ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគរំពឹងថា កាណាដានឹងជំរុញឱ្យប្រជាធិបតេយ្យកម្ពុជាប្រសើរឡើងពេលបើកស្ថានទូត


នាយក​រដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពីថ្ងៃទី​១០ តុលា ឆ្នាំ២០២៤។(REUTERS/Athit Perawongmetha)
នាយក​រដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពីថ្ងៃទី​១០ តុលា ឆ្នាំ២០២៤។(REUTERS/Athit Perawongmetha)

អ្នកជំនាញ​ផ្នែកកិច្ចការតំបន់​រំពឹង​ថា កាណាដា​នឹង​ជំរុញ​ឱ្យ​ស្ថានភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប្រសើរ​ឡើង នៅពេល​ប្រទេសលទ្ធិប្រជាធិបតេយ្យ​ដ៏ធំមួយនេះបើកស្ថានទូត​លើទឹកដីកម្ពុជា​។​

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​កាណាដា នៅ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេសឡាវ​កាលពី​សប្តាហ៍​មុន​ ​នាយក​រដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau ប្រាប់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា កាណាដាគ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​កាណាដាប្រចាំ​នៅ​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាង​មុខ​។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​ស្តីពី​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​របស់​លោក​ ហ៊ុន ម៉ាណែត ​ចេញ​កាល​ពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៤។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​ សេង វណ្ណលី យល់ថា កាណាដាតែងចាប់អារម្មណ៍ក្នុង​ការ​ពង្រីក​ចំណង​មិត្តភាព និង​ពាណិជ្ជកម្មជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ស្របពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​កើតមាន។ លោក​ថា ​គម្រោង​នៃ​ការ​បើក​ស្ថានទូត​កាណាដា​នៅកម្ពុជា នឹង​ធ្វើឱ្យទំនាក់ទំនងការទូត និង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរកាន់​តែ​ប្រសើរ។

លោកនិយាយ​ថា៖ «ដើម្បីធ្វើម៉េចការពារ​កុំឱ្យ​មានភាព​រអាក់រអួល​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់ ក៏​ដូចជា​ការធ្វើវិនិយោគ ដូច្នេះ​កាណាដាត្រូវតែពង្រីកការវិនិយោគ​របស់គាត់​ទៅប្រទេស​ដទៃទៀត ការពារ​នៅពេល​សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កើនឡើង វាប៉ះពាល់​ដល់លំហូរ ឬ​សង្វាក់ផ្គត់ផ្គង់​ផលិតកម្ម​ដែល​កាណាដា​រកស៊ីនៅចិន។ ដូច្នេះ​គោលបំណង​នៃ​ការ​បើក​ស្ថានទូត​នេះ​គឺបង្ហាញ​ពីចំណងទាក់ទង​ផ្នែកការទូតកើនឡើង ក៏ដូចជាការ​ចាប់​អារម្មណ៍​របស់​កាណាដា​ក្នុងការ​ពង្រីកការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាងប្រទេស​ក្នុង​តំបន់អាស៊ាន»។

គម្រោង​នៃ​ការ​បើក​ស្ថានទូតកាណាដា​ប្រចាំកម្ពុជា ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​ស៊ុយអែត ​កាលពីចុងខែកញ្ញា ឆ្នាំ​២០២៤ បាន​ប្រកាស​បិទការិយាល័យ​ស្ថានទូត​របស់​ខ្លួនប្រចាំ​ទីក្រុង​ភ្នំពេញ​ជា​ផ្លូវការ ក្រោយ​ដក​ស្ថានទូត​ចេញ​កាលពី​កម្ពុជា​កាលពី​ចុងឆ្នាំ​២០២១។

​មុន​នឹង​សម្រេច​បិទ​ស្ថានទូត​ ​ស៊ុយអែត​បាន​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ២០ ​លាន​ដុល្លារ​អាមេរិក ​ទៅ​ជា​ជំនួយគាំទ្រសិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​នីតិរដ្ឋ​វិញ ដោយរដ្ឋាភិបាល​ស៊ុយអែត​បញ្ជាក់​នាពេលនោះ​ថា​ លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មានការ​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ។

បើទោះបីស៊ុយ​អែត​ដែល​ជាប្រទេស​ប្រជាធិបតេយ្យ​ធំមួយបាន​សម្រេច​បិទ​ស្ថានទូត និង​ការិយាល័យស្ថានទូត​របស់​ខ្លួននៅ​កម្ពុជាក្តី ​អ្នកជំនាញ​កិច្ច​ការ​តំបន់​យល់​ថា ស៊ុយអែត​ជាប្រទេសផ្តោត​លើជំនួយ​ច្រើនជាង​ពាណិជ្ជកម្ម ដែល​ខុស​ពីកាណាដា មាន​ទំហំ​ពាណិជ្ជកម្ម​ច្រើន​ជាមួយកម្ពុជា។​

លោក សេង វណ្ណលី រំពឹងថា ការ​បើក​ស្ថាន​ទូតកាណាដា​ប្រចាំ​កម្ពុជា ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការ​រិះគន់​ខ្លាំង​ពី​ការ​ថយចុះ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ហាក់បង្ហាញ​ថា កាណាដាយកចិត្តទុកដាក់លើរឿង​ពាណិជ្ជកម្ម​ច្រើនជាង។ ទោះយ៉ាង​ណា​លោក​រំពឹងថា កាណាដា​នឹង​អាចជំរុញ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យនៅ​កម្ពុជា​ប្រសើរ​ឡើង​ ដោយសារ​កាណាដាជាប្រទេស​គិតគូរ​ពីប្រជាធិបតេយ្យខ្លាំង និង​មានទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ច្រើន​គួរសម។

ចំណែក​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់​លោក ​ឯក ប៊ុនលី​ យល់ឃើញ​ដែរថា ការ​ប្រកាស​គម្រោង​បើក​ស្ថានទូត​នៅ​កម្ពុជា គឺ​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​របស់​រដ្ឋាភិបាល​កាណាដាក្នុ​ង​ការពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាស៊ាន​ទាំងមូល​ ដើម្បីឆ្លើយតប​ទៅនឹង​ទំនាក់ទំនង​ល្អក់​កករ​រវាង​កាណាដា ​និង​ចិន​ជុំវិញ​ការអនុវត្ត​ពាណិជ្ជកម្ម​នាពេលថ្មីៗនេះ។

នាយក​រដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពីថ្ងៃទី​១០ តុលា ឆ្នាំ២០២៤។ TANG CHHIN SOTHY/Pool via REUTERS
នាយក​រដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពីថ្ងៃទី​១០ តុលា ឆ្នាំ២០២៤។ TANG CHHIN SOTHY/Pool via REUTERS

លោកបន្ថែម​ថា ក្នុង​ពេល​បច្ចុប្បន្ន ប្រទេស​កាណាដា​ហាក់សង្កត់​ធ្ងន់​ខ្លាំង​លើ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ចជាមួយ​កម្ពុជា ហើយ​នឹងសកម្មពាក់ព័ន្ធនឹង​ប្រជា​ធិបតេយ្យ និងសិទ្ធិមនុស្ស​នា​ពេល​ខាងមុខ​។

លោកបញ្ជាក់ថា៖​ «​នៅពេលដែលកិច្ចសហប្រតិបត្តិការរវាងប្រទេស​កាណាដា និង​ប្រទេសកម្ពុជា​កាន់​តែ​ស្អិត​រមួត​ជាង​នេះនា​ពេល​អនាគត កាណាដាទំនងជានឹងមានភាព​កាន់តែ​សកម្ម​ក្នុងស្ថានភាពប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនៅប្រទេស​កម្ពុជា។ ដូច្នេះនៅ​ដំណាក់​កាលដំបូង​ដូចជាពេលនេះជាដើម​ ការធានាខ្សែចង្វាក់ទំនាក់ទំនង ការបង្កើត​ស្ថាប័ន​ការទូត និង​ធ្វើឱ្យប្រាកដ​ប្រជា​រវាងប្រទេស​កាណាដា និងប្រទេស​កម្ពុជា គឺជា​រឿង​មួយ​ដែលខ្ញុំគិត​ថា​ជា​អាទិភាពចម្បងរបស់រដ្ឋាភិបាល​ទាំងពីរនៅពេលនេះ»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យធំៗ​ដូចជា​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ​និង​អង្គការ​សហប្រជាជាតិ​ជា​ដើម បានរិះគន់​កម្ពុជា​ជាបន្ត​បន្ទាប់​ពីការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស ដោយសារការ​កើនឡើង​នូវ​ការបំបិទ​សិទ្ធិ​បញ្ចេញមតិ ការធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ជាដើម។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់រដ្ឋាភិបាល​កម្ពុជា​តែង​ការពារថា កម្ពុជា​ជាប្រទេស​នីតិរដ្ឋ និងគោរព​លទ្ធិប្រជា​ធិប​តេយ្យ​ពេញ​លេញ។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក David Verbiwski ភារធារី​នៃ​ការិយាល័យ​ស្ថានទូត​កាណាដា​ប្រចាំ​រាជធានី​ភ្នំពេញ និង​លោកស្រី​ Ping M. Kitnikone ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសកាណាដា​ប្រ​ចាំកម្ពុជា​ ដែលមាន​ទីលំនៅ​នៅ​ទីក្រុង​បាងកក ប៉ុន្តែ​អ្នកទាំងពីរមិនទាន់​ឆ្លើយ​តប។​

អ្នក​នាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ​ប្រាប់វីអូអេ​តាម​បណ្តាញ​សង្គមតេឡេក្រាម​នៅ​ថ្ងៃទី​១៥ ខែតុលា​ថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិ​ការ​រវាងកម្ពុជា និងកាណាដាមានការរីកចម្រើនគួរឱ្យកត់សំគាល់ ទាំង​ផ្នែក​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការបោសសំអាត​មីន ព្រមទាំងការកើន​ឡើងខ្លាំង​នូវ​ចំនួន​អ្នក​ទេសចរណ៍​កាណាដា​នៅកម្ពុជា​។​

លោក​បន្ថែម​ថា សម្រាប់​ពេលវេលានៃការ​បើក​ស្ថានទូតកាណាដា​នៅកម្ពុជា គឺអាស្រ័យទៅ​លើ​ការសម្រេច​របស់​ភាគីកាណាដា ហើយក្រសួងការបរទេស​កម្ពុជា​ត្រៀមផ្តល់ការគាំទ្រ និង​ការសម្រប​សម្រួលពេញលេញ​។

កាណាដា​ជាប្រទេស​ប្រជាធិបតេយ្យធំមួយ និង​មាន​ទំហំពាណិជ្ជ​កម្មជាមួយ​កម្ពុជាសរុបជិត​ ៨៩៦ លានដុល្លារ ដោយគិត​ចាប់ពី​ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ​ ការនាំចេញ​ទំនិញ​ពីកម្ពុជា​ទៅកាន់ប្រទេសកាណាដាមាន​ទំហំ​ទឹកប្រាក់​ជិត​ ៨៥០​ លាន​ដុល្លារ ហើយ​ការនាំចូល​ទំនិញ​ពី​កាណាដាមកកម្ពុជាមានជាង​ ៤៧​ លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG