួយរបស់រុស្ស៊ីដើម្បីធ្វើទំនើបកម្មប្រព័ន្ធសព្វាវុធហួសសម័យ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាអាវុធបច្ចេកវិទ្យាខ្ពស់របស់រុស្ស៊ីមកឱ្យកូរ៉េខាងជើង៕
វេទិកាបញ្ចេញមតិ