ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីតៃវ៉ាន់អាចបង្ហាញពីចេតនារបស់លោក Xi


រូបឯកសារ៖ រូបភាពចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua បង្ហាញ​អតីតប្រធានាធិបតីចិនលោក Ma Ying-jeou ចូលរួមពិធីបុណ្យ​ឧទ្ទិសកុសលដល់​ជីតាលោក នៅស្រុក Xiangtan ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ រូបភាពចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua បង្ហាញ​អតីតប្រធានាធិបតីចិនលោក Ma Ying-jeou ចូលរួមពិធីបុណ្យ​ឧទ្ទិសកុសលដល់​ជីតាលោក នៅស្រុក Xiangtan ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក​ Ma Ying-jeou ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​រយៈពេល ១១ ថ្ងៃ​នៅ​ដើម​ខែ​មេសា។

ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមបញ្ចូល​ការ​ឈប់នៅ​ក្នុង​ខេត្ត ​Guangdong (ក្វាងទុង) ​ដែល​នៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្ត Shaanxi ​និង​រដ្ឋធានី​ប៉េកាំង ​ជា​កន្លែង​ដែល​លោក Ma ​ត្រូវ​បាន​រាយការណ៍​ថា​ អាច​នឹង​ជួប​ជាមួយ​មេដឹកនាំ​ចិន​ លោក ​Xi Jinping។

អ្នក​ជំនាញ​ខ្លះ​និយាយ​ថា ​ប្រសិន​បើ​កិច្ចប្រជុំ​កើត​ឡើង​នោះ​ មិន​ត្រឹមតែ​លោក Xi​ អាច​ប្រើ​វា​ដើម្បី​បញ្ជូន​សញ្ញា​ទៅ​កាន់​កោះ​តៃវ៉ាន់ ​និង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​អាច​ជួយ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ស្វែងយល់​បន្ថែម​អំពី​ចេតនា​របស់​លោក​ Xi​ ចំពោះ​កោះ​នេះ។

កាលពី​ចុង​ខែ​មីនា ​ការិយាល័យ​របស់​លោក Ma ​បាន​ប្រកាស​ថា​ ដំណើរ​ទស្សនកិច្ច​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​ ១​ ខែ​មេសា។ ការ​ធ្វើ​ដំណើរ​នេះ​នឹង​រួមបញ្ចូល​ការ​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​ Sun Yat-sen ​ក្នុង​ខេត្ត Guangdong ​ពិធី​ថ្វាយ​បង្គំ​ព្រះចៅ​អធិរាជ​លឿង​នៅ​វិហារ​ Shaanxi Huangdi ​និង​ការ​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​ប៉េកាំង។

គេហទំព័រ​ព័ត៌មាន​អនឡាញ​របស់​តៃវ៉ាន់​ The Storm Media ​បាន​រាយការណ៍​ថា ​ជំនួប​រវាង​លោក​ Ma ​និង​លោក Xi ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ៨​ ខែ​មេសា។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ លោក Hsiao Hsu-tsen ​នាយក​មូលនិធិ​វប្បធម៌​ និង​អប់រំ​ Ma Ying-jeou បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​តាម​វិទ្យុ​កាលពី​ថ្ងៃទី ​២៦​ ខែ​មីនា​ថា ​កម្មវិធី​លម្អិត​នៅមិន​ទាន់​ត្រូវ​បាន​សម្រេច​ចុងក្រោយ​នៅ​ឡើយ​ទេ។

លោក Lu-chung Weng ​សាស្ត្រាចារ្យ​រង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Sam Houston State ​បាន​ប្រាប់ VOA ​ភាសា​ចិន​កុកងឺ​ក្នុង​ការ​ឆ្លើយ​តប​តាម​អ៊ីមែល​ថា ​ប្រសិន​បើ​លោក​ Ma និង​លោក​ Xi ​ពិតជា​បាន​ជួប​គ្នា​មែន​ លោក Xi​ ប្រហែល​ជា​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​បញ្ជាក់​ពី​គោលការណ៍​ចិន​តែមួយ​របស់​ទីក្រុង​ប៉េកាំង​ ហើយ​ថា​ ការ​ឯកភាព​ឆ្នាំ​ ១៩៩២​ នៅតែ​ជា​មូលដ្ឋាន​សម្រាប់​ការទាក់ទង​គ្នា និង​ការសន្ទនា​ឆ្លង​ច្រក​សមុទ្រ។

លោក​បាន​និយាយ​ថា៖​ «សញ្ញា​ដែល​លោក Xi ​ចង់​ផ្ញើ​ទៅកាន់​ភាគី​ទាំងពីរ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ គឺ​ដើម្បី​បញ្ជាក់​ថា ​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី​នៅ​តែ​ជា​អាទិភាព​របស់​ទីក្រុង​ប៉េកាំង​ ហើយ​អ្នកណា​ក៏ដោយ​ដែល​ទទួល​យក​គោលការណ៍​ចិន​តែ​មួយ​អាច​ចរចា​គ្នា​បាន។ និយាយ​ត្រង់​ទៅ​ វា​ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា​ ប្រសិន​បើ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ Lai Ching-te​ ទទូច​មិន​ទទួល​យក​ការ​ឯកភាព​ឆ្នាំ​ ១៩៩២ ​ជា​គោល​របស់​ចិន​តែមួយ​នៅ​ក្នុង​សុន្ទរកថា​បើក​សម្ពោធ​ចូល​កាន់​តំណែង​របស់​លោក​នៅថ្ងៃទី២០​ ខែ​ឧសភា ​វា​នឹង​ពិបាក​សម្រាប់​ភាគី​ទាំងពីរ​ក្នុង​ការ​សន្ទនា។ និយាយ​ម្យ៉ាង​ទៀត​គឺ លោក Xi ​នឹង​ប្រើ​ទស្សនកិច្ច​លោក Ma ​ដើម្បី​បញ្ជាក់​ថា​ «ការ​ឯកភាព​ឆ្នាំ​១៩៩២» គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​ទាក់ទង​គ្នា»។

ទោះបីជា​លោក Ma ​បាន​ទទួល​យក​ «ការ​ឯកភាព​ឆ្នាំ​ ១៩៩២»​ ខណៈ​ពេល​ដែល​លោក​កាន់​តំណែង​ក៏ដោយ ​ប្រធានាធិបតី​បច្ចុប្បន្ន​អ្នកស្រី​ Tsai Ing-wen ​មិន​បាន​ធ្វើតាម​ទេ​ ហើយ​ប្រទេស​ចិន​ផ្អាក​វិស័យ​ទេសចរណ៍ ​និង​ការទាក់ទងផ្សេងៗ​ទៀត​ជា​ការ​ឆ្លើយ​តប។ លោក​ Lai​ ដែល​មកពី​គណបក្ស​ដូចគ្នា​ជាមួយ​អ្នកស្រី​ Tsai ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដើរ​តាម​មាគ៌ា​របស់​អ្នកស្រី។

សម្រាប់​អ្នកខ្លះ​ «ការ​ឯកភាព​ឆ្នាំ ១៩៩២»​ គឺ​ដូចគ្នា​នឹង​ការ​ទទួល​យក​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ដែល​ថា​ កោះ​តៃវ៉ាន់​ដែល​បាន​គ្រប់គ្រង​ខ្លួន​តាម​បែប​ប្រជាធិបតេយ្យ​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។ អ្នក​ផ្សេង​ទៀត​ជឿ​ថា​ វា​អាច​ត្រូវ​បាន​បកស្រាយ​ថា​ មាន​ប្រទេស​ចិន​តែមួយ​ ដែល​មាន​ទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​សាធារណរដ្ឋ​ចិន​ ដែល​ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់​ មាន​សេរីភាព​ក្នុង​ការកំណត់​អត្ថន័យ។

លោក Weng ​បាន​និយាយ​ថា ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ ​លោក Xi​ ក៏​អាច​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ ​អំពី​ការឈ្លានពាន​របស់​ចិន​មក​លើ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ ២០២៧។ មន្ត្រី​អាមេរិកាំង​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ទីក្រុង​ប៉េកាំង​បាន​បញ្ជា​ឱ្យ​រៀបចំ​យោធា​របស់​ខ្លួន​នៅ​ឆ្នាំ​នោះ​ ដើម្បី​ឈ្លានពាន​តៃវ៉ាន់។

លោក​ឧត្តមនាវីឯក​ John Aquilino​ មេបញ្ជាការ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ក្នុង​អំឡុង​សវនាការ​សភា​កាលពី​ចុងខែមីនា​ ថា​ ទោះបីជា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ធ្លាក់​ចុះ​ក៏ដោយ​ ក៏​កងទ័ព​រំដោះ​ប្រជាជនចិន​នៅតែ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​យ៉ាង​សកម្ម។ លោក​បាន​និយាយ​ថា ​រាល់​សញ្ញា​បង្ហាញ​ថា ​កងទ័ព​រំដោះ​ប្រជាជន​ចិន​កំពុង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក Xi ក្នុង​ការ​ត្រៀម​ខ្លួន​វាយលុក​តៃវ៉ាន់​នៅ​ឆ្នាំ ២០២៧។ លោក Weng ​បាន​និយាយ​ថា ​កិច្ចប្រជុំ​លោក​ Ma និង​លោក​ Xi​ នឹង​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​អំពី​ផែនការ​របស់​ទីក្រុង​ប៉េកាំង​សម្រាប់​កោះ​តៃវ៉ាន់។

លោក Weng ​បាន​និយាយ​ថា៖ «ប្រសិន​បើ​លោក Xi ​ពិតជា​បាន​ជួប​ជាមួយ​អតីត​ប្រធានាធិបតី​លោក​ Ma ​សហរដ្ឋ​អាមេរិក​អាច​ប្រាកដ​ថា​ បញ្ហា​ប្រឈម​របស់​លោក Xi ​ពិតជា​មិន​តូច​ទេ។​ វា​ក៏​នឹង​បញ្ជូន​សញ្ញា​មួយ​ថា ​លោក​នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ «ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី»​ ហើយ​ថា​លោក​នឹង​មិន​ចាត់វិធានការ​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​នេះ​ទេ។

លោក​បាន​បន្ថែម​ថា​ នេះ​មិនមែន​មាន​ន័យ​ថា ​ប្រទេស​ចិន​នឹង​មិន​ផ្លាស់ប្តូរ​ផ្លូវ​របស់​ខ្លួន​នា​ពេល​អនាគត​នោះ​ទេ ​ប៉ុន្តែ​យ៉ាងហោចណាស់​សម្រាប់​ពេលនេះ​ «សហរដ្ឋ​អាមេរិក​អាច​ប្រើប្រាស់​កិច្ចប្រជុំ​ រវាង​លោក​ Ma​ និង​លោក​ Xi ​ដើម្បី​កំណត់​ថា ​នៅ​តែ​មាន​ពេលវេលា​ដើម្បី​រៀបចំ​ក្នុង​រយៈពេល​ខ្លី​ខាងមុខ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Ma ​ទៅ​ប្រទេស​ចិន​កើត​ឡើង​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​មុន​ការ​ចូល​កាន់​តំណែងរបស់​ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te។ ពិធី​សម្ពោធ​របស់​លោក Lai ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២០​ ខែ​ឧសភា ​ហើយ​មនុស្ស​ជាច្រើន​នឹងពិនិត្យ​មើល​សុន្ទរកថា​របស់​លោកដើម្បី​រក​សញ្ញា​នៃ​វិធី​ដែល​លោក​នឹង​ទាក់ទង​ជាមួយ​ប្រទេស​ចិន។

អ្នកស្រី​ Chiaoning Su ​សាស្ត្រាចារ្យ​នៅ​ដេប៉ាតឺម៉ង់​សារគមនាគមន៍ សារព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​សាកលវិទ្យាល័យ​ Oakland ​ក្នុង​រដ្ឋ Michigan ​បាន​ប្រាប់​ VOA ​ភាសា​ចិន​កុកងឺ​ថា​ ខណៈ​ដែល​សុន្ទរកថា​បើក​សម្ពោធ​របស់​លោក Lai​ នឹង​ផ្តល់​អាទិភាព​ដល់​កិច្ចការ​ក្នុង​ស្រុក​ ក៏​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​នឹង​ផុស​ឡើង​ដោយ​ជៀស​មិន​រួច។

អ្នកស្រី​បាន​បន្ត​ថា៖ «លោក​ Lai Ching-te បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​នឹង​បន្ត​ក្របខណ្ឌ​របស់​អ្នកស្រី​ Tsai Ing-wen។ លោក​នឹង​ស្វាគមន៍​ការសន្ទនា​និង​ការ​ផ្លាស់ប្តូរ​កាន់តែ​ជិតស្និទ្ធ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សមភាព​និង​សេចក្តី​ថ្លៃថ្នូរ​ដោយភាគី​ទាំងពីរ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​ថា ​លោក​មិន​ចង់​ឱ្យ​ជម្លោះ​ណាមួយ​កើត​ឡើង​ទេ‍»។

អ្នកស្រី​បន្ថែម​ថា ​លោក​ Lai ​«នឹង​រក្សា​សំឡេង​នេះ ​និង​ធ្វើ​ការ​សន្យា​មួយ​ចំនួន​ទាក់ទង​នឹង​គោលនយោបាយ​ឆ្លង​ច្រក​សមុទ្រ​របស់​លោក»៕

ប្រែសម្រួលដោយ លោក ម៉ែន គឹមសេង

XS
SM
MD
LG