ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​នៅ​កម្ពុជា៖ បញ្ហា​សន្តិសុខ​តាន​តឹង​នឹង​ត្រូវ​លើកមក​ជជែក​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន


រូបឯកសារ៖ ទិដ្ឋភាព​នៃមជ្ឈមណ្ឌល​សន្និបាតជាតិ​ មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាព​នៃមជ្ឈមណ្ឌល​សន្និបាតជាតិ​ មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ខណៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤និង​ទី​៤៥ ​ខិត​ជិត​មក​ដល់​ អ្នក​វិភាគ​នៅ​កម្ពុជា​មើល​ឃើញ​ថា​ បញ្ហា​សំខាន់ៗ​ដែល​មេ​ដឹកនាំ​អាស៊ាន​និង​ពិភព​លោក​នឹង​លើក​យក​មក​ពិភាក្សា ​មាន​ដូច​ជា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា ​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន ​សង្គ្រាម​ស៊ីវិល​នៅ​ភូមា ​និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤​និង​ទី​៤៥ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៨ ​ដល់​ទី​១១​ ខែ​តុលា ​ឆ្នាំ​២០២៤ ​នៅ​រដ្ឋធានី​វៀងចន្ទន៍​ ប្រទេស​ឡាវ ​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​អាស៊ាន។ ​មេ​ដឹកនាំ​អាស៊ាន​ រួម​មាន​ទាំង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ផង​ដែរ​ នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នោះ។​

អ្នក​វិភាគ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ​ថ្លែង​ថា​ បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី ​និង​អ៊ុយក្រែន​ និង​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ គឺ​ជា​ក្តី​បារម្ភ​សម្រាប់​អាស៊ាន​និង​កម្ពុជា ​ដែល​លោក​ថា ​កម្ពុជា​និង​អាស៊ាន​ត្រូវ​បង្ហាញ​ជំហរ​យ៉ាង​ម៉េច​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន​ ដូច​ជារុស្ស៊ី​ជាដើម។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ចាប់​អារម្មណ៍​រឿង​បញ្ហា​សកល ​សន្តិសុខ​សកល។​ នេះ​ជាកិច្ច​ការ​មួយ​ដែល​អាស៊ាន​ក៏​ត្រូវ​ជំពាក់​ជំពិន​ឬ​ក៏​ត្រូវ​ចូលរួម​សម្តែង​នូវ​ជំហរ។​ ឧទាហរណ៍​ថា​ សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ថា​តើ​អាស៊ាន​ឬ​កម្ពុជា​ឈរ​ជំហរ​ណា ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​មិត្ត​ដៃគូ។ ​ឧទាហរណ៍​អ៊ីស្រាអែល​ឬ​ក៏​អ៊ីរ៉ង់​ជា​ដើម ​កម្ពុជា​មាន​ទំនាក់​ទំនង។​ អ៊ីចឹង​អាហ្នឹង​គឺ​ជា​កិច្ច​ការ​មួយ​ដែល​តំបន់​អាស៊ាន​មាន​ក្តី​បារម្ភ»។​

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ជម្លោះ​ជា​មួយ​ចិន ​និង​វិបត្តិ​នៅ​ភូមា​ក៏​នឹង​ត្រូវ​លើក​យក​មក​ជជែក​គ្នា​ផង​ដែរ។​

លោក​បន្ថែម​ថា​ បញ្ហា​នៅ​កូរ៉េ​ខាង​ជើង​ក៏​ជា​ចំណុច​មួយ​ដែល​មេ​ដឹកនាំ​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «ចំណុច​មួយ​ទៀត​គឺ​តំបន់​អាស៊ាន​ ហើយ​នឹង​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​កូរ៉េ​ខាងជើង​ដែល​យើង​ឃើញ​មាន​ឯក​អគ្គ​រដ្ឋទូត​កូរ៉េខាង​ជើង​ទើប​ជួប​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ថ្មីៗ​នេះ​ក៏​ជា​កិច្ច​ការ​មួយ​ដែល​ត្រូវ​ជជែក​ឬ​ត្រូវ​លើក​យក​មក​ជជែក ​ជាកិច្ច​ការ​មួយ​បន្ទាប់​បន្សំ​មួយ​ដែរ»។

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ដែល​មាន​គំនិត​ដូច​គ្នា​ផ្សេង​ទៀត​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​ជា​ការ​ឆ្លើយ​តប នាវា​ចិន​បាន​បង្កើន​ការ​អះអាង​ដ៏​គឃ្លើន​អំពី​ការ​ទាមទារ​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ដណ្តើម​គ្នា​ដ៏​ក្តៅ​គគុក ​ដោយ​សាក​ល្បង​ការ​តាំង​ចិត្ត​របស់​ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​វៀតណាម ​ដែល​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន។​
កាល​ពី​ពេល​ថ្មីៗ​នេះ ​ប្រទេស​ហ្វីលីពីន​បាន​ថ្កោល​ទោស​ប្រទេស​ចិន​ដែល​គេ​ថា​ បាន​វាយ​ប្រហារ​លើ​អ្នក​នេសាទ​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ​វៀតណាម​បាន​ចោទ​ប្រកាន់ ​«កង​កម្លាំង​អនុវត្ត​ច្បាប់​របស់​ចិន»​ ថា​ បាន​ប្រើ​ដំបង​ដែក​វាយ​ដំ​លើ​អ្នក​នេសាទ​វៀតណាម ​១០​នាក់ ​និង​ប្លន់​ត្រី​ និង​ឧបករណ៍​នេសាទ​ពី​អ្នក​នេសាទ​ទាំង​នោះ​ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​នៅ​ជិត​ប្រជុំ​កោះ ​Paracel។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​ធ្វើ​ឡើង​នា​សប្តាហ៍​នេះ​ក្នុង​ប្រទេស​ឡាវ ​ក៏​នឹង​មាន​ជំនួប​កំពូល​អាស៊ី​ខាង​កើត​ដែល​មាន​ប្រទេស​មហា​អំណាច​ចូល​រួម ​ក្នុង​នោះ​មាន​អាមេរិក ​ចិន​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ ឥណ្ឌា ​និង​រុស្ស៊ី​ជា​ដើម។​ រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ លោក ​Antony Blinken ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​សប្តាហ៍​នេះ ​ជំនួស​លោក​ប្រធានាធិបតី ​Joe Biden។​

សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង​មុខ​នេះ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត ​ក៏​នឹង​ចូលរួម​ផង​ដែរ​ ដែល​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​បន្ទាប់​ពី​លោក​កាន់​តំណែង​ជាង​១​ឆ្នាំ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃ​ទី​៥​ ខែ​តុលា ​ឆ្នាំ ​២០២៤​ លោក ហ៊ុន ម៉ាណែត​ នឹង​ត្រូវ​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ​សុខ ចិន្តាសោភា​ និង​មន្ត្រី​សំខាន់ៗ​នៃ​រដ្ឋាភិបាល​ ព្រម​ទាំង​តំណាង​វិស័យ​ឯកជន​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖​ «កិច្ច​ប្រជុំ​កំពូល​ ក្រោម​មូល​បទ ​«អាស៊ាន៖ ​ការ​ពង្រឹង​ការ​ត​ភ្ជាប់​ និង​ភាពធន់» ​នឹង​ផ្តោត​ទៅ​លើ​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ​និង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ខាង​ក្រៅ​របស់​អាស៊ាន​ តាម​រយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ ក្នុង​គោល​ដៅ​លើក​កម្ពស់​ការ​ត​ភ្ជាប់ ​និង​ភាព​ធន់​នៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​ ក៏​ដូច​ជា​ដោះ​ស្រាយ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​បញ្ហា​ប្រឈម​បច្ចុប្បន្ន ​និង​ដែល​កំពុង​កើត​មាន»។​

ក្រៅ​ពី​នេះ​ លោក​ ហ៊ុន ម៉ាណែត​ ក៏​នឹង​មាន​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​អាស៊ាន​និង​ពិភពលោក​មួយ​ចំនួន​ ដើម្បី​រឹត​ចំណង​ទ្វេ​ភាគី​បន្ថែម។​ នេះ​បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា។​

អ្នក​វិភាគ​គោល​នយោបាយ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក ​ស៊ឺន សម ​ប្រាប់​វីអូអេ​ថា​ កន្លង​ទៅ​ កម្ពុជា​ធ្វើ​បាន​ល្អ​ពាក់ព័ន្ធ​នឹង​ជំហរ​របស់​ខ្លួន​ ដោយ​ឈរ​នៅ​លើ​ស្មារតី​នៃ​សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ជំរុញ​ឱ្យ​កម្ពុជា​កាន់​ខ្ជាប់​តាម​គោល​ការណ៍​អាស៊ាន​និយម​ និង​គោល​ការណ៍​អង្គការ​សហ​ប្រជាជាតិ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ទេ ​ការ​គោរព​ទៅ​តាម​ធម្មនុញ្ញ​អាស៊ាន​ ការ​គោរព​ទៅ​តាម​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ​គឺ​ជា​ចំណុច​សំខាន់​ ហើយ​ក៏​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ដ​ទៃ​ហ្នឹង​មិន​រិះគន់​កម្ពុជា​ផង​ដែរ»។​

ទោះជា​យ៉ាង​ណា ​លោក​ថា​ កម្ពុជា​គួរ​តែ​ធ្វើ​អ្វី​ដោយ​ផ្អែក​ទៅ​តាម​ផល​ប្រយោជន៍​ និង​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ។​

កម្ពុជា​ត្រូវ​បាន​អ្នក​រិះគន់​មួយ​ចំនួន​លើក​ឡើង​ថា ​កាន់​តែ​សិ្នទ្ធ​នឹង​ប្រទេស​ចិន​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ កម្ពុជា​នឹង​គាំទ្រ​ចិន​នៅ​លើ​ឆាក​អន្តរ​ជាតិ។​

លោក​ ហ៊ុន ម៉ាណែត​ ដែល​ទើប​បង្ហាញ​មុខ​លើក​ដំបូង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ​កាល​ពី​ឆ្នាំ​២០២៣​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ធ្លាប់​ថ្លែង​ថា ​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​រវាង​មហា​អំណាច​កាន់​តែ​តឹង​តែង​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ​និង​ពិភព​លោក​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ ​លោក​បន្ថែម​ថា​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​សន្តិភាព​ សន្តិសុខ ​និង​ការ​រីក​ចម្រើន​របស់​អាស៊ាន​ទាំង​មូល៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG