ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោកស្រី Clinton ដេញដោល​មតិ​គ្នា​រឿង​បញ្ហា​សេដ្ឋកិច្ច និង​តួនាទី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ពិភពលោក


បេក្ខជន​ប្រធានាធិបតី​គណ​បក្សសាធារណរដ្ឋ​លោក​ Donald Trump និង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី Hillary Clinton ជជែកតស៊ូមតិ​នៅ​សាកល​វិទ្យាល័យ​ Hofstra ទីក្រុង Hempstead បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ ទី​២៦ កញ្ញា ឆ្នាំ ២០១៦។​ (AP Photo/David Goldman)
បេក្ខជន​ប្រធានាធិបតី​គណ​បក្សសាធារណរដ្ឋ​លោក​ Donald Trump និង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី Hillary Clinton ជជែកតស៊ូមតិ​នៅ​សាកល​វិទ្យាល័យ​ Hofstra ទីក្រុង Hempstead បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ ទី​២៦ កញ្ញា ឆ្នាំ ២០១៦។​ (AP Photo/David Goldman)

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និង​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton បាន​លើក​ឡើង​ពី​គោល​នយោបាយ​ផ្ទុយ​គ្នា​របស់​ពួកគេ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​ក្រៅ​ប្រទេស នៅ​ចំពោះ​មុខ​អ្នក​បោះ​ឆ្នោត​នានា​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្រប​ពេល​ដែល​ពួកគេ​ត្រៀម​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​តទល់​គ្នា​លើក​ទី​មួយ ក្នុង​ចំណោម​ការ​ពិភាក្សា​ដេញ​ដោល​ទាំង​បី​លើក ដែល​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ចូល​មក​ដល់។

លោក Trump បាន​បញ្ជាក់​ឡើង​វិញ​ចំពោះ​ការ​អះអាង​របស់​លោក ដែល​ថា លោកស្រី Clinton ខ្វះ​នូវ​ភាព​រឹងមាំ​អត់​ធន់​ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី។ លោក​បាន​និយាយ​ថា គោល​នយោបាយ​របស់​លោកស្រី Clinton បាន​បង្កើត​នូវ​បញ្ហា​ជា​ច្រើន​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម ដែល​ក្នុង​នោះ​មាន​ទាំង​ការ​គំរាមកំហែង​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ផង​ដែរ។

ចំណែក​ឯ​លោកស្រី Clinton វិញ លោកស្រី​បាន​បង្ហាញ​ថា គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក Trump គឺ​សំដៅ​បំពេញ​ចិត្ត​ពួក​អ្នក​មាន​ច្រើន​ជាង​អ្នក​មាន​ជីវភាព​មធ្យម។ លោកស្រី​បាន​លើក​ឡើង​ថា លោក Trump មិន​ចង់​បង្ហាញ​ឯកសារ​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​ផ្ទាល់​ខ្លួន​របស់​លោក​ដល់​សាធារណជន​ទូទៅ​ឲ្យ​បាន​ដឹង គឺ​ដោយសារតែ​លោក​មិន​មាន​ទ្រព្យ​សម្បត្តិ​ហូរហារ​ដូច​ដែល​អ្វី​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​នោះ​ទេ ឬ​ក៏​លោក​មាន​បំណង​លាក់​បាំង​អ្វី​មួយ ដែល​អាច​មាន​ទំនាស់​ផល​ប្រយោជន៍ ប្រសិន​បើ​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​នោះ។

លោកស្រី Clinton បាន​និយាយ​លើក​សរសើរ​ខ្លួន​លោកស្រី​អំពី​បទពិសោធន៍​របស់​លោកស្រី​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ច្រើន​ជាង ១០០​ប្រទេស នៅ​ជុំវិញ​ពិភពលោក និង​បទពិសោធន៍​របស់​លោកស្រី​នៅ​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​សន្តិភាព និង​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​ផ្សេងៗ ពេល​ដែល​លោកស្រី​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី Barack Obama កាន់​តំណែង​នៅ​អាណត្តិ​ទី​មួយ។

លោក Trump បាន​ឆ្លើយតប​វិញ​ថា បទពិសោធន៍​ដែល​លោកស្រី Clinton មាន គឺ​ជា «បទពិសោធន៍​អាក្រក់‍»។ លោក​បាន​រិះគន់​យ៉ាង​ខ្លាំងៗ​ចំពោះ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​មហា​អំណាច ៥ ផ្សេង​ទៀត បាន​ប្រឹងប្រែង​ចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ដាក់​កម្រិត​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ប៉ុន្តែ​លោកស្រី Clinton ថា កិច្ច​ព្រមព្រៀង​នេះ ជា​ឧទាហរណ៍​នៃ​កិច្ចការ​ទូត​ដ៏​មាន​ប្រសិទ្ធភាព​ដែល​បាន​រារាំង​ដំណើរ​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​គ្រាប់​បែក​បរមាណូ។

ការ​ដេញដោល​តទល់​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​លើក​ទី​ពីរ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៩ ខែ​តុលា។ ចំណែក​ឯ​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ គឺ​លោក Mike Pence មកពី​គណបក្ស​សាធារណរដ្ឋ និង​លោក Tim Kaine មកពី​គណបក្ស​ប្រជាធិបតេយ្យ នឹង​ធ្វើ​ការ​ដេញដោល​តទល់​គ្នា​តែ​មួយ​លើក​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា​ខាង​មុខ​នេះ៕

XS
SM
MD
LG